សភាឥណ្ឌា​អនុម័ត​សំណើរ​ច្បាប់​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ចោទប្រកាន់​បុគ្គល​ដែល​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋឥស្លាម

រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​លោក Amit Shah និយាយទៅកាន់​ក្រុមអ្នកសារព័ត៌មាននៅក្រុងញូវដេលី កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។

ដើម្បី​អាច​សម្រេច​បាន​តាម​គោលដៅ​នេះ​ រដ្ឋសភា​ឥណ្ឌា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ ដើម្បី​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​ទីភ្នាក់ងារ​ស៊ើបអង្កេតជាតិ​ហៅ​កាត់​ថា NIA​ ដើម្បី​កាត់ទោស​បុគ្គល​ណា​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ភេរវជន។

អាជ្ញាធរឥណ្ឌា​កំពុង​បង្កើន​កិច្ចខំប្រឹងប្រែង​នៅក្នុង​ការស៊ើបអង្កេត​និង​ធ្វើ​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​ជនជាតិ​ឥណ្ឌា​ណា​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹងក្រុម​រដ្ឋឥស្លាម។ ចំណាត់ការ​នេះ​បាន​ធ្វើឡើង​ បន្ទាប់​ពី​មាន​ការវាយប្រហារ​គ្រាប់បែក​កាល​ពី​ខែមេសា​នៅក្នុង​ប្រទេស​ស្រីលង្កា​ ដែល​ជា​ប្រទេសជិត​ខាង​របស់​ឥណ្ឌា​ ដោយ​បាន​សម្លាប់​មនុស្ស២៥៩នាក់ និង​ធ្វើ​ឲ្យមនុស្ស​រាប់រយនាក់ទៀត​រង​របួស។ នេះ​បើ​យោង​តាម​មន្រ្តី​ឥណ្ឌា។

ដើម្បី​អាច​សម្រេច​បាន​តាម​គោលដៅ​នេះ​ រដ្ឋសភា​ឥណ្ឌា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ ដើម្បី​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​ទីភ្នាក់ងារ​ស៊ើបអង្កេតជាតិ​ហៅ​កាត់​ថា NIA​ ដើម្បី​កាត់ទោស​បុគ្គល​ណា​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ភេរវជន។

កាល​ពី​សប្តាហ៍មុន ​ប្រទេសឥណ្ឌា​បាន​អនុម័ត​សំណើវិសោធនកម្ម​ច្បាប់​នៅក្នុង​សភា​ជាន់ខ្ពស់​ បន្ទាប់​ពី​មាន​ការប្រឆាំង​ពី​គណបក្ស​នយោបាយ​នានា​នៅក្នុង​សភា​ទាំង​ពីរ​ថ្នាក់។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​លោក Amit Shah មក​ពី​គណបក្ស​កាន់អំណាច Bharatiya Janata បាន​ថ្លែង​ថា​ ការអនុម័ត​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការទប់ស្កាត់​សកម្មភាព​ខុសច្បាប់​នេះ​ គឺ​ជា​ការចាំបាច់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​តែ​អាច​នាំមុខ​ក្រុមភេរវកម្ម​បាន។

លោក Shah បាន​និយាយ​ទៅ​កាន់​សមាជិកសភា​ថា «វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កំណត់​ថា​បុគ្គល​ណា​ជា​ភេរវជន​ ហើយ​ភ្លាមៗ​យើង​អាច​ទប់ស្តាក់​ពួកគេ​បាន​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​បង្កើត​អង្គការ​ថ្មី»។

ក្រុមអ្នកជំនាញ​មើលឃើញ​ថា​ វិសោធនកម្ម​ថ្មី​នេះ​គឺ​ជា​ ការត្រួសត្រាយ​ផ្លូវ​ឲ្យ​អាជ្ញាធរ​កាត់ទោស​ប្រជាពលរដ្ឋ​ ចាប់ខ្លួនមនុស្ស​ដោយ​យក​ហេតុផល​ថា​ មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នកដាក់គ្រាប់បែក​នៅក្នុង​ប្រទេសស្រីលង្កា​ និង​ចោទប្រកាន់​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមភេរវកម្ម​ផ្សេងៗទៀត៕