អ្នកបើកបរយន្តហោះឥណ្ឌាម្នាក់ដែលប្រទេសប៉ាគីស្ថានចាប់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងរបស់លោកបានធ្លាក់នៅតំបន់ Kashmir បានត្រូវប្រគល់ឲ្យឥណ្ឌាវិញនៅឯផ្លូវ Wagah ចំណុចឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។
មេបញ្ជាការ Abhinandan Varthaman បានដើរឆ្លងកាត់ច្រកទ្វាចូលក្នុងប្រទេសឥណ្ឌា ២ថ្ងៃបន្ទាប់លោកបានត្រូវគេចាប់ខ្លួន។ ការវិលត្រឡប់របស់លោកវិញត្រូវគេរំពឹងនឹងបញ្ចៀសជម្លោះកាន់តែធំឡើងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង២នេះ។
លោក Shah Mahmood រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបានប្រាប់ពួកសមាជិកសភាកាលពីថ្ងៃសុក្រថា៖ «នេះជាកាយវិការសន្តិភាពនិងកាត់បន្ថយបញ្ហា អ្នកបើកបរយន្តហោះឥណ្ឌាដែលត្រូវបានយើងចាប់ខ្លួន នឹងត្រូវដោះលែងនៅថ្ងៃនេះ»។
ក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ លោក R. G. K. Kapoor សេនាប្រមុខរងកងទ័ពអាកាសឥណ្ឌា បាននិយាយថា កងទ័ពអាកាសឥណ្ឌាមានការសប្បាយរីករាយដោយបានទទួលលោកត្រឡប់មកវិញ ហើយថា លោកនឹងទទួលការពិនិត្យសុខភាព។
មនុស្សមួយក្រុមធំបានប្រមូលផ្តុំគ្នានៅចំណុចឆ្លងកាត់ខាងព្រំដែនឥណ្ឌាដើម្បីផ្តល់បដិសណ្ឋារកិច្ចដ៏ខ្លាំងក្លាដល់បុរសម្នាក់ដែលពួកគេបានសរសើរថា ជាវីរបុរសនៅក្នុងប្រទេសឥណ្ឌា។ រហូតមកទល់ថ្ងៃនេះ ពួកគេបានគ្រវីទង់ជាតិឥណ្ឌា រាំ ទះស្គនិងអបអរសាទរ ក៏ប៉ុន្តែ ពួកគេជាច្រើនបានវិលត្រឡប់ទៅវិញដោយការអាក់អន់ចិត្ត បន្ទាប់ពីការដោះលែងអ្នកបើកបរយន្តហោះបានត្រូវពន្យារពេល។
លោកបានទទួលការកោតសរសើរ បន្ទាប់ពីមានសេចក្តីរាយការណ៍ក្នុងបណ្តាញព័ត៌មានឥណ្ឌាថា បន្ទាប់ពីលោតឆ័ត្រយោងចេញពីយន្តហោះចំបាំង លោកបានលោតចូលក្នុងត្រពាំងទឹកហើយបានបំផ្លាញឯកសារសំខាន់ ហើយបានលេបផែនទីចូលក្នុងពោះ។ វីដេអូនៃការចាប់ខ្លួនលោកហើយនិងការសួរចម្លើយដោយពួកអាជ្ញាធរប៉ាគីស្ថាន ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅក្នុងបណ្តាញព័ត៌មានសង្គម៕