ឥណ្ឌា​បោះចោល​ឋានៈ​ពិសេស​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​របស់​ដែន​ដី​ Kashmir នៅពេល​មាន​ការ​បង្ក្រាប​ខាង​សន្តិសុខ

មនុស្សម្នា​ដុត​ទង់ជាតិ និង​រូប​របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នោ​ក្នុង​បាតុកម្ម​មួយ​ដើម្បី​ពី​ការ​គាំទ្រ និង​សាមគ្គីភាព​ជាមួយ​នឹង​ពលរដ្ឋ​ក្នុង​តំបន់ Kashmir នៅ​ក្នុង​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

ក្នុង​ចំណាត់ការ​ដ៏​ខ្លាំង​មួយ រដ្ឋាភិបាល​ជាតិ​និយម​ហិណ្ឌូ​នៃ​ប្រទេស​ឥណ្ឌា ​បាន​បោះ​ចោល​ឋានៈ​ស្វ័យភាព​ពិសេស​ដែលបាន​ផ្តល់​ឲ្យ​តំបន់ Kashmir ​អស់​រាប់​ទសវត្សរ៍ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពីប្រតិកម្ម​ប្រឆាំង​តបត​វិញ​នៅ​ក្នុង​តំបន់​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​នោះ។

ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ការ​បង្ក្រាប​ខាង​សន្តិសុខ​ដ៏ធំមួយ​នៅ​ក្នុង​រដ្ឋ ​លោក Amit Shah រដ្ឋ​មន្ត្រី​មហាផ្ទៃ ​បាន​ប្រាប់​សភា​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ប្រធានាធិបតី បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ច្បាប់​មួយ​ដែល​លុប​ចោល​មាត្រា៣៧០។ វិធានការ​នោះ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋ​ធ្វើ​ច្បាប់​ដោយ​ខ្លួន​ឯង​ហើយ​មានសិទ្ធិ​សម្រេច​លើ​បញ្ហា​ទាំង​អស់ លើកលែង​តែ​កិច្ចការ​បរទេស ការពារ​ប្រទេស​ និង​គមនាគមន៍។

រដ្ឋាភិបាល​ឥណ្ឌា ក៏​បាន​លុបចោល​ការ​ហាម​ឃាត់​ពលរដ្ឋ​ដែល​មិនមែន​អ្នក​ស្រុករស់​នៅ​ក្នុង​តំបន់​ Kashmir មិន​មាន​សិទ្ធិ​ទិញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​តំបន់​នោះ ដោយ​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ឥណ្ឌា​មក​ពី​ក្រៅ​រដ្ឋ​នោះ​អាច​តាំង​ទី​លំនៅ​នៅ​ទី​នោះ​បាន ​ទិញ​ដី​និង​ធ្វើ​ការងារ​ក្នុង​រដ្ឋាភិបាល​តំបន់​នោះ​បាន។

តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយបន្ទាប់​ពី​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ជា​មួយ​លោក Mahathir Mohamad នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក Imran Khan នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ប៉ាគីស្ថាន ​បាន​និយាយ​ថា ​ចំណាត់​ការ​នេះ​ ជា​ការ​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការសហប្រ​ជា​ជាតិ​ដ៏​ច្បាស់​ក្រឡែត។

តំបន់ Kashmir ត្រូវ​បាន​បែងចែក​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន ​ក៏ប៉ុន្តែ ​បាន​ទាម​ទារ​តំបន់​ទាំងអស់​ដោយ​ប្រទេស​ទាំង២។​ ការណ៍​នេះ ​បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង២​ធ្វើ​សង្គ្រាម​រវាង​គ្នា​និង​គ្នា​ចំនួន​៣លើក​ ហើយ​នៅ​តែ​ប្រភព​នៃ​ការ​តាន​តឹង​ដដែល៕