ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ភ័យ​ប្រទេស​​ឥណ្ឌូនេស៊ី​បាត់បង់​ព្រៃឈើ


របៀប​រស់នៅ​តាម​របៀប​ប្រពៃណី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កំពុងតែ​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​កាប់​ព្រៃឈើ​។
របៀប​រស់នៅ​តាម​របៀប​ប្រពៃណី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កំពុងតែ​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​កាប់​ព្រៃឈើ​។
សំឡេង នៃ​ត្រាក់ទ័រ​ឈូសឆាយ​ និង​ម៉ាស៊ីន​អារ​ឈើ​បាន​បំបាត់​ភាព​ស្ងៀម​ស្ងាត់​នៃ​អ្វី​ដែល​ធ្លាប់​ជា​ព្រៃ​ស្រោង​ត្រូពិច​ដ៏​ធំ​មួយ​នៃ​ខេត្ត​ Aceh​របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ឥឡូវ​ដី​នេះ​ត្រូវ​បាន​ឈូសឆាយ​និង​កម្ទេច​ ហើយ​រង់​ចាំ​ការ​ដាំ​ដុះ​ដូង​ប្រេង។

សកម្មជន​បរិស្ថាន​មាន​ការព្រួយ​បារម្ភ​អំពី​ផែនការ​រដ្ឋាភិបាលដែល​ ពួកគេ​និយាយ​ថា​ ខេត្ត​ Aceh ​នឹង​បើក​តំបន់​អភិរក្ស​ព្រៃឈើ​ដើម្បី​កាប់​ឈើ​រុករក​រ៉ែ​និង​ដាំ​ដូង​ប្រេង។

ក្រុម​មន្រ្តី​នៅ​ក្នុង​រដ្ឋាភិបាល​កណ្តាល​បាន​ព្យាយាម​បន្ធូរ​បន្ថយ​ ការភ័យ​ខ្លាច​ដោយ​និយាយ​ថា​ គម្រោង​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ប៉ុណ្ណោះ​ដល់​ព្រៃ​ការពារ។ លោក​ MAS Achmad Santosa ដែល​ជា​អ្នក​មើល​ការខុស​ត្រូវ​កិច្ចការ​ផ្នែក​ច្បាប់​សម្រាប់​ក្រុម​អ្នកធ្វើការ​ឲ្យ​លោកប្រធានាធិបតី​ ដែល​ធ្វើការ​ត្រួត​ពិនិត្យ​ក្នុង​ការអភិវឌ្ឍព្រៃឈើ​បាន​មាន​ប្រសាសន៍​ថា៖ «បាទ វា​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ប៉ុន្តែ​វា​មិន​ដូច​នឹង​ចំនួន​ដែល​បាន​រាយការណ៍​ជា​សាធារណៈ​ទេ។ យើង​ក៏​បាន​ជំរុញ​ឱ្យ​អភិបាល​ខេត្ត​ផ្តួច​ផ្តើមការ​សិក្សា​វាយ​តម្លៃ​កម្មវិធីបរិស្ថាន​របស់​លោក។ អញ្ចឹង​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អភិបាល​ខេត្ត​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ថា​ កន្លែង​ណា ​គួរ​តែ​មាន ​សកម្ម​ភាព​សេដ្ឋ​កិច្ច​ហើយ​កន្លែង​ណា​គួរ​ជា​តំបន់​អភិរក្ស​ដែល​គួរតែ​ត្រូវ​បាន​ការពារ​ជាដើម»។

កាលពី​ដើម​ខែ​មិថុនា​លោក​ប្រធានាធិបតី ​Susilo Bambang Yudhoyono ​បាន​ឱ្យ​ដឹង​ថា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មិន​គួរ​ប៉ះពាល់​និរន្តរភាព​បរិស្ថាន​ទេ​ ហើយ​គាត់​បាន​ណែនាំ​រដ្ឋាភិបាល​តាម​តំបន់​ឲ្យ​ប្រតិបត្តិ​តាម​ច្បាប់​ជាតិ។

ប៉ុន្តែ ​អ្នក​បរិស្ថាន​បាន​និយាយ​ថា​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​គឺ​មិន​មែន​គ្រាន់​តែ​លើ​ការ​បាត់បង់​ព្រៃ​ឈើ​ទេ ​ក៏​ប៉ុន្តែ​បញ្ហា​ដែល​នឹង​បង្ក​ឡើង​ដោយ​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ខេត្ត​ Aceh ។

លោក​ Yuyun Indradi ដែល​បាន​ធ្វើការ​ជាមួយ​ក្រុម​តស៊ូ​មតិ​បរិស្ថាន​ដែល​ហៅ​ថា​Greenpeace​ ​បាន​និយាយ​ថា៖ «ភាគ ​ច្រើន​នៃ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​ការពារ​ទាំង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ ភ្នំ​នៅ​លើ​ទី​ជម្រាល​ក្បាលទឹក​ខាង​លើ​ ប្រសិន​បើ​តំបន់​ការពារ​ត្រូវ​បាន​បើក​ វា​នឹង​បង្កើត​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ កង្វះ​ខាត​ទឹក​ និង​ទឹក​ជំនន់​ឡើង​ចុះ​រហ័ស»។

