ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្វាមី​របស់​អ្នក​បម្រើ​ការ​ជាប់​កិច្ចសន្យា​ហ្វីលីពីន​សម្រប​ខ្លួន​ធ្វើ​ជា​ឳពុក​មេគ្រួសារ​ទោល

  • Simone Orendain

លោក Alvin Balenton នៅ​កៀក​ជាមួយ​កូន​តូចៗ​ពីរនាក់​របស់​គាត់​ស្ថិត​នៅ​ក្នុង​ថា្នក់រៀន​ដើម្បី​ធ្វើ​ជា​ឳពុក​ទោល​ប្រឈម​ជាមួយ​ជីវិត​ដែល​ឃ្លាត​ឆ្ងាយ​ពី​ភរិយា​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ដែល​ថ្នាក់​នោះ​ស្ថិត​នៅ​ទីក្រុង​ម៉ាបាឡាកាត ខេត្ត Pampanga ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ស្វាមី​ជាច្រើន​ដែលមាន​ភរិយា​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​កំពុង​តែ​រៀន​ធ្វើ​ជា​ឳពុកមេ​គ្រួសារ​ទោល​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​ការ​ធ្វើ​ជា​ឳពុក​ម្តាយ​ ដែលបង្កើត​ឡើង​សម្រាប់​តែពួកគេ។​

​នៅ​បន្ទប់​ប្រជុំ​ក្នុង​សាលាក្រុង​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ាបាឡាកាត​ ខេត្ត​ Pampanga ភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្វីលីពីន​ ឳពុក​ចំនួន​៦​នាក់​ទទួល​បាន​គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​និង​ការ​ធ្វើ​គម្រោង​ថវិកា។

លោក Alvin Balenton គឺ​ជា​អ្នក​ចូល​រួម​កម្មវិធី​នេះ​ដោយ​ឆន្ទៈ​មួយ​រូប​ និង​តែង​តែ​លើក​ដៃ​ដើម្បី​បញ្ចេញ​មតិ​។​ លោក​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​ដែល​គាំពារ​ឳពុក​ដែល​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​ផ្ទាល់​ ខណៈ​ពេល​ដែល​ភរិយា​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​

លោក​បាន​លើក​ឡើង​ថា​ លោក​ពិត​ជា​ពេញចិត្ត​កម្មវិធី​សិក្សា​នេះ​ណាស់ ពី​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ជួយ​ផ្តល់​យោបល់​ឲ្យ​លោក។ លោក Balenton បាន​បន្ត​ថា​ គ្រប់​គ្នា​នៅ​ក្នុង​កម្មវិធី​នេះ​ដូច​ជា​គ្រួសារ​មួយ​អញ្ចឹង។​ លោក​បន្ថែម​ទៀត​ថា​ ដោយសារភរិយា​របស់​លោក​នៅក្រៅ​ប្រទេស ជួន​កាល​គាត់​នឹក​រឭក​នាង​ ហើយ​ថា​ កម្មវិធី​នេះ​ជួយឲ្យលោក​កាត់​បន្ថយ​ភាព​តាន​តឹង​មួយ​ចំណែក។

បុរស​វ័យ​៣៧ឆ្នាំ​រូប​នេះ​និយាយ​ថា​ លោក​ពិត​ជា​អរគុណ​ចំពោះ​ការ​គាំទ្រ​ផ្នែក​សា្មរតី​ដែល​លោក​ទទួល​បាន​អំឡុងពេល​ចូល​រួម​កម្មវិធី​សិក្សាមួយហៅ​ថា​ AMMA ដែល​មាន​ន័យ​ថា​ «ឳពុក​ដែល​ចិញ្ចឹម​កូន​បាន​ល្អ»។ លោក​តស៊ូ​ចិញ្ចឹម​កូន​៥​នាក់​ដែល​មាន​អាយុ​ពី​៦ឆ្នាំ​ដល់​១៧ឆ្នាំ​ជាមួយ​នឹង​ការងារ​ក្រៅ​ម៉ោង​របស់​គាត់​ ខណៈ​ពេល​ដែល​ភរិយា​របស់​លោកធ្វើ​ជា​អ្នក​បម្រើ​ការ​ក្នុង​ផ្ទះ​នៅ​ទីក្រុង​ម៉ាកាវ (Macau)។​

មាន​ជនជាតិ​ហ្វីលីពីន​ជិត​ដប់​លាន​នាក់​រស់​នៅ​ក្រៅ​ប្រទេស​ និង​ប្រហែល​ជា​ពាក់​កណ្តាល​នៃ​ពួកគេ​ គឺជា​អ្នក​ធ្វើ​ការ​ជាប់​កិច្ច​សន្យា​ដែល​ស្វែង​រក​ការងារ​ដែល​មាន​ប្រាក់​ខែ​ដែល​ប្រសើរ​ជាង​នេះ​នៅ​ក្រៅ​ប្រទេស។​ នារី​ហ្វីលីពីន​មាន​ច្រើន​ជាង​បុរស​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ហើយ​ភាគ​ច្រើន​នៃ​ពួកគេ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ការ​ក្នុង​ផ្ទះ។

លោក​ Emigdio Tanjuatco ជា​អ្នក​គ្រប់គ្រង​ព្រលាន​យន្តហោះ​ Clark International Airport ដែល​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ AMMA។​ លោក​និយាយ​ថា​ ព្រលាន​យន្តហោះ​គឺជា​កន្លែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​បញ្ជូន​ពលករ​ហ្វីលីពីន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​

