អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបង្កើនការស៊ើបអង្កេតអំពីឧស្សាហកម្មនេសាទត្រីក្រោយពីអាជ្ញាធរបានរកឃើញអ្នកនេសាទត្រីជិត៥៥០នាក់ជាប់ជាទាសករនៅលើកោះដាច់ស្រយាលមួយនៃប្រទេសឥណ្ឌូនេស៊ី។ អង្គការទេសន្តប្រវេសន៍អន្តរជាតិហៅកាត់ថា IOM កំពុងធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងស្ថានទូតនានាដើម្បីគាំទ្រខាងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេសាទត្រីដែលរងការចោទប្រកាន់។
ភូមិមួយនៅលើកោះ Benjina ក្នុងសមុទ្រ Arafura នៃប្រទេសឥណ្ឌូនេស៊ីជាកន្លែងនៃការផ្តោតការយកចិត្តទុកដាក់នៃការស៊ើបអង្កេតពិសេសមួយដោយទីភ្នាក់ងារព័ត៌មាន Associated Press ដែលបានរាយការណ៍ថាបុរសរាប់រយនាក់ដែលភាគច្រើនជាជនជាតិភូមាបានជាប់ឃុំនៅលើកោះនោះ។
កាលពីថ្ងៃសុក្រទី១០មេសា របាយការណ៍នេះបានចែងថាចំនួនពួកអ្នកនេសាទត្រីមានភាពជាទាសករបានទ្បើងដល់ជិត៥៥០នាក់នៅក្រោយមានបេសកកម្មស្វែងរកការពិតមួយដែលមានរូមបញ្ចូលក្រុមសមាជិកនៃអង្គការទេសន្តប្រវេសន៍អន្តរជាតិដែលហៅកាត់ថា IOM។
លោក Steve Hamilton ជានាយករងនៃបេសកកម្ម IOM ក្នុងក្រុងហ្សាការតា។ លោកបាននិយាយថានៅពេលដែលជនជាតិភូមា២១០នាក់ចង់ចាកចេញពីកោះនោះមានជនឯទៀតៗបានប្រកែកមិនព្រមទៅទេ ដោយព្រួយបារម្ភថាបាត់បង់ប្រាក់ខែពីពេលមុនដែលមិនទាន់បើក ប្រសិនបើពួកគេចាកចេញ។ លោក Hamilton និយាយថាកំពុងមានចំណាត់ការខាងផ្លូវច្បាប់ដើម្បីជួយក្រុមបុរសទាំងនេះដែលមានជាច្រើននាក់ជាជនជាតិខ្មែរ។
«យើងបានទាក់ទងជាមួយស្ថានទូតនិងក្រុមជនរងគ្រោះដើម្បីខិតខំព្យាយាមឱ្យមានសំណង។ ខ្ញុំយល់ថានេះជាវិធីមួយទៀតដើម្បីទាក់ទងនឹងក្រុមបុរសទាំងនេះដែលមិនហ៊ានចាកចេញពីព្រោះពួកគេខ្លាចបាត់បង់ប្រាក់ខែជាច្រើនឆ្នាំកាលពីពេលមុនដែលក្រុមហ៊ុនមិនទាន់បើកឲ្យ ប្រសិនបើពួកគេដើរចេញ ហើយថាយ៉ាងហោចណាស់ពួកគេឃើញមាននរណាម្នាក់កំពុងជួយសង្គ្រោះពួកគេដែរ»។
លោក Hamilton បានមានប្រសាសន៍ថា អាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងស៊ើបអង្កេតអំពីឧស្សាហកម្មនេសាទត្រីនៅទូទាំងប្រជុំកោះឥណ្ឌូនេស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា អ្នកនេសាទត្រីថៃជាង៦០នាក់បានវិលត្រទ្បប់ទៅកាន់ក្រុងបាងកកវិញតាមយន្តហោះធុន C-130 មួយគ្រឿងនៃកងទ័ពអាកាសថៃ ក្រោយពីបានត្រូវជួយសង្គ្រោះពីកោះ Ambon ដែលនៅទីនោះជនជាតិថៃច្រើននាក់បានរស់នៅដោយលាក់ខ្លួនឬត្រូវជាប់ឃុំឃាំងជាជនអន្តោប្រវេសន៍ខុសច្បាប់ដោយអាជ្ញាធរឥណ្ឌូនេស៊ី។
