ប្រទេសឥណ្ឌាបានរាយការណ៍ថា មានការឆ្លងមេរោគកូរ៉ូណាជិត១ម៉ឺន៩រយ៥៦ករណីក្នុងរយៈពេល២៤ម៉ោងកាលពីថ្ងៃសុក្រម្សិលមិញ។
ការកើនឡើងនូវការឆ្លងមេរោគកូរ៉ូណាថ្មីចំនួន១ម៉ឺន៩រយ៥៦ករណី បានដាក់ប្រទេសដ៏ធំមួយនៅតំបន់អាស៊ីខាងត្បូងនេះក្នុងលំដាប់ទី៤បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងប្រទេសរុស្ស៊ីក្នុងចំនួនករណីឆ្លង។
ឥណ្ឌាមានជំងឺកូវីដ១៩ចំនួន២សែន៩ម៉ឺន៧ពាន់៥រយ៣៥ករណីក្នុងចំណោមជំងឺកូវីដ១៩ទាំងអស់របស់ពិភពលោកចំនួន៧លាន៥សែនករណី។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកកំពុងនាំមុខពិភពលោកក្នុងចំនួនឆ្លងដោយមានជាង២លានករណី ប្រទេសប្រេស៊ីលមានជាង៨សែនករណី និងប្រទេសរុស្ស៊ីជាង៥សែន១ម៉ឺនករណី។
ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណាទ្រង់ទ្រាយធំនៅខែក្រោយ។
ក្រុមហ៊ុន Moderna កំពុងធ្វើការជាមួយវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩។
ក្រុមហ៊ុននោះបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការសាកល្បងថ្នាំវ៉ាក់សាំងនឹងចាប់ផ្តើមជាមួយពួកអ្នកស្ម័គ្រចិត្តចំនួន៣ម៉ឺននាក់។ អ្នកស្ម័គ្រចិត្តខ្លះនឹងទទួលបានថ្នាំវ៉ាក់សាំងមែនទែន ហើយអ្នកស្ម័គ្រចិត្តផ្សេងទៀតនឹងទទួលបានថ្នាំគ្រាប់។
ក្រុមហ៊ុន Sinovac ដែលជាក្រុមហ៊ុនជីវៈបច្ចេកវិទ្យារបស់ចិនក៏មានគម្រោងសាកល្បងវ៉ាក់សាំងរបស់ខ្លួននៅខែក្រោយលើពួកអ្នកស្ម័គ្រចិត្តចំនួន៩ពាន់នាក់នៅក្នុងប្រទេសប្រេស៊ីល។ ប្រេស៊ីលក៏នឹងត្រូវធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍន៍ដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេសដែរ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងធ្វើការងារជា មួយមន្ទីរពិសោធន៍ឯកជននៅក្នុងអ្វីដែលខ្លួនហៅថា «កិច្ចប្រតិបត្តិការលឿន» ដែលសង្ឃឹមថា នឹងមានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៣រយលានដូសនៅខែមករាឆ្នាំក្រោយ៕