ជនជាតិ​ដើម​ភាគ​តិច​ចោទ​ក្រុមហ៊ុន​​វៀតណាម ​HAGL ថា​​បន្ត​ឈូស​ឆាយ​ដី​ ដើម្បី​ដាំ​ស្វាយ​នាំ​ទៅ​ចិន

សកម្មភាព​ឈូសឆាយ​ដី​នៅ​ក្នុង​តំបន់​ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ឃុំតាឡាវ ស្រុក​អណ្តូងមាស ខេត្តរតនគិរី អះអាងថា អាជ្ញាធរ​សម្រេច​ផ្តល់ពួកគេវិញ។ (រូបថតផ្តល់ដោយសហគមន៍)

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី និង​អង្គការ​សមធម៌​កម្ពុជាដែល​កំពុង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដ៏​យូរ​ឆ្នាំ​នេះ បាន​អះអាង​ថា​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ា​ឡាយ ​(Hoang Anh Gia Lai ឬ HAGL)​ ដែល​ទទួល​បាន​ដី​សម្បទានរាប់​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឈូស​ឆាយ​ដី​ដ៏ចម្រូងចម្រាស។

ពលរដ្ឋ​លើក​ឡើង​ថា​ក្រុមហ៊ុន​បាន​សម្រុក​ដាំ​ដើម​ចេក និង​ចុង​ក្រោយ​ស្វាយ​កែវ​រមៀត​ដែល​ជា​ទីផ្សារ​នាំ​ទៅ​ប្រទេស​ចិន ខណៈ​ដំណាំ​កៅស៊ូ​មិន​សូវ​មាន​ទីផ្សារ។

អង្គការ​សមធម៌កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថាដី​ដែល​ក្រុមហ៊ុន​វៀតណាមឈូសឆាយ​នោះ​ជា​ដី​ដែល​មាន​ការ​ឯកភាពពីអាជ្ញាធរ​ថាកាត់​ឲ្យ​ប្រជាពលរដ្ឋ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ អង្គការ​សមធម៌កម្ពុជា លើក​ឡើង​ថាក្រុមហ៊ុន​បាន«បន្ត​ការ​បំផ្លាញវប្បធម៌​ជនជាតិ​ដើម​ភាគ​តិច» ដោយ​រំលោភ​បំពាន​ការ​ឯកភាព​គ្នា កាល​ពី​កន្លង​ទៅ។ អង្គការ​ឲ្យ​ដឹង​ទៀត​ថា​ក្រុម​ហ៊ុន​បាន​កាយ​យក​ដី​ពី​ភ្នំ​ដើម្បី​ចាក់​លុប​បំពេញ​ផ្លូវ​ទឹក​អូរ​ធម្មជាតិ​ពីរ​កន្លែង​គឺ​អូរ​អន្សាង និង​អូររ៉ក។

អង្គការ​សមធម៌​កម្ពុជាបញ្ជាក់​ថា៖ «សកម្មភាព​នៃ​ការ​បំផ្លាញ​នេះ គឺ​រំលោភ​លើ​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​រតនគិរី​ដែល​បញ្ជា​ឲ្យ​ប្រគល់​ភ្នំ​ប៉ាទូ​នេះ ត្រឡប់​មក​ជូន​សហគមន៍​ភូមិ​មុយ​វិញ»។

បើ​តាម​អង្គការ​សមធម៌​កម្ពុជា​ភ្នំ​នេះ​ជា​កន្លែង​ទី​សក្ការៈ​បូជា​ដ៏​សំខាន់​មួយ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ហើយ​ការ​បំផ្លាញ​ភ្នំ​នេះ«បាន​បង្ក​ការ​ខូច​ខាត​ដល់​វប្បធម៌​របស់​សហគមន៍​យ៉ាង​ខ្លាំង»។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច អះអាង​ថា ក្រុមហ៊ុន​បាន​ហ៊ុមព័ទ្ធដី​ក្នុង​ឃុំតាឡាវ ស្រុក​អណ្តូងមាស ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អះអាង​ថា អាជ្ញាធរ​ខេត្តរតនគិរី បានសម្រេចផ្តល់ឲ្យពួកគេវិញ។ (រូបថត​ផ្តល់​ដោយ​សហគមន៍)

កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៩​ក្រុមហ៊ុន​វៀតណាម​បាន​ឯក​ភាព​កាត់​ដី​ជាង​៦០​កន្លែង​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​មាន​ទំហំ​សរុប​ជាង​៧០០​ហិកតា។ ការ​សម្រេច​នោះ​ត្រូវ​បាន​រាយការណ៍​ថា​រង់​ចាំ​ការ​ឯក​ភាព​ពី​ក្រសួង​កសិកម្ម​ជា​មុន​សិន។ ដី​ដែល​ត្រូវ​កាត់​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​មាស​នោះ ជាដី​ព្រៃ​អារក្ស​តំបន់​ទឹកអូរ​ធម្មជាតិ​ព្រៃ​ចម្ការ​វិលជុំ ​តំបន់​ភ្នំ​និង​ដី​ព្រៃ​កប់​សព​ជាដើម។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ដី​ដែល​ក្រុមហ៊ុនបន្ត​ឈូស​ឆាយ​នោះ មាន​ការ​វាស់​វែង​កំណត់​ព្រំ កាល​ពី​កន្លង​ទៅ ដែល​សម្រេច​កាត់​ឲ្យ​សហគមន៍​ជនជាតិ​ដើមភាគ​តិច។ លោក​បន្ត​ថា​កាល​ពី​ដើម​ឆ្នាំ និង​ចុង​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​បន្ត​ឈូសឆាយ​ដែល​លោក​ថា​ផ្ទុយ​ពី​អ្វី​ដែល​បាន​ឯកភាព​គ្នា។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​គិត​ថា​វា​ជា​ការ​រំលោភ​ហើយ។ ជា​ការ​ធ្វើ​សកម្មភាព​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ផង​ហើយ​និង​ធ្វើ​ឲ្យ​ខូច​ទៅ​នឹង​ដំណើរ​ការ​ដោះ​ស្រាយ​វិវាទ​ដែល​មាន​ខាង​CAO​[ការិយាល័យ​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ] ក៏​ដូច​ជា​មាន​ខាង​ខេត្ត​ចូលរួម»។

លោក​អៀង វុទ្ធី បន្ត​ថា​ប្រហែល​ជា​ក្រុមហ៊ុន​វៀតណាម«ឆ្លៀត​ឱកាស»​ឈូសឆាយ​ដី​ខណៈ​អាជ្ញា​ធរ​និង​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភអំពី​ជំងឺ​កូវីដ​១៩។

បើ​តាម​លោក អៀង វុទ្ធី ក្រុមហ៊ុន​ចាប់​ផ្តើម​ដាំដំណាំ​ផ្សេង​ទៀត​ក្រៅ​ពី​កៅ​ស៊ូ ដូច​ជា​ចេក​និង​ស្វាយ​ដើម្បី​បំពេញតម្រូវ​ការទី​ផ្សារចិនបច្ចុប្បន្ន ខណៈ​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ។

លោក​ថ្លែង​ថា៖ «ចង់​និយាយ​ថា​យើង​មិន​អាច​ដឹង​ចេតនា​ជាក់​លាក់​របស់​ក្រុម​ហ៊ុន ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ គឺ​ថា​សកម្មភាព​នេះ គឺ​ជា​សកម្មភាព​ពង្រីក​ផ្ទៃ​ដី ដោយសារ​ដី​ដែល​មាន​វិវាទ​ហើយ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ គឺ​ដី​ដែល​រក្សា​ទុក​នៅ​ក្នុង​ការដោះ​ស្រាយ​ហ្នឹង គឺ​គាត់​ចាប់​ផ្តើម​ហ៊ុម​ព័ទ្ធ»។

លោក រម៉ាម ចើយ អាយុ​៣៨​ឆ្នាំ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អ៊ីន ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដែល​រង​គ្រោះ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ដែលប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ដឹង​ថា​អាជ្ញាធរ​ផ្តល់​ឲ្យ​ពលរដ្ឋ។

លោក​បន្ត​ថា​សកម្មភាព​ឈូសឆាយ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា​ពួក​គេ​មិនទាន់​បាន​ទទួល​យុត្តិធម៌​ពី​ការ​សន្យា​ផ្តល់​ដី​ឲ្យ​នោះ​ទេ។ លោក​ថា​ក្រុម​ហ៊ុន​បានដាំ​ស្វាយ​កែវ​រមៀត​និង​ចេក ហើយ​ក៏​មាន​ការ​កាប់​ដើម​កៅស៊ូ​ចោល​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខាង​សហគមន៍ គេ​សួរ​ខាង​ក្រុមហ៊ុន សួរ​ថា​ហេតុ​អី​បាន​ក្រុមហ៊ុន​ឈូស[ដី]​ភ្នំ​អារក្ស និង​ច្រប[កន្លែង​រក​បន្លែ​របស់​ជន​ជាតិ​ដើម​ភាគតិច] ក្រុមហ៊ុន​ដាំ​ស្អី? គេ​ថា​ដាំ​ស្វាយ​ទាំង​អស់។ [យើង​ឃើញ​]ស្វាយ​គាត់​ក្បែរៗ​ហ្នឹង គាត់​ដាំ​ឆ្នាំ​ហ្នឹង»។

