ពលរដ្ឋ​អាមេរិកកាំង​ដើមកំណើត​ឥណ្ឌា​មួយរូប ក្លាយជា​ជនទី១​ដែល​បាន​បាត់បង់​សញ្ជាតិ​អាមេរិក​ក្រោម «ប្រតិបត្តិការ​ Janus»

រូបភាព​ឯកសារ៖ សន្តិសុខ​ម្នាក់​​មើល​ចេញ​មក​ក្រៅ​ពី​ការិយាល័យ​អន្តោប្រវេសន៍​អាមេរិក​នៅ​ក្នុង​ទីក្រុង​ញូវយ៉កកាលពី​ថ្ងៃទី​១៥ សីហា ២០១២។

កាលពី​សប្តាហ៍​មុន​ចៅក្រម​សហព័ន្ធ​មួយ​រូប​បាន ដក​ហូត​សញ្ជាតិ​អាមេរិក​ពី​បុរស​ដែល​មាន​ដើមកំណើត​ឥណ្ឌា​មួយ​រូប ដោយ​មន្រ្តីរដ្ឋ​បាន​ពណ៌នា​ថា ជា​ករណី​ទី​១ ដែល​បាន​កើតចេញ​ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​តាំងពី​សម័យ​លោក​បារ៉ាក់ អូបាម៉ាធ្វើ​ជា​ប្រធានាធិបតី ដែល​បាន​បង្ហាញ​ពី​ការ​ក្លែងបន្លំជាទូទៅ​នៅក្នុង​ចំណោម​អ្នក​ដាក់ពាក្យសុំ​ចូល​សញ្ជាតិ​អាមេរិក។

ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ បាន​ស្វែង​រក​វិធី​ដើម្បី​ដកហូត​សញ្ជាតិ​អាមេរិក​ពី​លោក Baljinder Singh កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដោយ​អះអាង​ថា បុរស​វ័យ​៤៣ឆ្នាំ​មាន​ដើម​កំណើត​ឥណ្ឌា​រូប​នេះ បាន​ក្លែងបន្លំ​នៅក្នុង​ការដាក់ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិក​របស់​លោក។

យោង​តាម​រដ្ឋអាជ្ញា​បាន​ឲ្យ​ដឹង​ថា លោក Singh បាន​ចូល​សហរដ្ឋ​អាមេរិក​ជាលើក​ទី១​ដោយ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​នៅឆ្នាំ ១៩៩១ ហើយ​ជា​លទ្ធផល​លោក​ត្រូវ​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ ក៏ប៉ុន្តែ​លោក​បាន​ខកខាន​បញ្ចូល​ពត៌មាន​នោះ​ទៅ​ក្នុង​ការដាក់ពាក្យ​សុំ​ចូល​សញ្ជាតិ​របស់​លោក​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០០៤។

នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក សញ្ជាតិ​អាមេរិក​អាច​ត្រូវ​បាន​ដក​ហូត​វិញ​បាន បើ​សិន​ជា ការទទួល​បាន​សញ្ជាតិ​ធ្វើ​ឡើង​តាម​រយៈ​ការក្លែងបន្លំ។

កាលពី​ថ្ងៃ ទី៥ ខែ​មករា លោក Stanley Chesler ដែល​ជា​ចៅក្រម​សហព័ន្ធ​ប្រចាំ​រដ្ឋ New Jersey ជាទី​ដែល​លោក Singh រស់​នៅ​បាន​យល់ព្រម​តាម​សំណូមពរ​របស់​រដ្ឋាភិបាល ដើម្បី​ដកហូត​សញ្ជាតិ​អាមេរិក​ពី​លោក Singh ហើយ​ដាក់​លោក​ត្រឹម​តែ​ជា​អ្នក​ដែល​កាន់​បណ្ណ​អនុញ្ញាតិ​ឲ្យ​រស់នៅ​សហរដ្ឋ​អាមេរិក​ជា​អចិន្ត្រៃយ៍​ហៅ​ថា Green Card តែ​ប៉ុណ្ណោះ ហើយ​អាច​ជា​ជន​ដែល​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ នេះ​បើ​តាមការ​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃអង្គារ​ទី ៩ ខែមករា​កន្លង​ទៅ​នេះ។

