ប្រទេសឥណ្ឌាកំពុងតស៊ូរាំងខ្ទប់ជំងឺគ្រុនជ្រូកដោយមានចំនួនមនុស្សស្លាប់ដែលឥឡូវនេះបានឡើងដល់ជាង១ពាន់៥រយនាក់ចាប់តាំងពីការឆ្លងបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូមក។
មនុស្សប្រហែល២ម៉ឺន៦ពាន់នាក់ដែលបានធ្វើតេស្ត មានផ្ទុកមេរោគនោះ ហើយក្រុមមន្រ្តីសុខាភិបាលនិយាយថា ការឆ្លងនោះកំពុងបន្តរាលដាលនៅក្នុងពេលធ្លាក់ភ្លៀងខុសរដូវហើយនិងពេលធ្លាក់សំណើមខ្លាំងដែលធ្វើឲ្យមេរោគនោះធំធាត់។ ក្រុមមន្រ្តីសុខាភិបាលឥណ្ឌាបាននិយាយនៅសប្តាហ៍នេះថា ពួកគេកំពុងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតាមរដ្ឋដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រយុទ្ធមេរោគ H1N1។ ក្រសួងនោះបានសុំឲ្យរដ្ឋនានាសិក្សាគំរូនៃការឆ្លងនោះហើយនិងអត្រាស្លាប់ដើម្បីរៀបចំយុទ្ធសាស្រ្តឲ្យបានប្រសើរឡើង។
ក្រុមអ្នកជំនាញការខាងថែទាំសុខភាពបានត្អូញត្អែរថា វិធានការការពារជំងឺឆ្លងមិនល្អកំពុងធ្វើឲ្យកើនឡើងនូវករណីមេរោគ H1N1 នៅទូទាំងប្រទេស។ ពួកគេនិយាយថា ការអូសបន្លាយរោគវិនិច្ឆ័យក៏កំពុងធ្វើឲ្យមានការកើនឡើងនូវចំនួនមនុស្សស្លាប់ដែរ។
មនុស្សស្លាប់ដោយសារជំងឺគ្រុនផ្តាសាយជ្រូកចំនួនពាក់កណ្តាលនៅក្នុងរយៈពេល៣ខែកន្លងមកនេះបានកើតមាននៅក្នុងរដ្ឋ Gujaratនិង Maharashtra ភាគខាងលិច ហើយក្នុងមួយសប្តាហ៍កន្លងមកនេះ ករណីលើកដំបូងនៃមេរោគ H1N1 បានត្រូវគេរាយការណ៍នៅក្នុងរដ្ឋ Nagaland និងរដ្ឋ Manpur ដែលជាកន្លែងដាច់ស្រយាលនៅភាគឦសាន្តដែលមានព្រំដែនជាមួយប្រទេសភូមា៕