ចំនួនអ្នកស្លាប់បានកើនដល់១៧នាក់ដោយការបាក់ដីនៅឥណ្ឌូនេស៊ី

ក្រុមប៉ូលីស និងអ្នកជួយសង្រ្គោះបានយកសាកសព ចេញបន្ទាប់ពីមានការបាក់ ដីនៅភូមិមួយជិតក្រុង Banjarnegara ខេត្ត Java កណ្តាល។

ចំនួនមនុស្ស​ស្លាប់​ដោយសារ​ការ​បាក់ដី​មួយ​ដែល​បាន​បំផ្លាញ​ភូមិ​ដាច់ស្រយាល​មួយ ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី បានកើន​ទ្បើង​ពី​៨​នាក់​ទៅ​ដល់​យ៉ាង​ហោច​ណាស់​១៧​នាក់​ហើយ នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ទាញ​យក​សាកសព​ថែម​ទៀត​ពី​ភក់​និង​ កម្ទេចកម្ទី។

មានមនុស្ស​ជិត​១០០​នាក់​នៅ​បាត់​ខ្លួននៅ​ទ្បើយចាប់តាំង​ពី​មាន​ការ​បាក់ដី ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែលបណ្តាល​មក​ពីភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ ក្នុង​ភូមិ Jemblung ស្រុក​ Banjarnegara ខេត្ត Java កណ្តាល។​ភក់​បានបំផ្លាញ​ផ្ទះ​ជាង​១០០​ខ្នង។​មនុស្សរាប់រយ​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​ទីនោះ។​

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន​និយាយ​ថា​មនុស្ស​១៥​នាក់​ត្រូវបាន​សង្គ្រោះ។​មនុស្ស​ ១១នាក់​ក្នុង​បណ្តាជន​ទាំងនេះ​បាន​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល ​ការ​ព្យាបាល។​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា​មនុស្ស​រាប់រយ​នាក់​ដោយ​មាន​ រួម​បញ្ចូល​ទាំងប៉ូលីស ទាហាន​និងអ្នកស្រុក​បាន​គាស់​កកាយ​ភក់និង​កម្ទេចកម្ទី​ដោយ​ប្រើ​ដៃ​ទទេរ ប៉ែល​និង​ចបកាប់​ដើម្បី​រកជន​ដែល​បាត់​ខ្លួន។​

មាន​ភ្លៀង​ធ្លាក់​ថែម​ទៀតនៅ​ថ្ងៃ​សៅរ៍នេះ​ដែល​បាន​បង្អាក់​កិច្ចប្រឹងប្រែង​ ជួយសង្គ្រោះ។​គេ​បាន​យក​គ្រឿង​ឧបករណ៍​ធុន​ធ្ងន់​ដើម្បី​ជួយ​ក្នុង​ការ​ស្វែង​រក​។​

រដូវភ្លៀង ​ចាប់​ផ្តើម​ហើយ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី ដែល​ជា​ពេល​វេលា​មួយ​មាន​ការ​បាក់ដីច្រើន​ដែលបណ្តាល​មក​ពី​ភ្លៀង​ឆ្លាក់​ខ្លាំង​និង​ទឹកជំនន់៕