«ការ​ពិត​ដែល​ថា​ភាគ​ច្រើន​នៃ​អ្នក​បម្រើ​ការ​ជាប់​កិច្ច​សន្យា​នៅ​ក្រៅ​ប្រទេស​ជា​ស្រ្តី​បាន​បន្សល់​ចន្លោះ​ដ៏​ធំ​មួយ​នៅ​ក្នុង​ស្រទាប់​គ្រួសារ។​ ដូច្នេះ​ហើយ​ទើប​ឥឡូវ​មាន​តម្រូវ​ការ​ក្នុង​ការ​បណ្តុះបណ្តាល​បន្ថែម​លើ​បុរសៗ​ដែល​ជា​ឳពុក»។

លោកស្រី Tessibeth Cordova ដែល​ជាអ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ នៅ​ឯ​ព្រលាន​យន្តហោះ​ Clark ​គឺជា​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​ស្ថាបនិកនៃ​កម្មវិធី​ AMMA។

លោកស្រី​បាន​និយាយ​ថា​ ឳពុក​សាមញ្ញ​ម្នាក់​ងើប​ពី​គេង​នៅ​ម៉ោង​៥ព្រឹក​ ចម្អិន​អាហារ​ពេល​ព្រឹក​សម្រាប់​កូនៗ​ ជូន​ពួកគេ​ទៅ​សាលា​ ហើយត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​គិត​ពី​ម្ហូប​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ បន្ទាប់​មក​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ និង​បន្ត​ធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅ។

«ពួកគេ​មិន​បាន​ចាត់​ទុក​រឿង​ទាំង​នោះ​ជា​ការងារ​នោះ​ទេ​ ប៉ុន្តែ​តាម​ពិត​ទៅ​ពួកគេ​កំពុង​តែ​ធ្វើ​ការងារ​យ៉ាង​ច្រើន។ ប៉ុន្តែ​ការងារ​ផ្ទះ​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ជា​ការងារ​នោះ​ទេ​ ហើយ​គំនិត​បែប​នេះ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​របៀប​ដែល​ពួកគេ​គិត​ចំពោះ​ខ្លួន​គេ និង​របៀប​ដែល​ពួក​គេ​ទាក់ទង​ជាមួយ​កូនៗ​របស់​ពួកគេ»។

ភរិយា​របស់​លោក Rodrigo Wage បាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាណាដា​ជា​អ្នក​មើលថែទាំ​តាំង​ពី​៦​ឆ្នាំ​មុន​ បន្ទាប់​ពី​មុខរបរ​ធ្វើ​ស្លាក​សញ្ញា​ដោយ​ដៃ​របស់​គាត់​ត្រូវ​ដណ្តើម​ទីផ្សារ​ដោយ​ក្រាហ្វិក​កុំព្យូទ័រ។​ លោក​ក៏​បាន​ចូលរួម​កម្មវិធី​ AMMA ផងដែរ។

លោក​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​មាន​ហាង​ឆ្លាក់​អក្សរ​នៅ​ផ្ទះ​ លោក​អាច​ជួយ​ការងារ​ផ្ទះ​នៅ​ពេល​ដែល​គាត់​ងើប​ពី​គេង​ ហើយ​វា​មិន​អី​ទេ គាត់​អាច​ធ្វើ​ការងារ​ទាំង​នោះ​បាន។​ លោក​ Wage បាន​បន្ត​ថា​ លោក​យល់​ថា​លោក​ត្រូវ​តែ​មើល​ថែ​កូនស្រី​ទាំង​បី​នាក់​របស់​លោក​ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​។ លោក​បាន​បន្ថែម​ថា​ ឥឡូវ​នេះ​ការងារ​របស់​លោក​គឺ​បោក​អ៊ុត។​

លោក​ Wage បានថ្លែង​ថា​ លោក​ដឹង​ថា​ឳពុក​ដទៃ​ទៀត​ដែល​មាន​ភរិយា​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​កំពុង​តែ​ព្យាយាម​លួងលោម​ខ្លួន​ឯង​ពី​ការ​ធុញ​ថប់​ក្នុង​អារម្មណ៍។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ វិធី​ដែល​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​រឿង​នេះ​គឺ​ការ​បន្លប់​អារម្មណ៍​ខ្លួន​ឯង​ ដូចជា​ការ​ស្តាប់​តន្រ្តី​ពេល​បញ្ចប់​ការងារ​ផ្ទះ។

លោក​និយាយ​ថា​ ប្រសិន​បើ​លោកខឹង​កូនៗ​របស់​លោក​ លោក​បំភ្លេច​វា​ចោល។ លោក​ចូល​ទៅ​ក្នុង​បន្ទប់​ ហើយ​ដេញ​ហ្គីតា។

លោកស្រី​ Cordova និយាយ​ថា​ កម្មវិធី​សិក្សា​នេះ​វាយតម្លៃ​អារម្មណ៍​របស់​ឳពុក​ និង​ការ​វាយតម្លៃ​ជា​បឋម​ទៅ​លើ​កូនៗ​នៅ​ពេល​ចាប់​វគ្គ​បណ្តុះបណ្តាល។​ ក្រៅពី​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​ ឳពុក​ទាំង​នោះ​រៀន​គន្លឹះ​ធ្វើ​ជា​ឳពុក​រួម​មាន​ដូចជា​ការ​ប្រដៅ​កូនៗ​របស់​ពួកគាត់​ និង​ការ​បង្រៀន​អាកប្បកិរិយា​សមគួរ​ដល់​ពួកគេ។

ស្ថាបនិក​កម្មវិធី​ AMMA​ នេះ​កំពុង​តែ​ពិចារណា​ក្នុង​ការ​ប្រគល់​កម្មវិធី​នេះ​ឲ្យ​ឳពុក​ទាំង​នោះ​គ្រប់គ្រង​ នៅ​ពេល​ដែល​ពួកគេ​យល់​ថា​ឳពុក​ទាំង​នោះ​មាន​ឯករាជ្យភាព៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG