រដ្ឋសភា​ឥណ្ឌូណេស៊ី​អនុម័ត​ច្បាប់​ប្រឆាំង​អ្នក​រិះគន់​អ្នក​នយោបាយ

រូបភាព​ឯកសារ៖ សមាជិក​សភា​ថ្មី​របស់​ឥណ្ឌូណេស៊ី​ស្បថ​ចូល​កាន់ដំណែង​នៅ​ក្នុង​សភា​ក្នុង​ទីក្រុ​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​០១ តុលា ២០១៤។

ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​សមាជិក​រដ្ឋសភា​អាច​ប្ដឹង​ប្រឆាំង​នឹង​អ្នក​ណា​ដែល «បំផ្លាញ​កិត្តិយស​របស់​រដ្ឋសភា ឬ​ក៏​បំផ្លាញ​កិត្តិយស​របស់​សមាជិក​រដ្ឋសភា» បាន។

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ភាគ​ច្រើន​កំពុង​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​មក​ផ្ដោត​លើ​ការ​ធ្វើ​ច្បាប់​ដាក់​ទោស​ទណ្ឌ​ចំពោះ​ទង្វើ​ផ្លូវ​ភេទ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​អ្នក​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ក្រៅ​ពី​ប្ដី​ប្រពន្ធ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ហើយ រដ្ឋសភា​ឥណ្ឌូណេស៊ី​បាន​អនុម័ត​ដោយ​ស្ងៀមស្ងាត់​នូវ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ទៀត​ដែល​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។

ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ទៀត​នេះ​គឺ​ច្បាប់​សភា​តំណាង​រាស្ត្រ​ដែល​ទើប​នឹង​ធ្វើ​វិសោធនកម្ម​ហើយ ដែល​គេ​ស្គាល់​ថា​ច្បាប់ MD3។

អ្នក​រិះគន់​នានា​បាន​និយាយ​ថា ច្បាប់​នេះ​នឹង​រារាំង​មិន​ឲ្យ​មាន​ការ​រិះគន់​លើ​អ្នក​នយោបាយ​ឥណ្ឌូណេស៊ី​និង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ទាំង​នោះ​មាន​ការ​ទទួល​ខុស​ត្រូវ​តិច​ជាង​មុន។

ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​សមាជិក​រដ្ឋសភា​អាច​ប្ដឹង​ប្រឆាំង​នឹង​អ្នក​ណា​ដែល «បំផ្លាញ​កិត្តិយស​របស់​រដ្ឋសភា ឬ​ក៏​បំផ្លាញ​កិត្តិយស​របស់​សមាជិក​រដ្ឋសភា» បាន។ ច្បាប់​នេះ​ក៏​បាន​ចែង​ផង​ដែរ​ថា ការ​ស៊ើប​អង្កេត​ណា​មួយ​ចំពោះ​សមាជិក​រដ្ឋសភា​ត្រូវតែ​មាន​ការ​ឯកភាព​ពី​ក្រុម​ប្រឹក្សា​វិន័យ​របស់​រដ្ឋសភា។ ច្បាប់​ថ្មី​នេះ​ទំនង​ជា​សំដៅ​ជា​ចម្បង​លើ​គណៈកម្មការ​លុប​បំបាត់​អំពើ​ពុករលួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ហៅ​កាត់​ថា KPK។

អង្គការ​មួយ​ចំនួន​ដូចជា​អង្គការ​តាមដាន​អំពើ​ពុករលួយ​ឥណ្ឌូណេស៊ី (Indonesia Corruption Watch) និង​សមាគម​ដើម្បី​ការ​បោះ​ឆ្នោត​និង​លទ្ធិ​ប្រជាធិបតេយ្យ (Association for Elections and Democracy) បាន​ប្រមូល​ហត្ថលេខា​ជាង ១ សែន ៧ ម៉ឺន ដើម្បី​ធ្វើ​ញត្តិ​មួយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ។ ប៉ុន្តែ ទំនង​មាន​តែ​តុលាការ​ធម្មនុញ្ញ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​លុប​ចោល​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​បាន។

វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ចំនួន ៨ ផង​ដែរ ដែល​ក្នុង​នោះ​មាន​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ការ​តស៊ូ (Democratic Party of Struggle) ឬ PDIP ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​របស់​លោក​ប្រធានាធិបតី Joko Widodo នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ។

VOA មិន​អាច​ទាក់ទង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ការ​តស៊ូ​នេះ​ភ្លាមៗ​ដើម្បី​សុំ​យោបល់​លើ​រឿង​នេះ​បាន​ទេ។ សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ការ​តស៊ូ​នេះ​បាន​គាំទ្រ​ជា​សាធារណៈ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់ MD3 នេះ​ឲ្យ​បាន​ឆាប់​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។

គណបក្ស​សម្ព័ន្ធ​អភិវឌ្ឍ (United Development Party) និង​គណបក្ស​ជាតិ​ប្រជាធិបតេយ្យ (National Decmocratic Party) បាន​តវ៉ា​ប្រឆាំង​សំណើ​ច្បាប់​នេះ​ដោយ​ការ​ដើរ​ចេញ​ពី​រដ្ឋសភា ប៉ុន្តែ​ការ​តវ៉ា​របស់​ពួកគេ​នេះ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

លោក Andreas Harsono អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយ​ក្នុង​សំដី​ដើម​ថា៖ «រដ្ឋសភា​ឥណ្ឌូណេស៊ី​គឺ​ជា​ស្ថាប័ន​រដ្ឋ​ដែល​មាន​ការ​ទុកចិត្ត​តិចតួច​បំផុត​មួយ។ វា​មិន​បាន​ជួយ​អ្វី​នោះ​ទេ​នៅ​ពេល​ដែល​រដ្ឋសភា​អនុម័ត​ច្បាប់​គាប​សង្កត់​ដូច​នេះ។ វា​មាន​តែ​បង្កើត​បញ្ហា​ច្រើន​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី»។

ការ​ខឹង​សម្បារ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ដែល​បាន​ស្នើ​ឡើង​ទាក់ទិន​នឹង​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ទង្វើ​ផ្លូវ​ភេទ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​អ្នក​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ក្រៅ​ពី​ប្ដី​ប្រពន្ធ​នេះ បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ឲ្យ​ងាក​ចេញ​ពី​ការ​ផ្ដោត​លើ​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ MD3 ដែល​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ian Wilson អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​នៃ​សាកលវិទ្យាល័យ Murdoch ក្នុង​ប្រទេស​អូស្ត្រាលី។

លោក Ian Wilson បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការ​ជជែក​ដេញដោល​ខ្វែង​គំនិត​គ្នា​ជុំវិញ​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សីលធម៌​នៃ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ បាន​ទាញ​ចំណាប់​អារម្មណ៍​សាធារណ​ជន​ឲ្យ​ងាក​ចេញ​ពី​ការ​ពិនិត្យ​ពិច័យ​ហ្មត់ចត់​ទៅ​លើ​ច្បាប់​ផ្សេងៗ​ទៀត ដែល​មាន​ទាំង​ច្បាប់ MD3 ផង​ដែរ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខាត​ពេល​និង​កម្លាំង​របស់​ក្រុម​អង្គការ​តាមដាន​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​ផង​ដែរ។ យើង​អាច​និយាយ​បាន​ថា ពេលវេលា​នៃ​ការ​អនុម័ត​ច្បាប់​នេះ​គឺ​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​ធ្វើ​ឡើង​ដោយ​មាន​ចេតនា។ ផ្នែក​ចម្រូងចម្រាស​បំផុត​នៃ​ច្បាប់ MD3 នេះ ក៏​មាន​លក្ខណៈ​លាក់បាំង​បាន​ល្អ​ផង​ដែរ​ក្នុង​រង្វង់​ប្រព័ន្ធ​ច្បាប់​ដ៏​ទូលំទូលាយ​ជាង​នេះ។ នេះ​គឺ​ជា​កលល្បិច​ដែល​អនុវត្ត​បាន​ល្អ​គួរសម​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី»។

