បើយោងតាមប៉ូលិសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ជនម្នាក់ជាប់សង្ស័យថាជាភេរវជនត្រូវបានសម្លាប់ ហើយជនពីរនាក់ទៀតត្រូវបានចាប់ខ្លួន។ ក្រុមប៉ូលិសបាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់ នៅក្នុងកន្លែងជាច្រើននៅក្រោយការវាយប្រហារដ៏ប្រល័យនៅកណ្តាលក្រុងហ្សាការតាកាលពីមួយថ្ងៃមុននោះ។
ជនខ្លះក្នុងបណ្តាជនដែលត្រូវបានយកធ្វើជាទីដៅនៃការវាយឆ្មក់ទាំងនេះដែលបានធ្វើឡើងនៅជិតរដ្ឋធានី និងនៅក្នុងផ្នែកខាងលិចនៃកោះជ្វា និងប៉ែកកណ្តាលនៃកោះ Sulawesi មានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាម ដែលបានអះអាងទាមទារការទទួលខុសត្រូវដល់អំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍។
គេមិនបានដឹងភ្លាមៗអំពីទំហំនៃការទាក់ទងគ្នារបស់ពួកជនទាំងនេះជាមួយការវាយប្រហារនៅក្នុងក្រុងហ្សាការតានៅឡើយទេ។
ជនម្នាក់ក្នុងបណ្តាពួកជនប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចាប់ខ្លួនកាលពីពេលមុន ដោយសារមានគ្រាប់កាំភ្លើងនៅក្នុងឱកាសទស្សនកិច្ចរបស់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើតាមការលាតត្រដាងឱ្យដឹងដោយលោក Badrodin Haiti ស្នងការប៉ូលិសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។ ប្រទេសខ្លះដោយរួមមានទាំងស.រ.អា.ផងបានបិទស្ថានទូតខ្លួនកាលពីថ្ងៃសុក្រ។ អាជ្ញាធរក្រុងហ្សាការតាបានប្រមែប្រមូលកងកម្លាំងប៉ូលិសទាំងអស់របស់ខ្លួនឱ្យយាមការពាររដ្ឋធានីមួយថ្ងៃក្រោយការវាយប្រហារទីមួយដោយក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសនេះដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេនៅក្នុងពិភពលោក៕