បទបញ្ជា​របស់​ចៅក្រម​នេះ បាន​ធ្វើឡើង​ក្រោយពី​លោក Singh ខកខាន​ក្នុង​ការឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹង​ដក​ហូត​សញ្ជាតិ​របស់​ក្រសួង​យុត្តិធម៌​ និង​ការស្នើ​សុំ​សេចក្តី​សង្ខេប​នៃ​ការសម្រេចក្តី នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ។

ភ្លាមៗ​នោះ គេ​មិន​អាច​ទាក់ទង​លោក​ Singh បាន​ទេ។

ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ករណី​នេះ ជា​ករណី​ទី១ ដែល​កើត​ឡើង​ដោយសារតែ​ ប្រត្តិបត្តិការ​ដែល​មាន​ឈ្មោះ​ថា Janus ដែល​ជា​ការស៊ើបអង្កេត​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ ដែល​បាន​កំណត់​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍​៣១៥.០០០នាក់ ដែល​គ្មាន​ស្នាម​ផ្តិត​ម្រាម​ដៃ​នៅក្នុង​ទិន្ន័យ​របស់​រដ្ឋាភិបាល។ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឲ្យ​ដឹង​ទៀត​ថា ជនអន្តោប្រវេសន៍​ដែល​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ មាន​ដូចជា ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ និង​«អ្នកទាំងឡាយ​ណា​ដែល​មាន​ប្រវត្តិ​ធ្លាប់​ស្វះស្វែង​រក​វីធី​គេច​ចេញ​ពី​ទោស​ព្រហ្មទណ្ឌ និង​ការឆែក​ប្រវត្តិរូប​នៅក្នុង​ដំណើរការ​សុំ​សញ្ជាតិ»។

ការស៊ើបអង្កេត​មួយ​នៅ​ឆ្នាំ២០១៦ ធ្វើ​ឡើង​ដោយ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ ជាដំបូង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ទិន្នន័យ​ស្នាម​ផ្តិត​ម្រាមដៃ ហើយនឹង​បាន​រកឃើញ​ថា ទីភ្នាក់​សេវាកម្ម​ផ្នែក​ផ្តល់​សញ្ជាតិ​អាមេរិក និង​ជនអន្តោប្រវេសន៍​បាន​ច្រឡំ​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ដែល​ត្រូវ​ប្រឈមនឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​យ៉ាងតិចណាស់​ ៨៥៨នាក់។

ការស៊ើបអង្កេត​នេះ​បាន​ឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​ទាំងនោះ​បាន​ប្រើ​ឈ្មោះ និង​ថ្ងៃ ខែ ឆ្នាំ​កំណើត​ផ្សេង ដើម្បី​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នេះ បាន​រិះគន់​ដល់​ក្រុម​មន្រ្តី​អនុវត្ត​ច្បាប់​នៃ​ទីភ្នាក់ងារ​ជនអន្តោប្រវេសន៍ និង​គយ​ដែល​បរាជ័យ​ក្នុង​ការស៊ើបអង្កេត​ដែល​គេ​ដឹង​ថា ជា​ការក្លែង​បន្លំ​នៅក្នុង​ការសុំ​សញ្ជាតិ​អាមេរិក ក៏ប៉ុន្តែ បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ «ឥឡូវនេះ បាន​បោះជំហាន​ក្នុង​ការបង្កើន​ចំនួន​ករណី​ដែល​ត្រូវ​ស៊ើបអង្កេត» ហើយនឹង​ជាពិសេស ពង្រឹង​សមត្ថភាព​អ្នកទាំងឡាយ​ដែល​មាន​តួនាទី​ដែល​ជា​ទីទំនុកចិត្ត​របស់​សាធារណៈជន និង​អ្នក​ដែល​មាន​តួនាទី​ឆែកឆេរ​ប្រវត្តិ​រូប»។

