ឥណ្ឌា​ចាប់ផ្តើម​បេសកកម្ម​ទៅ​កាន់​ភព​ព្រះចន្ទ​នៅ​សប្តាហ៍​នេះ​បន្ទាប់​ពី​បរាជ័យ

យាន (GSLV) MkIII ដែល​បំពាក់​ភ្ជាប់​ជាមួយ​នឹង​យានអវកាស Chandrayaan-2 ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អាកាស Satish Dhawan នៅ​ក្នុង​តំបន់ Sriharikota ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​យាន​អវកាស​ដែលគ្មាន​មនុស្ស​បើកបរ​ទៅ​ផ្នែកម្ខាង​នៅភព​ព្រះចន្ទ ​កាលពី​ថ្ងៃចន្ទ​ គឺ​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​បេសសកម្ម​របស់​ខ្លួន​បាន​បរាជ័យ​ដោយ​សារ​បញ្ហា​បច្ចេកទេស។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង​បេសសកម្ម​នេះ​បាន​ទះ​ដៃ​អបអរ​សាទរ នៅ​ពេល​ដែល​ក្បាល​គ្រាប់​រ៉ុក្កែត​ត្រូវ​លើក​បញ្ឈរ​ឡើង​ក្រោម​អាកាស​ធាតុ​ស្រឡះ​ល្អ ហើយ​រង់ចាំ​ការ​ចេញ​ដំណើរ​នៅម៉ោង​ ២និង​៤៣នាទី ​ពីតំបន់​ ស្រ៊ីហារីកូតា ​នៅភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។​

នាយក​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា ​K. Sivan ​បាន​និយាយ​ថា ក្បាល​គ្រាប់​រ៉ុក្កែត​បាន​នាំ​យាន​អវកាស​ទៅកាន់​គន្លង​តារា​វិថី​ដោយ​ជោគ​ជ័យ។ ​យាន​អវកាស​ Chandrayaan ​ជាភាសា​សំស្ក្រឹត​មាន​ន័យថា​ យាន​អវកាស​ភព​ព្រះចន្ទ​នោះ មាន​គម្រោង​ចុះចត​នៅ​ប៉ូល​ខាងត្បូង​ភព​ព្រះចន្ទ​ក្នុង​ខែ​កញ្ញា ​ហើយ​បញ្ជូន​យាន​តូច មួយ​ដើម្បី​រុករក​ប្រភព​ទឹក​ដែល​មាន​ ហើយ​ត្រូវបាន​បញ្ជាក់​ដោយ​បេសកកម្ម​ពេល មុនៗ​ដែល​បាន​ទៅដល់​និង​ធ្វើដំណើរ​ជុំវិញ​ភព​ព្រះចន្ទ​នោះ។

បេសកកម្ម​ទៅកាន់​ភព​ព្រះចន្ទ​លើក​ដំបូង​របស់​ឥណ្ឌា​ដែល​ហោះ​ជុំវិញ​ភព​ព្រះចន្ទ នោះ​កើត​ឡើង​កាលពី​ឆ្នាំ​២០០៨​ ហើយ​បាន​ជួយ​បញ្ជាក់​ថា​ពិតជា​មាន​ប្រភព​ទឹក​មែន។​ ប្រទេស​ឥណ្ឌា​មាន​គម្រោង​ការបញ្ជូន​យាន​អវកាស​មាន​មនុស្ស​បើក​បរ​របស់​ខ្លួន​លើក​ដំបូង​នៅក្នុង​ឆ្នាំ​២០២២៕