អ្នកកាសែត​ឥណ្ឌា​ដែល​រង​ការចោទ​ប្រកាន់​ថា បង្ក​ឲ្យ​មាន​ភាពតានតឹង​ក្នុង​សហគមន៍ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ

នៅក្នុង​រូបថត​ដែល​ថត​ចេញ​ពី​ការផ្សាយ​តាម​ទូរទស្សន៍ North East Live បង្ហាញ​អំពី​អ្នកកាសែត​អ្នកនាង Samriddhi K. Sakunia និង​អ្នកនាង Swarna Jha និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ភូមិ Nilambazar ក្នុង​រដ្ឋ Assam ភាគឦសាន​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកកាសែត​ឥណ្ឌា​ពីរនាក់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ​បង្ក​ការ​ញុះញង់ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​ បន្ទាប់​ពីធ្វើ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ Twitter ដោយ​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​បែប​សាសនា​នានា​ទៅ​លើ​ជន​ជាតិ​មូស្លីម​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​ប៉ូលិស​បាន​រាយការណ៍​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ដោយ​តុលា​ការ​មួយ​នៅ​ក្នុង​រដ្ឋ Tripura ភាគឦសាន​របស់​ប្រទេស​ឥណ្ឌា។​ នេះ​ បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP ។​ ​

​អ្នកកាសែត​ទាំង​ពីរនាក់​នោះ​ បានធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន ជុំវិញ​ភាព​តានតឹងខាង​សាសនានៅ​ក្នុង​រដ្ឋ​មួយ​នេះ​ ដែល​នៅ​ពេល​នោះ​ មាន​ការ​វាយ​ប្រហារ​ទៅ​លើជន​ជាតិ​ភាគ​តិច​មូស្លីមកាល​ពី​ខែ​មុន។​ ប៉ូលិស​និយាយ​ថា​ យ៉ាង​តិច​ណាស់​ មាន​ព្រះ​វិហារ​សាសនា​អ៊ីស្លាម​មួយ​កន្លែង​ ហាង​ទំនិញ​មួយចំនួន និង​ផ្ទះ​មួយ​ចំនួនដែល​ជា​របស់​ជន​ជាតិមូស្លីម​ ត្រូវ​បានវាយ​បំផ្លិច​បំផ្លាញ​ ប៉ុន្តែ​មិន​មានសេចក្តី​រាយការណ៍​ពី​មនុស្ស​ស្លាប់​នោះ​ទេ។​

ប៉ូលិស​ឥណ្ឌា​និយាយ​ថា​ គេ​ចាប់អ្នក​កាសែត​ទាំង​ពីរនាក់​នោះ​ឃុំ​ខ្លួន​ ដោយ​សារ «តែ​ការការ​ញុះ​ញង់​ ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សានៅ​ក្នុង​សហគមន៍​ដោយ​ការ​បង្ហោះ​ព័ត៌មាន​ប្រឌិត​និង​ភូតកុហក​នៅ​លើបណ្តាញ​សង្គម»។ ទោះ​ជា​យ៉ាង​ណា​ក្តី​ អង្គភាព​ព័ត៌មាន​របស់​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​ បាន​ហៅ​ការឃុំ​ខ្លួន​នោះ​ថា​ «​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​សុទ្ធសាធ» និង​មាន​ទិសដៅ​ទៅ​លើ​អ្នក​សារព័ត៌មាន។ ក្រុម​សិទ្ធិមនុស្ស​ និយាយ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​៕