ជនជាតិថៃវ័យក្មេងបំផុតដែលបានត្រូវជួយសង្គ្រោះមានអាយុ១៩ឆ្នាំហើយបានរស់នៅលើនាវានេសាទត្រី៦ឆ្នាំដោយធ្វើការឥតឈប់ជាច្រើនថ្ងៃមិនបានទទួលទានដំណេកនៅក្នុងស្ថានភាពដ៏សែនអាក្រក់។
សេចក្តីរាយការណ៍នេះរបស់ទីភ្នាក់ងារព័ត៌មាន Associated Press ដែលបានត្រូវបោះពុម្ពផ្សាយកាលពីខែមីនាបានជម្រុញឱ្យមានការស៊ើបអង្កេតមួយចំនួននៅទូទាំងតំបន់នោះដោយមានរួមបញ្ចូលទាំងប្រទេសថៃនិងផ្សារសំខាន់ៗដែលមានការដឹកជញ្ជូនម្ហូបអាហារសមុទ្រទៅលក់ មានដូចជាស.រ.អា.និងទ្វីបអឺរ៉ុបជាដើម។
កាលពីបីបួនឆ្នាំមុននេះ បណ្តាញផ្សាយព័ត៌មាននៃប្រទេសថៃបានលើកសំណួរអំពីការប្រើក្រុមពលករអន្តោប្រវេសន៍នៅក្នុងឧស្សាហកម្មនេសាទត្រីជាទូទៅ។
ក្រុមអ្នកនេសាទត្រីដែលបានត្រូវជួយសង្គ្រោះបាននិយាយថាពួកគេបានត្រូវបោកបញ្ឆោតឬបានត្រូវចាប់ពង្រត់យកទៅឱ្យធ្វើការក្នុងឧស្សាហកម្មនេសាទ ជួនកាលប្រឈមមុខនឹងអំពើហិង្សានិងការគំរាមកំហែងពីក្រុមនាវិកចាស់ៗ។
អ្នកស្រី Roisa Wongsuban អ្នកនាំពាក្យនៃក្រុមធ្វើការខាងទេសន្តប្រវេសន៍មានមូលដ្ឋានក្នុងប្រទេសថៃបាននិយាយថាតំបន់នោះត្រូវការកែលម្អកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាក្រុមពលករដែលបានត្រូវជួញដូរក្នុងឧស្សាហកម្មនេសាទត្រី។
«ពេលនេះជាពេលវេលាសម្រាប់ធ្វើការសន្ទនាគ្នាក្នុងតំបន់ជាជាងការឆ្លើយតបរបស់តំបន់ដល់បញ្ហានេះ។ នេះជាអ្វីដែលយើងបានសង្កេតឃើញហើយយើងមិនឃើញថាការអនុវត្តន៍នេះបានកែប្រែច្រើនដល់វិធីដែលពួកគេបានជួយសង្គ្រោះក្រុមមនុស្សដែលបានត្រូវជួញដូរទេ។ ពួកគេបានប្រើប្រទេសថៃជាកន្លែងសម្រាប់ជ្រើសរើសក្រុមពលករដោយរៀបចំឯកសារក្លែងបន្លំ»។
ក្រុមអ្នកវិភាគនិយាយថារដ្ឋាភិបាលឥណ្ឌូនេស៊ីបានដឹងហើយអំពីបញ្ហាប្រើក្រុមពលករដោយខុសច្បាប់ក្នុងឧស្សាហកម្មនេសាទត្រី។ ពួកគេនិយាយថា ក៏ប៉ុន្តែរបាយការណ៍កាលពីពេលថ្មីៗនេះដោយបណ្តាញផ្សាយព័ត៌មានបានផ្តល់សន្ទុះសម្រាប់ឱ្យរដ្ឋាភិបាលបើកធ្វើការស៊ើបអង្កេតនៅពេលមានការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ធំជាងមុនដើម្បីបញ្ឈប់ការអនុវត្តន៍ដោយខុសច្បាប់ក្នុងវិស័យពលកម្ម៕
ប្រែសម្រួលដោយ ឈឹម សុមេធ