ភ្នំភ្លើង Sinabung ក្នុងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីថ្ងៃចន្ទ ដែលនាំឱ្យពពកមានពោរពេញទៅដោយកម្ទេចពីបន្ទុះភ្នំភ្លើង និងធូលី ដែលហើរឡើងកម្ពស់រហូតដល់ ៥ គីឡូម៉ែត្រទៅលើមេឃ។
បន្ទុះភ្នំភ្លើងនេះគឺជាហេតុការណ៍ទីពីរហើយដែលបានកើតឡើង ចាប់តាំងពីថ្ងៃសៅរ៍មក ដែលបានបង្កឱ្យពពកនៅកោះស៊ូម៉ាត្រា ប្រែក្លាយទៅជាពណ៌ខ្មៅ និងបង្កឱ្យពិបាកមើលផ្លូវសម្រាប់ចរាចរណ៍ផ្លូវគោក។ អាជ្ញាធរនៅកោះស៊ូម៉ាត្រា បានណែនាំឱ្យអ្នកស្រុកស្ថិតនៅចម្ងាយ ៣ គីឡូម៉ែត្រពីកន្លែងផ្ទុះភ្នំភ្លើងនេះ។
មិនមានសេចក្ដីរាយការណ៍ថាមានមនុស្សស្លាប់ ឬរងរបួសនៅក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងកាលពីថ្ងៃចន្ទនេះទេ។
ភ្នំភ្លើង Sinabung មិនដែលផ្ទុះអស់រយៈពេល ៤០០ ឆ្នាំមកហើយ រហូតដល់ឆ្នាំ ២០១០ ទើបចាប់ផ្ដើមផ្ទុះ ហើយចាប់តាំងពីពេលនោះមក ភ្នំភ្លើងនេះបន្ដផ្ទុះរហូត។ កាលពីឆ្នាំ ២០១៦ ភ្នំភ្លើងនេះបានផ្ទុះ រហូតបង្កឱ្យមានមនុស្សស្លាប់។ ភ្នំភ្លើងនេះគឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងទាំង ១២០ ដែលឧស្សាហ៍ផ្ទុះនៅប្រទេសឥណ្ឌូណេស៊ី។ ប្រទេសឥណ្ឌូណេស៊ីងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងណាស់ ដោយសារតែទីតាំងរបស់ប្រទេសនេះ៕