កោះស៊ូម៉ាត្រា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បាត់បង់ព្រៃឈើ​ជិត​ពាក់​កណ្តាល​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ 30 ឆ្នាំ​កន្លង​មក​នេះ។ អ្នក​អភិរក្ស​បាន​និយាយ​ថា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ឆាប់​រហ័ស​បាន​ជួយ​ ជំរុញ​ឲ្យ​មាន​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ហើយ​អាច​បណ្តាល​ឱ្យ​ប្រភេទ​សត្វ ​មួយ​ចំនួន​ផុត​ពូជ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ខាងមុខ។ ពួកគេ​ក៏​បាន​ព្រមាន​ថា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នឹង​បង្ក​គ្រោះថ្នាក់​ដល់ការ​ផ្គត់ផ្គង់​ទឹក​រួម​ទាំង​ការជន់​លិច​និង​អាច​រំខាន​ដល់​សហគមន៍​ ដែល​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួកគេ។

លោក Muhammad Uria ​ជា​សកម្មជន​របស់​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ជួយ​សង្រ្គោះ​ព្រៃឈើ​នៅ​ ជុំវិញ​ខេត្ត​ Aceh Tamiang​ទី​ដែល​មាន​ការ​កាប់​ឈើ​យ៉ាង​ឆាប់រហ័ស​ បំផុត​របស់​ខេត្ត​នេះ។

គាត់​បាន​និយាយ​ថា​៖«នេះ​គឺ​ជា​តំបន់​ដ៏​សំខាន់​មួយ​ ពីព្រោះ​វា​ជា​តំបន់​អាងទឹក។ វា​ចាំបាច់​ត្រូវការ​អភិរក្ស ព្រោះ​នៅ​ពេល​ដែល​ព្រៃ​ឈើ​ត្រូវ​បាន​ កាប់​បំផ្លាញ​វា​បណ្តាល​ឱ្យ​មាន​ការ​ជន់​លិច»។

លោក​Uria​បាន​បន្ថែម​ទៀត​ថា​ឥឡូវ​នេះ​គ្រាន់​តែ​ភ្លៀង​ធ្លាក់​ពីរ​ម៉ោង​អាច​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ដ៏​ធំ​បាន​នៅ​ក្នុង​ភូមិ។

សប្តាហ៍​មុន Uria ​និង​សមាជិក​សហគមន៍​ដទៃ​ទៀត​បាន​ចូល​ជួប​អ្នកតំណាង​រាស្ត្រ​ក្នុង​ មូលដ្ឋាន​និង​បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​ដោះ​ស្រាយ​ការកាប់​បំផ្លាញ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ទាន់​មាន​ការ​ឆ្លើយតប​ណា​មួយ​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​កាលពី​ខែ​មុនរដ្ឋាភិបាល​ខេត្ត​ Aceh ​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​បរិស្ថាន​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ​រួម​ទាំង​ Greenpeace ​ផងដែរ​។ ជំនួប​នោះ​បាន​បន្ធូរ​បន្ថយ​ការភ័យខ្លាច​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​អាច​រីក​រាលដាល។

លោក​ប្រធានាធិបតី​ Yudhoyono ​បាន​ទទួល​ស្គាល់​ការប្រឈម​មុខ​របស់​រដ្ឋាភិបាល​របស់​លោក។ នៅ ​ក្នុង​ឆ្នាំ 2011 ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ការបញ្ឈប់ការអនុញ្ញាត​ ឈូស​ឆាយ​ព្រៃ​ឈើ​ថ្មី​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ 2015 ។ ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា​ការ​ហាម​ឃាត់​នេះ​គ្រាន់តែ​ការពារ​ព្រៃ​មួយ​ចំនួន​តូច​របស់​ប្រទេស​នេះ​ហើយ​ត្រូវ​បាន​អនុវត្ត​មិន​បាន​ល្អ។

លោកSantosa ​មក​ពី​ក្រុម​ការងារ​លោក​ប្រធានាធិបតី​ បាន​ទទួល​ស្គាល់​ថា​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​បំពាន​ច្បាប់​និងនិយាយ​ថា​ ការងារ​របស់​គាត់​គឺ​លើក​ទឹក​ចិត្ត​រដ្ឋា​ភិ​បាល​នៅ​ក្នុង​ខេត្ត Aceh ​ក្នុង​ការផ្តល់​នូវ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​រឹងមាំ។

លោក​និយាយថា៖ «យើង​ត្រូវ​តែ​ធានា​ឲ្យ​ប្រាកដ​ថា​មិន​មាន​អន្ដរាគមន៍​នយោបាយ គ្មាន​អន្ដរាគមន៍​លុយ​ គ្មាន​អន្តរាគមន៍​ពី​អ្នក​មាន​អំណាច»។

ស្ថានភាព​នេះ​គឺ​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់ខេត្ត Aceh​ ដែល​កន្លែង​នេះ​មាន​ស្វ័យយ័តភាព​ពិសេស​ធ្វើ​ឱ្យ​ទីក្រុង​ហ្សាការតា​ មិន​អាច​ត្រួត​ពិនិត្យ​ការអនុវត្ត​ចំពោះ​បរិស្ថាន។ កាលពី​ឆ្នាំ​មុន​នោះ​អភិបាល​ថ្មី​រំលាយ​ក្រុម​មួយ​ទទួល​បន្ទុក​ពិនិត្យ​ឃ្លាំ​មើល​តំបន់​មួយដែល​សម្បូរ​ជីវចម្រុះ​ច្រើន​បំផុត​លើ​ពិភពលោក។ អ្នក​អភិរក្ស​បាន​និយាយ​ថា​ អង្គការ​មិន​មាន​ការ​គ្រប់គ្រង​វា​គឺ​ពិតជា​ពិបាក​នឹង​ដឹង​ថា​មាន​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ព្រៃ៕
ប្រែសម្រួល​ដោយ​ មាន ឥស្សរាយស
XS
SM
MD
LG