ល្បឿន​នៃ​ការស៊ើបអង្កេត ហាក់​ដូចជា​លឿន​ជាងមុន​នៅក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​ទីភ្នាក់​សេវាកម្ម​ផ្នែក​ផ្តល់​សញ្ជាតិ​អាមេរិក និង​ជន​អន្តោប្រវេសន៍ រាយការណ៍​ទៅ​ក្រសួង​យុត្តិធម៌​ថា «ករណី​មាន​ការកើន​ឡើង»។

កាលពី​ឆ្នាំមុន ក្រសួង​យុត្តិធម៌​បាន​ដាក់​ពាក្យ​បណ្តឹង​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋ​សាមញ្ញ​ចំនួន ២៥​ករណី និង​ឧក្រិដ្ឋជន ៥៧ករណី នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។

ទីភ្នាក់ងារ​ជនអន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​នឹង​អាច​ដក​ហូត​សញ្ជាតិ​នេះ ខ្លួន​មាន​គម្រោង​បន្ថែម​ប្រមាណជា ១៦០០ករណី​បន្ថែម​ទៀត ដែល​ករណី​ទាំងនេះ បាន​រកឃើញ​ដោយ​ប្រតិបត្តិការ Janus។

នៅក្នុង​សេចក្តី​ថ្លែងការ​មួយ លោក Francis Cissna ជា​នាយក​នៃ​ទីភ្នាក់​សេវាកម្ម​ផ្នែក​ផ្តល់​សញ្ជាតិ​អាមេរិក និង​ជនអន្តោប្រវេសន៍​បាន​និយាយ​ថា «លោក​សង្ឃឹម​ថា ករណី​នេះ និង​ករណី​ក្រោយៗ​ទៀត គឺជា​សារ​ដ៏ខ្លាំង​មួយ​ប្រាប់​ថា ការចង់ក្លែង​បន្លំ​នៅក្នុង​ការសុំ​សញ្ជាតិ​អាមេរិក គឺ​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត។

លោកស្រី Amanda Frost ដែល​ជា​សាស្រ្តាចារ្យ​មួយ​រូប​នៅ​សាលា​ច្បាប់​ក្នុង​សាកល​វិទ្យាល័យ American Univerity ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ថា លោក Singh ប្រឈមនឹង​ការបញ្ជូន​ខ្លួនទៅ​ប្រទេស​កំណើត​វិញ​យ៉ាងជាក់ច្បាស់។

«ឥឡូវ​នេះ ដោយសារតែ​គេ​ដកហូត​សញ្ជាតិ​ពី​លោក​ហើយ អញ្ចឹង​វិធានការ​បន្ទាប់​របស់​ពួកគេ​គឺ​ដក​ហូត​ប័ណ្ណ Green Card របស់​លោក ហើយ​បន្ទាប់​មក​ទៀត គឺ​បញ្ជូន​ខ្លួន​លោក​ទៅ​ប្រទេស​កំណើត​វិញ។ តែ បើ​គេ​មិន​ធ្វើ​អញ្ចឹង​ទេ នោះ​ខ្ញុំ​មិន​ប្រាកដ​ទេ ថា​អ្វី​ទៅ​ជា​គោលបំណង​នៃ​ដំណើរការ​នេះ»។

លោក Chad Readler ជា​ប្រធាន​ស្តីទី​ផ្នែក​កិច្ចការ​ពលរដ្ឋ​ស៊ីវិល​នៃ​ក្រសួង​យុត្តិធម៌ បាន​និយាយ​ថា លោក Singh «បាន​កេងប្រវ័ញ្ច​លើ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង និង​បំពាន​លើ​ការធានា​សុវត្ថិភាព​ផលប្រយោជន៍​អន្តោប្រវេសន៍​កំពូល​នៃ​ការ​ចូល​សញ្ជាតិ​អាមេរិក​នេះ»។

