ក្រុមអ្នកតវ៉ាដែលជាជនជាតិដើមបានព្យាយាមរារាំងការប្រជុំសាធារណៈមួយកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅនេះ អំពីការសាងសង់ផ្លូវដែកមួយខ្សែ ដែលគ្រោងនឹងធ្វើឡើងកាត់តាមដីធ្លីរបស់ពួកគេ ដើម្បីដឹកជញ្ជូនធញ្ញជាតិទៅកាន់កំពង់ផែភាគខាងជើង នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន (Amazon)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ផ្លូវដែក Ferrograo ប្រវែង ១.០០០ គីឡូម៉ែត្រនេះទទួលបានការគាំទ្រពីកសិករនិងក្រុមហ៊ុនធញ្ញជាតិដែលបានបញ្ជាក់ថា វានឹងជួយកាត់បន្ថយការពឹងផ្អែកលើផ្លូវគោកនិងកាត់បន្ថយថ្លៃដឹកជញ្ជូនសណ្ដែកសៀងពីរដ្ឋ Mato Grosso ដែលជារដ្ឋកសិកម្ម ទៅកាន់កំពង់ផែទន្លេនានានៅក្នុងអាងទន្លេអាម៉ាហ្សូន។
ប៉ុន្តែ សហគមន៍ជនជាតិដើម Munduruku និងសហគមន៍ជនជាតិដើម Kayapo បាននិយាយថា មិនមាននរណាម្នាក់ប្រឹក្សាយោបល់ជាមួយពួកគេអំពីគម្រោងនេះទេ ដែលគម្រោងនេះនឹងប៉ះពាល់ដល់បរិស្ថានរបស់ពួកគេនិងបណ្ដាលឱ្យមានការកាប់បំផ្លញព្រៃឈើ។
អ្នកតវ៉ាប្រហែល ១០០ នាក់ ដែលកាន់បដាផ្សេងៗបានរារាំងច្រកចូលទៅកាន់ការប្រជុំសាធារណៈនេះនៅក្នុងទីក្រុង Novo Progresso នៅរដ្ឋ Para នៅភាគខាងត្បូង ប៉ុន្តែនៅទីបំផុតការប្រជុំនេះបានចាប់ផ្ដើម នៅពេលដែលអ្នកតវ៉ាបានចាកចេញពីអគារនោះ។ នេះបើយោងតាមវីដេអូនៅលើបណ្ដាញសង្គមអនឡាញ ដែលបង្ហោះដោយអ្នកដែលបានចូលរួមនៅក្នុងការប្រជុំនោះ។
សមាជិកព្រឹទ្ធសភាប្រេស៊ីលលោក Zequinha Marinho ដែលជាអ្នកគាំទ្រមួយរូបលើគម្រោងផ្លូវដែកនេះ បានប្រាប់ក្រុមអ្នកតវ៉ាថា៖ «ផ្លូវដែកនេះគឺជាគម្រោងអភិវឌ្ឍន៍ដែលនឹងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់រូប»។
អ្នកដែលដឹកនាំការតវ៉ានេះ គឺអ្នកស្រី Alessandra Munduruku ដែលជាជ័យលាភីពានរង្វាន់ Goldman Environmental Prize ឆ្នាំ ២០២៣ សម្រាប់កិច្ចប្រឹងប្រែងរបស់អ្នកស្រីនៅក្នុងការបញ្ឈប់ការអភិវឌ្ឍអណ្ដូងរ៉ែ នៅក្នុងតំបន់អាម៉ាហ្សូន និងនៅក្នុងការការពារព្រៃទឹកភ្លៀង។
អ្នកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទថា៖ «យើងមិនអាចយល់ព្រមចំពោះគម្រោងមួយ ដែលនឹងប៉ះពាល់ដល់ទឹកដីរបស់យើងនិងគំរាមកំហែងដល់អនាគតកូនចៅរបស់យើងបានទេ»។
អ្នកស្រីបានបន្ថែមថា៖ «យើងបារម្ភអំពីការប្រែប្រួលអាកាសធាតុនិងព្យាយាមជួយសង្គ្រោះព្រៃឈើ ប៉ុន្តែសភាគឺបារម្ភអំពីប្រាក់ចំណូលដែលទទួលបានពីដីធ្លីរបស់ពួកយើងជាង»។
ការប្រជុំសាធារណៈនេះមិនមែនដើម្បីប្រឹក្សាយោបល់ជាមួយជនជាតិដើមនោះទេ ប៉ុន្តែដើម្បីផ្សះផ្សាផលប្រយោជន៍របស់កសិពាណិជ្ជកម្មផលិតសណ្ដែកសៀង ដែលនឹងទទួលបានប្រយោជន៍ពីផ្លូវដែកនេះជាមួយនឹងផលប្រយោជន៍របស់អ្នកមូលដ្ឋានដែលចង់បានសំណងសម្រាប់ការបាត់បង់អាជីវកម្មដោយសារការកាត់បន្ថយចរាចរណ៍តាមផ្លូវគោក។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Carolina Alfinito ទីប្រឹក្សាច្បាប់នៃអង្គការ Amazon Watch ដែលជាអង្គការតស៊ូមតិអភិរក្សនិយមមួយដែលបានចូលរួមនៅក្នុងការប្រជុំនេះ។
ការប្រជុំនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីក្រុមអ្នកបញ្ចុះបញ្ចូលគោលនយោបាយដើម្បីប្រយោជន៍ម្ចាស់កសិដ្ឋានបានទទួលជោគជ័យនៅក្នុងសភាប្រេស៊ីល នៅពេលដែលសមាជិកសភាច្រានចោលការប្រើសិទ្ធិវេតូប្រឆាំងរបស់ប្រធានាធិបតីដែលបានលុបចោលចំណុចស្នូលនៃសេចក្ដីព្រាងច្បាប់មួយដែលដាក់កំហិតលើសិទ្ធិដីធ្លីរបស់ជនជាតិដើម។
បញ្ហានៃកាលបរិច្ឆេទផុតកំណត់ដើម្បីទាមទារដីធ្លីឥឡូវនេះនឹងត្រូវសម្រេចដោយតុលាការកំពូលប្រេស៊ីល។ កាលពីខែសីហា នៅក្នុងការសម្រេចមួយអំពីផ្លូវដែកដឹកជញ្ជូនធញ្ញជាតិ តុលាការកំពូលបានតម្កល់ការផ្អាកផែនការរបស់រដ្ឋាភិបាល នៅក្នុងការកាត់បន្ថយទំហំឧទ្យានអភិរក្សព្រៃឈើដើម្បីអនុញ្ញាតឱ្យមានការសាងសង់ផ្លូវដែកនេះ ដោយរង់ចាំការសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