ប៉ាគីស្ថាន​រំខាន​ដល់​ក្រុម​គ្រួសារ​ដែល​ជួប​ជាមួយ​ចារបុរស​ដែល​តុលាការ​កាត់​ឲ្យ​ជាប់​ទោស

លោកស្រី Avanti (រូប​ឆ្វេង) ត្រូវ​ជា​ម្តាយ​របស់​លោក Kulbhushan Sudhir Jadhav និង​លោកស្រី Chetankul (រូប​ឆ្វេង​ទី៣) ត្រូវ​បាន​ភរិយា​របស់​លោក​បាន​ទៅ​ជួប​លោក​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃអង្គារ ឥណ្ឌា ​បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ពី​ការ​យាយី​ដល់​សមាជិក​ក្រុម​គ្រួសាររបស់​លោក Shri Kulbhushan Jadhav ដែល​ជា​ចារបុរស​ឥណ្ឌា​ដែលគេ​កាត់​ទោស​នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ទៅ​សួរ​សុខទុក​លោក​កាល​ពី​មួយ​ថ្ងៃ​មុន។

អាជ្ញាធរ​ប៉ាគីស្ថានបាន​អនុញ្ញាត​ឲ្យ​ភរិយា​លោក Jadhav ហើយ​និង​ម្តាយ​របស់​លោក​ទៅ​សួរ​សុខ​ទុក​លោក​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ប៉ាគីស្ថាន​បាន​បញ្ជាក់​ម្ត​ងទៀត​ថា ​ការណ៍​នេះ​ធ្វើ​ឡើង «ដោយ​ផ្អែកលើ​ហេតុផល​មនុស្ស​ធម៌​សុទ្ធសាធ‍»។

ក្រសួង​ការបរទេស​ឥណ្ឌា ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជំនួប​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាសនៃ​ការ​បង្ខិត​បង្ខំ។

ក្រសួង​ការបរទេស​ឥណ្ឌា​បាន​ប្រាប់​ឲ្យ​ដឹងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ការណ៍​នេះ​បាន​បង្ហាញ​ថា ​លោក​ Shri Jadhaw បាន​ស្ថិត​នៅ​ក្នុង​បរិយាកាស​លំបាក​និងការ​បង្ខិត​បង្ខំ។​ ការនិយាយ​ស្តី​របស់​លោក​ភាគ​ច្រើនបាន​បង្ហាញយ៉ាង​ច្បាស់​ពីការ​ធ្វើ​ទារុណកម្ម​ហើយ​និង​ប្រឌិត​ក្លែងក្លាយ​ដើម្បី​ចោទ​ប្រកាន់​ពី​សកម្ម​ភាព​របស់​លោក​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ អាការៈ​ខាង​ក្រៅ​របស់​លោក​ក៏​បង្កើន​នូវ​សំណួរ​ពី​សុខភាព​ និង​សុខមាលភាព​របស់​លោក​ដែរ‍»។

​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ក៏​បាន​និយាយ​ដែរថា ​ម្តាយ​របស់​លោក Jadhaw បាន​ត្រូវ​គេ​រារាំង​មិន​ឲ្យ​និយាយ​ទៅកាន់​កូន​ប្រុស​របស់​លោកស្រីជា​ភាសា​កំណើត​របស់​ពួកគាត់ ​ហើយ​ថា ​ក្រុម​គ្រួសារ​ត្រូវ​បាន​រំខាន​យាយី​ដោយ​បណ្តាញ​ព័ត៌មាន ​ថ្វីបើ​មាន​កិច្ច​ព្រមព្រៀងដ៏​ច្បាស់​ក្រឡែតថា សារព័ត៌មាន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ជិត​ក្រុម​គ្រួសារ​ក៏ដោយ៕