លោក Chad Readler បាន​ថ្លែង​បន្ថែម​ទៀត​ថា៖

«ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក នឹង​បន្ត​ប្រើប្រាស់​គ្រប់​វិធី ដើម្បី​ការពារ​សុចរិតភាព​នៃ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ប្រទេស​យើង ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​សាមញ្ញ​ផងដែរ»។

រដ្ឋាភិបាល​អាមេរិក​ក៏កំពុងតែ​ចាត់​វិធានការ​ដក​សញ្ជាតិ​ពី​បុរស​ដើម​កំណើត​ប៉ាគីស្ថាន​២​នាក់ ដែល​ត្រូវ​បាន​ចោទ​ថា បាន​លាក់បាំង​បញ្ជា​បញ្ជូន​ខ្លួន​ពី​មន្រ្តី​អន្តោប្រវេសន៍។

លោកស្រី Amanda Frost ថ្លែង​ថា នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ករណី​ដក​ហូត​សញ្ជាតិ​មាន​ចំនួន​រាប់​សិប។ ក៏ប៉ុន្តែ ប្រតិបត្តិការ Janus ឲ្យ​ដឹង​ថា រដ្ឋាភិបាល «កំពុងតែ​បន្ថែម​ធនធាន​ដើម្បី​ធ្វើ​កិច្ចការ​នេះ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ប្រើប្រាស់​វិធី​ដក​ហូត​សញ្ជាតិ​នេះ នៅក្នុង​រយៈ​ពេល​ពាក់​កណ្តាល​ដំបូង​នៃ​សតវត្សរ៍ទី ២០ ចំពោះ​ជនណា​ដែល​ត្រូវ​បាន​សង្ស័យ​ថា គាំទ្រ​កុម្មុយនីស្ត និង​ប្រយុទ្ធ​ក្នុង​សង្រ្គាម​បរទេស។

ក៏ប៉ុន្តែ ការសម្រេច​ដ៏​គួរឲ្យ​កត់សម្គាល់​របស់​តុលាការ​កំពូល​នៅឆ្នាំ​១៩៦៧ គឺ​រឿង​ក្តី​រវាង Afroyim និង Rusk បាន​បញ្ចប់​ការអនុវត្ត​ការដកហូត​សញ្ជាតិ​នេះ នេះ​បើ​តាម​សម្តី​របស់​លោកស្រី Frost ដែល​ស្រាវជ្រាវ​អំពី​ការដកហូត​សញ្ជាតិ។ លោកស្រី Frost ថ្លែង​ថា៖

«តុលាការ​បាន​បញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា ការដកហូត​សញ្ជាតិ​នេះ គឺ​មាន​កំណត់»។

កាលពី​ឆ្នាំ​មុន តុលាការ​កំពូល បាន​ធ្វើការ​សម្រេច​នៅក្នុង​ករណី​ដក​ហូត​សញ្ជាតិ​មួយ​ទៀត ដែល​រារាំង​រដ្ឋាភិបាល​មិន​ឲ្យ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ ដោយសារ​ក្លែងបន្លំ​តែ​គ្មាន​ឯកសារ​បញ្ជាក់​នៅ​ក្នុង​ពាក្យ​សុំ​ចូល​សញ្ជាតិ​របស់​ពួកគេ។ លោកស្រី Frost ថ្លែង​ទៀត​ថា៖

«ការសម្រេច​របស់​តុលាការ​កំពូល​នោះ រំឭក​រដ្ឋាភិបាល​ថា មាន​ការការពារ​តាម​រដ្ឋធម្មនុញ្ញ​ជាច្រើន​នៅក្នុង​រឿង​នេះ ហេតុដូច្នេះ​ហើយ​ការដកហូត​សញ្ជាតិ​ត្រូវតែ​ធ្វើ​ឡើង​ដោយ​មាន​ការប្រុងប្រយ័ត្ន»៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់