ឥណ្ឌា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ពី​រុស្ស៊ី​

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi (ស្ដាំ) និង​លោក​ Vladimir Putin ប្រធានា​ធិបតី​រុស្ស៊ី ក្នុង​ជំនួប​នៅ​ទីក្រុង​ញូវដែលី កាល​ពី​ថ្ងៃ​ទី​៥ តុលា ២០១៨។

ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៥ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ម៉ីស៊ីល​លើ​អាកាស​ពី​ប្រទេស​រុស្ស៊ី​ដែល​ការណ៍​នេះ​អាច​បង្ក​ឲ្យ​មាន​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក។

កិច្ច​ព្រម​ព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ម៉ីស៊ីល​លើ​អាកាស​ S-400​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ទីក្រុង​ញូវដែលី​ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ឥណ្ឌា​ និង​បាន​ចូល​រួម​ជំនួប​កំពូល​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក​ Narendra Modi។

ទោះ​ជា​យ៉ាង​ណា​ក្តី ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោយ​មេដឹកនាំ​ទាំងពីរ​នៅ​អំឡុង​ពេល​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​នោះ​ទេ។

ពួក​អ្នក​ជំនាញ​បាន​និយាយ​ថា​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រទេស​ឥណ្ឌា​កំពុង​ស្វែង​រក​តុល្យភាព​ ខណៈ​ខ្លួន​បាន​បង្កើន​ចំណង​ទាក់​ទង​យុទ្ធសាស្ត្រ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ ប៉ុន្តែ​មិន​មាន​បំណង​បោះ​បង់​ចោល​ភាព​ជា​ដៃគូខាង​វិស័យ​ការពារ​ដ៍​យូរ​អង្វែង​ជាមួយ​រុស្ស៊ី​នោះ​ទេ។

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ ការទិញ​ប្រព័ន្ធ​ការពារ​លើ​អាកាស​នឹង​ចាត់​ទុក​ជា​ប្រតិបត្តិការ​រំលោភ​លើ​ច្បាប់​សហរដ្ឋអាមេរិក​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំមុនចំពោះ​ប្រទេស​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខាង​វិស័យ​យោធា​ជាមួយ​នឹង​រុស្ស៊ី​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋអាមេរិក៕