កាល​ពី​សប្ដាហ៍​មុន អង្គការ​វេទិកា​សិក្សា​ច្បាប់ និង​រដ្ឋធម្មនុញ្ញ (Forum on Law and Constitutional Studies) បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ច្បាប់ MD3 នេះ​ទៅ​តុលាការ​ធម្មនុញ្ញ ដោយ​អះអាង​ថា មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​ដូចជា​មាត្រា​ដែល​ចែង​ពី​ការ​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ដោយ​បង្ខំ​ជា​ដើម គឺ​មិន​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នោះ​ទេ។

ច្បាប់ MD3 នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ប្រឹងប្រែង​របស់​រដ្ឋសភា​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន នៅ​ពេល​ដែល​ការ​គាំទ្រ​របស់​សាធារណជន​ចំពោះ​រដ្ឋសភា​នេះ​មាន​កម្រិត​ទាប​មិន​ដែល​មាន​ពី​មុន​មក។

លោក Ian Wilson បាន​និយាយ​ថា៖ «ច្បាប់ MD3 នេះ​គឺ​ជា​ច្បាប់​មិន​ធម្មតា​មួយ ដោយសារតែ​ច្បាប់​នេះ​ផ្ដល់​អំណាច​ដល់​រដ្ឋសភា​ឥណ្ឌូណេស៊ី​ប្រហាក់ប្រហែល​ឬ​ក៏​អាច​លើស​ពី​អំណាច​របស់​តុលាការ​ទៅ​ទៀត។ រដ្ឋសភា​បាន​ផ្ដល់​ហេតុ​ផល​ថា ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​កិត្តិនាម​របស់​រដ្ឋសភា​មិន​ឲ្យ​មាន​ការ​ហៅ​ឈ្មោះ​របស់​រដ្ឋសភា​មិន​ត្រឹមត្រូវ។ ហេតុផល​នេះ​ស្ទើរ​តែ​មិន​ទំនង​ទាល់​តែ​សោះ​នៅ​ក្នុង​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​នេះ ហើយ​នៅ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​សាធារណជន​កាន់តែ​ច្រើន​គិត​ថា​រដ្ឋសភា​ជា​ស្ថាប័ន​មួយ​បម្រើ​តែ​ប្រយោជន៍​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។

អ្នក​សារព័ត៌មាន​ឥណ្ឌូណេស៊ី​ក៏​បង្ហាញ​ការ​ស្រងាក​ចិត្ត​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ទាំង​នេះ​ផង​ដែរ ដោយសារ​ការ​ធ្វើ​វិសោធនកម្ម​ទាំង​នេះ​នឹង​កាត់​បន្ថយ​សេរីភាព​សារព័ត៌មាន​ដែល​រឹតត្បិត​ស្រាប់​ទៅ​ហើយ​របស់​ពួកគេ។

លោក Abdul Manan ប្រធាន​អង្គការ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ឯករាជ្យ (Alliance of Independent Journalists) បាន​និយាយ​ថា៖ «សមាជិក​រដ្ឋសភា​អាច​អះអាង​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​មិន​មាន​បំណង​វាយ​ប្រហារ​លើ​អ្នក​សារព័ត៌មាន​នោះ​ទេ។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​អាច​ធានា​បាន​ដូច​នេះ​នោះ​ទេ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​នោះ។ លក្ខណៈ​អត្តនោម័តិ​នៃ​ពាក្យ​ពេចន៍​ប្រើប្រាស់​នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា អ្នក​សារព័ត៌មាន​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​យ៉ាង​ស្រួល​នៅ​ពេល​បំពេញ​ការងារ​របស់​ពួកគេ ហើយ​ច្បាប់​នេះ​អាច​ក្លាយជា​ឧបករណ៍​មួយ​ទៀត​សម្រាប់​គាប​សង្កត់ ឬ​ក៏​បំភិតបំភ័យ​លើ​វិស័យ​សារព័ត៌មាន»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា