ឥណ្ឌា​​អនុញ្ញាត​ឲ្យ​មាន​​ការ​ហោះហើរ​ក្នុង​ស្រុក​ឡើង​វិញ​ទោះ​បី​ករណី​ឆ្លង​កូវីដ១៩​កើន​ឡើង​ខ្លាំង

សមាជិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ដល់​អាកាសយានដ្ឋាន​មួយ នៅ​ពេល​ដែល​ការ​ហោះហើរ​ក្នងុ​ស្រុក​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

បុគ្គលិក​បម្រើការលើ​យន្តហោះក្នុង​សម្លៀកបំពាក់​ការពារ​ខ្លួន​ បាន​ទទួល​អ្នក​ដំណើរ​ដែល​សុទ្ធ​តែ​ពាក់​ម៉ាស់ ខណៈ​ដែលអាជ្ញាធរ​ឥណ្ឌា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​ឲ្យ​មាន​ការ​ហោះហើរ​ក្នុង​ស្រុក​ខ្លះឡើង​វិញ​ក្រោយ​ពី​បាន​បិទ​ទ្រាំង​ស្រុង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩អស់​រយៈ​ពេល​ពីរ​ខែ។

ក្នុង​ថ្ងៃ​ទី​មួយ​នេះ​មានច្របូក​ច្របល់ដោយ​មាន​ជើង​យន្តហោះ​ខ្លះ​ត្រូវ​លុប​ចោល​វិញ​ពី​តំបន់​ដែល​មាន​ការ​ផ្ទុះ​រាលដាល​ខ្លាំង។

អ្នក​ដំណើរ​ថា​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​លក្ខណៈ​ខុស​ពី​មុន ដោយ​អ្នក​ខ្លះ​មាន​ការភិតភ័យពី​ការ​ឆ្លង​ហើយ​អ្នក​ខ្លះ​ទៀត​ថា​វិធាន​ត្រួតពិនិត្យ​តឹងតែង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ទុក​ចិត្ត។ អ្នក​ដំណើរ​ត្រូវ​មក​ដល់​អាកាសយានដ្ឋាន​យ៉ាង​តិច​២​ម៉ោង​មុន​ការ​ហោះហើរ ហើយ​ត្រូវ​គេ​ពិនិត្យ​កម្តៅ​ និង​មាន​កម្មវិធី app តាមដាន​របស់​រដ្ឋាភិបាល​ក្នុង​ទូរស័ព្ទ​ពួក​គេ។ អ្នក​ដំណើរ​ខ្លះ​ពាក់​របាំង​ការពារ​មុខ​ទៀត ហើយ​វ៉ាលី​របស់​ពួក​គេ​ត្រូវ​គេ​បាញ់​ដោយ​ទឹក​សម្លាប់​មេរោគ។

ការ​បើក​ការ​ហោះហើរ​ក្នុង​ស្រុក​នេះ​ធ្វើ​ឡើងទោះ​បី​ជា​ប្រទេស​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​ច្រើន​ជាង​គេ​ទី​១០​ក្នុង​ពិភពលោក​ ដោយគិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ឥណ្ឌា​មាន​ករណី​ឆ្លងជិត​១៤០.០០០​នាក់ និង​អ្នក​ស្លាប់​ជាង​៤.០០០​នាក់។

ឥណ្ឌា​បាន​បិទ​រាល់​ការ​ហោះហើរ​ទាំង​ជើង​យន្តហោះ​ក្នុង​ស្រុក​និង​អន្តរជាតិកាល​ពី​ចុង​ខែ​មីនា ប៉ុន្តែផល​ប៉ះពាល់​ខ្លាំងដល់​សេដ្ឋកិច្ច​ពី​វិបត្តិជំងឺ​រាតត្បាតនេះ​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ត្រូវ​បើក​សកម្មភាព​សេដ្ឋកិច្ច​ខ្លះ​ឡើង​វិញ ដោយ​មន្ត្រី​សុខាភិបាល​ឥណ្ឌា​ថា​ការ​បិទ​ប្រទេស​កន្លង​មកបាន​ជួយ​ឲ្យ​អាជ្ញាធរ​មាន​ពេលវេលា​គ្រប់គ្រាន់ប្រយុទ្ធ​នឹង​ជំងឺ​បាន​បើ​ទោះ​បី​បើក​សេដ្ឋកិច្ច​ខ្លះ​វិញ​ក៏​ដោយ៕