លោក​បន្ថែម​ថា៖ «ដី​ក្រុមហ៊ុន​ប៉ុនណា ឲ្យ​គាត់​តែ​ប៉ុនហ្នឹង។ កុំ​ឲ្យ​ពង្រីក​បន្ត​ទៀត…ក្រៅ​ពី​ហ្នឹងនៅ​សល់​ប៉ុន្មាន​ឲ្យ​ក្រុម​ហ៊ុន​ប្រើ​ទៅ តាម​គម្រោង​ចាស់​ក្រុម​ហ៊ុន ដាំ​ស្វាយ ដាំកៅ​ស៊ូ​ក្រុមហ៊ុន។ កុំ​ឲ្យ​[តែ]​ក្រុម​ហ៊ុន​រំលោភ​បំពាន​បន្ត​ទៀត»។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ហ័ង​អាញ់​យ៉ា​ឡាយ​តាម​លេខ​ទូរស័ព្ទ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ រដ្ឋបាល​ខេត្ត​រតនគិរី​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អង្គការ​សមធម៌​កម្ពុជាថា អាជ្ញាធរ​បាន​បញ្ជូន​មន្រ្តី​ទៅ​សិក្សា​ស្វែង​រក​បញ្ហា​ឲ្យ​បាន​ច្បាស់​លាស់​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​អំពី​ការ​ឈូស​ឆាយ​នេះ ហើយ​«ខិតខំ​ដោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប​តាម​ស្ថានភាព​ជាក់​ស្តែង»។

VOA​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​រតន​គិរី លោក ថង សាវុន បាន​នៅ​ឡើយ​ទេ។ ចំណែក​លោក ញ៉ែម សំអឿន អភិបាល​រង​ខេត្ត​និង​ជា​អ្នក​នាំពាក្យសាលា​ខេត្តរតនគិរី មាន​ប្រសាសន៍​ថា​លោក​មិន​អាច​ផ្តល់​បទ​សម្ភាសន៍​បាន​ទេ ដោយ​សារ​រវល់​ប្រជុំ​ពេញ​មួយ​ថ្ងៃ​សុក្រ​នេះ។

លោក ស្រី​ វុឌ្ឍី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឲ្យ​ទាក់​ទង​ទៅ​ប្រធានរដ្ឋបាលព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​លោក កែវ អូ​ម៉ាលីស្ស ពេល​VOA​ទាក់ទង​ទៅ។

លោក កែវ អូ​ម៉ាលី​ស្ស​ ថ្លែង​ប្រាប់​VOAថា​ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​អស់​ហើយ ហើយ​លោក​បាន​ប្រាប់​ឲ្យ​ទាក់​ទង​ទៅ​ខាង​រដ្ឋបាល​ខេត្ត​រតនគិរី​វិញ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រុម​ការងារ​ដឹកនាំ​ដោយ​ឯក​ឧត្តម​អ៊ុង សំអាត រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ហ្នឹង ចុះ​ពិនិត្យ​ដោះស្រាយ​ជួប​ប្រជុំជាមួយ​អភិបាល​ខេត្ត​រួច​រាល់​អស់​ហើយ។ អា​នេះ​អ្វី​ដែល​ខ្ញុំ​ដឹង»។

កាល​ពី​ឆ្នាំ​២០១០​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥​ម៉ឺន​ហិកតា​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ហ័ងអាញ់ យ៉ាឡាយ​ ដើម្បី​វិនិយោគ​លើ​ការ​ដាំ​ដំណាំ​កៅស៊ូ​រយៈពេល​៩៩​ឆ្នាំ។ ​ប៉ុន្តែ​ការ​ផ្ដល់​ដី​សម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​បាត់​បង់​ចំណូល​និង​បាត់​បង់​ដី​ស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​កសិកម្ម និង​បាត់​បង់​ព្រៃ​អារក្ស​ដែល​ជា​ព្រៃ​សក្ការៈ​ពី​ដូនតា​របស់​ពួក​គេ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​១២​សហគមន៍​ក្នុង​ស្រុក​អណ្ដូង​មាស​និង​ស្រុក​អូរ​ជុំ​សរុប​ប្រមាណ​១៣៧០​ខ្នង​ផ្ទះ បាន​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ហ័ង អាញ់ យ៉ាឡាយ។ ​

ចំណែក​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​១​ម៉ឺន​៩​ពាន់​ហិកតា​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​វៀតណាម​នេះ។​ អង្គការ​ដដែល​គូស​បញ្ជាក់​ថា​ការ​បាត់​បង់​ដីធ្លី​នេះ​ បាន​ធ្វើ​ឲ្យ​ការ​រក​អាហារ​និង​អនុផល​ព្រៃឈើ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ដូច​ជា​បាត់​បង់​ព្រៃ​ឈើ​ដើម្បី​ពួក​គេ​អាច​រក​ជ័រ​ចុង​ការ​រក​ត្រី​ ឃ្មុំ ​អុស​ថ្នាំ​បុរាណ ​សត្វព្រៃ​ផ្លែ​ឈើ​ព្រៃ​ បន្លែ​ព្រៃ​វល្លិ៍​ និង​ផ្ដៅ​ជា​ដើម៕