រោងចក្រ​ផលិតកម្ម​​មួយ​ចំនួន​របស់​ឥណ្ឌា​រំពឹង​ថា​នឹង​បើក​ឡើង​វិញ​ក្នុង​សប្តាហ៍​នេះ

បុគ្គលិក​របស់​រដ្ឋាភិបាល​ក្រុង​ញូវដេលី​បាញ់​សម្អាត​មេរោគ​នៅ​តំបន់​ស្នាក់​នៅ​ ដើម្បី​បង្ការ​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

ប្រភព​ព័ត៌មានសុំ​មិន​បញ្ចេញឈ្មោះ​និយាយ​ថា រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​មួយ​ចំនួន ដែល​បាន​បិទដោយ​សារ​វិធានការ​បិទ​សកម្មភាព​ទូទាំង​ប្រទេស​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ អាច​បើក​សកម្មភាព​ផលិតកម្ម​របស់ខ្លួន​ឡើង​វិញ​នៅ​ក្នុង​សប្តាហ៍​នេះ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រភព​ព័ត៌មាន​ទាំង​នេះ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បន្ថែម​ទៀត​ថា ចំណាត់ការនេះ​ធ្វើ​ឡើង​ដើម្បីទប់ទល់​នឹង​ផលប៉ះពាល់​នៃ​វិធានការបិទ​ប្រទេស​ទៅ​លើ​សេដ្ឋកិច្ច​ឥណ្ឌា។​

វិធានការ​បិទ​ប្រទេស​រយៈ​ពេល​២១​ថ្ងៃ​របស់​ឥណ្ឌា​ ដែល​នឹង​ផុត​កំណត់​នៅ​ក្នុង​ថ្ងៃ​អង្គារ​ទី​ ១៤ ខែ​មេសា​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​រដ្ឋាភិបាលពន្យារ​បន្ត​ទៀត។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters និយាយ​ថា ខ្លួន​បាន​ឃើញ​សំបុត្រ​មួយរបស់​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌា​ដែល​បាន​ស្នើ​ឲ្យ​មាន​ដំណើរការ​ផលិតកម្ម​ឡើង​វិញ​សម្រាប់​វិស័យ​ផលិត​រថយន្ត រោងចក្រ​កាត់ដេរ ផលិតកម្មសម្ភារៈ​យោធា គ្រឿង​អេឡិកត្រូនិក​និង​វិស័យ​ផ្សេង​ទៀត។

រដ្ឋាភិបាល​ឥណ្ឌា​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​សចក្តី​សម្រេចនៅ​ក្នុង​សប្តាហ៍​នេះ។

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ជាង​១ពាន់​លាន​នាក់​ មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មីចំនួន​៩.២៤០​ករណី និង​ការ​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​៣៣១​នាក់ មក​ត្រឹម​ថ្ងៃ​ចន្ទ​នេះ នេះ​បើ​តាម​ទិន្នន័យសាកលវិទ្យាល័យ​ Johns Hopkins នៅ​សហរដ្ឋ​អាមេរិក៕