ប្រទេសឥណ្ឌាបានដំឡើងពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិកមួយចំនួន ដើម្បីជាការសងសឹកតបទៅនឹងការសម្រេចរបស់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីដើមខែនេះ នៅក្នុងការកាត់ផ្ដាច់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់ទំនិញឥណ្ឌា។
ការយកពន្ធគយថ្មីនេះបានចូលជាធរមាននៅថ្ងៃអាទិត្យនេះ និងប៉ះពាល់ដល់ទំនិញរបស់សហរដ្ឋអាមេរិកចំនួន ២៨ ប្រភេទ ដែលមានដូចជាគ្រាប់ almond និងផ្លែប៉ោមជាដើម។ ប្រទេសឥណ្ឌា គឺជាប្រទេសនាំចូលដ៏ច្រើនជាងគេបំផុតនូវគ្រាប់ almond របស់សហរដ្ឋអាមេរិក និងជាប្រទេសនាំចូលច្រើនបំផុតលំដាប់ទីពីរនូវផ្លែប៉ោមរបស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០១៧ ប្រទេសឥណ្ឌា គឺជាអ្នកទទួលបានផលប្រយោជន៍ពីប្រព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងការអនុគ្រោះពន្ធលើទំនិញទូទៅ ដែលហៅកាត់ថា GSP។ ប្រព័ន្ធអនុគ្រោះពន្ធនេះជួយបន្ទាបពន្ធគយ ដែលសហរដ្ឋអាមេរិកយកលើទំនិញនាំចូលពីប្រទេសកំពុងអភិវឌ្ឍប្រហែល ១២០ ប្រទេសនៅលើពិភពលោក។
ទំនិញនាំចេញរបស់ឥណ្ឌាដែលទទួលបានការអនុគ្រោះពន្ធ GSP នេះ មានដូចជាគ្រឿងបន្លាស់រថយន្ត សារធាតុគីមី គ្រឿងអលង្ការមានតម្លៃ និងវត្ថុធាតុដើមមួយចំនួនទៀត។
ទោះបីជាការអនុគ្រោះពន្ធគយនេះផ្ដល់លទ្ធភាពឲ្យឥណ្ឌានាំចេញទំនិញរួចពន្ធដែលមានទឹកប្រាក់ប្រហែល ៥ ពាន់ ៦ រយលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Anup Wadhawan បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងញូដេលី កាលពីខែមិនាកន្លងទៅនេះថា ផលប្រយោជន៍ពិតប្រាកដដែលឥណ្ឌាទទួលបាន គឺប្រហែល ១៩០ លានដុល្លារ ដែលលោកថា ចំនួននេះគឺ «តិចតួចល្មម» តែប៉ុណ្ណោះ៕