ឥណ្ឌូនេស៊ី​នឹង​បញ្ឈប់​បញ្ជូន​កម្មករ​ចំណាក​ស្រុក​ក្រៅ​ផ្លូវ​ការ​ទៅ​ក្រៅ​ប្រទេស

កម្មករ​ចំណាក​ស្រុក​ដែល​ទៅ​បស្ចឹម​ប្រទេស​កាន់​លិខិត​ឆ្លង​ដែន​របស់​គាត់​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ក្រុង​ Tangerang ក្នុង​ខេត្ត​ Baten ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១។

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ខ្លួន​មាន​ផែនការបញ្ឈប់​បញ្ជូន​អ្នក​បម្រើ​តាម​ផ្ទះ​ហើយ​និង​កម្មករ​ចំណាក​ស្រុក​ទៅ​កាន់​បរទេសនៅ​ឆ្នាំ​២០១៧ ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​បន្ធូរ​បន្ថយ​អំពើ​ហិង្សាហើយ​និង​ការ​រើសអើង​ប្រឆាំង​នឹង​ពួកគេ។

​នៅ​ក្នុង​ការ​ប្រកាស​មួយ​ក្នុង​រដ្ឋធានី​ហ្សាកាតា​កាល​ពី​ថ្ងៃ​ពុធ ​លោក Hanif Dhakiri ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​និយាយ​ថា ​ដំណើរ​ការ​បញ្ឈប់​កម្មករ​ចំណាក​ស្រុក​ក្រៅ​ផ្លូវការ​កុំ​ឲ្យ​ទៅ​បរទេស​នឹង​ត្រូវ​ធ្វើ​ឡើង​ជាដំណាក់​ៗ។

លោក​និយាយ​ថា «ក្នុង​រយៈ​ពេល​ខ្លី​យើង​ត្រូវ​ធ្វើ​ការ​ប្រុងប្រៀប​ដោះ​សា្រយ​អ្នក​ដែលបាន​ធ្វើ​ការ​នៅ​បរទេស។​ ទី​២ ​យើង​ក៏​ត្រូវ​វាយ​តម្លៃ​ប្រទេស​នានាដែល​ពួក​គេ​បាន​ស្ថិត​នៅ‍»។

​លោក​បាន​សារភាព​ថា ​ការ​រិតត្បិតកម្មករ​ចំណាក​ស្រុកកុំ​ឲ្យ​ស្វះស្វែង​រក​ការងារ​ធ្វើ​នៅ​ឯ​នាយ​សមុទ្រ​នឹងធ្វើ​ឲ្យ​កើន​ឡើង​នូវ​ការ​គ្មាន​ការងារ​ធ្វើ។ ក៏ប៉ុន្តែ ​លោក ​បាន​និយាយ​ទៀត​ថា​រដ្ឋាភិបាល​កំពុង​ប្រុងប្រៀបរៀប​ចំ​យុទ្ធ​សាស្រ្ត​ដើម្បី​បង្កើត​ការងារ​សម្រាប់​ជន​ជាតិ​ឥណ្ឌូនេស៊ី។

ចំណាត់​ការ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ដោយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ខែ​នេះ​ដោយ​បាន​និយាយ​ថា ​វា​ជា​បញ្ហា​នៃ​សេចក្តី​ថ្លៃ​ថ្នូរ​ដើម្បី​ការពារ​កម្មករ​ឥណ្ឌូនេស៊ី។ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា ​ពួកគេ​បាន​កេង​យក​ប្រយោជន៍​ពី​កម្មករ​ស្រីៗ​ចំណាក​ស្រុក​របស់​យើង​ជា​យូរយារ​ណាស់​មក​ហើយ៕