ឥណ្ឌូនេស៊ី​ចង់​បាន​ចម្លើយ​អំពី​ថា​ហេតុអ្វី​បាន​ជា​អគ្គមេបញ្ជាការ​របស់​ខ្លួន​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​​អាមេរិក

លោក Gatot Nurmantyo អគ្គមេបញ្ជាការ​កងកម្លាំង​ឥណ្ឌូនេស៊ី​ថ្លែង​នៅ​ក្រសួង​ការបរទេស​នៅ​ក្នុង​ក្រុង​ហ្សាការតា កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។

ឥណ្ឌូនេស៊ី​កំពុង​តែ​ស្វះស្វែង​រក​ការ​បកស្រាយ​ពី​សហរដ្ឋអាមេរិក អំពី​ហេតុអ្វី​បាន​ជា​មេយោធា​របស់​ខ្លួន​ត្រូវ​បាន​គេ​បដិសេធ​មិនឲ្យ​ចូលមក​ក្នុង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ក្រុង ហ្សាការតា ដែល​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ។

ភារៈធារី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​ទីក្រុង ហ្សាការតា ត្រូវ​បាន​កោះហៅ​ឲ្យ​ពន្យល់​អំពី​ស្ថានភាព​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី។

លោក Gatot Nurmantyo អគ្គមេបញ្ជាការ​កងកម្លាំង​ឥណ្ឌូនេស៊ី​ បាន​ត្រៀម​ខ្លួន​ចេញ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ភរិយា​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ប្រាប់​ដល់​លោក​ថា កាំកុងត្រូល​ព្រំដែន​របស់​អាមេរិក បាន​បដិសេធ​មិន​ឲ្យ​លោក​ចូល​មក​កាន់​សហរដ្ឋអាមេរិក​នោះ​ទេ។

លោក Nurmantyo ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ស្តីពី​ក្រុម​ជ្រុលនិយម ដែល​រៀបចំឡើង​ដោយ​លោក Joseph Dunford អគ្គសេនាធិការ​របស់​អាមេរិក។

សេចក្តីថ្លែងការណ៍​មួយ​មក​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង ហ្សាការតា គ្រាន់​តែ​និយាយ​ថា លោក​អគ្គមេបញ្ជាការ​មិន​អាច​ធ្វើ​ដំណើរ​តាម​ការ​គ្រោង​ទុក​នោះ​ទេ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ ហើយ​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​សុំ​អភ័យទោស​ដល់​លោក Nurmantyo៕