នាយករដ្ឋមន្រ្តីប្រទេសឥណ្ឌាលោក Narendra Modi បានសម្ពោធប្រព័ន្ធរ៉ាដានៅឆ្នេរសមុទ្រនិងមជ្ឈមណ្ឌលហ្វឹកហាត់យោធា នៅក្នុងប្រទេសម៉ាល់ឌីវ កាលពីថ្ងៃសៅរ៍ នៅពេលដែលរដ្ឋាភិបាលក្រុងញូដែលី ស្វះស្វែងរកការពារឥទ្ធិពលរបស់ចិននៅក្នុងប្រទេសដែលជាទីកន្លែងយុត្តិសាស្រ្តនោះ។
កោះម៉ាល់ឌីវ ជាប្រជុំកោះផ្កាថ្មតូចៗរាប់ពាន់ភាគខាងត្បូងឧបទ្វីបឥណ្ឌា ដែលជាផ្លូវនាវាចរណ៍ដ៏មមាញឹកមួយរបស់ពិភពលោក។
ឥណ្ឌាជាសម្ព័ន្ធមិត្តប្រពៃណីរបស់ប្រទេសនោះ បានឃ្លាំមើលការរង្គាសចិត្ត ការពឹងពាក់ខាងនយោបាយ និងហិរញ្ញវត្ថុកាន់តែខ្លាំងឡើងរបស់លោក Abdulla Yameen អតីតមេដឹកនាំរបស់ប្រទេសនោះលើរដ្ឋាភិបាលក្រុងប៉េកាំង។
ប៉ុន្តែក្រោយការចាញ់ឆ្នោតរបស់លោក Yameen កាលពីខែកញ្ញាឆ្នាំមុន គេឃើញរដ្ឋាភិបាលថ្មីនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Ibrahim Mohamed Solih បានធ្វើឲ្យប្រទេសនោះវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញ។
ក្រុមមន្រ្តីបាននិយាយថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Modi និងលោក Solih នៃកោះម៉ាល់ឌីវ បានសម្ពោធមជ្ឈមណ្ឌលហ្វឹកហាត់យោធាកាលពីថ្ងៃសៅរ៍។ មន្រ្តីទាំងនោះនិយាយទៀតថា គម្រោងទាំង២នេះបានផ្តល់ថវិកាដោយរដ្ឋាភិបាលឥណ្ឌាមានតម្លៃ២៦លានដុល្លារ។
សេចក្តីថ្លែងការណ៍រួមមួយបានបញ្ជាក់ថា ភាគីទាំង២បានពិភាក្សាគ្នាពីសេចក្តីត្រូវការដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងថា មេដឹកនាំប្រទេសទាំង២ បានសន្យាធ្វើការប្រយុទ្ធចោរសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្មមានការចាត់ចែងនិងការជួញដូរមនុស្សតាមរយៈការយាមល្បាតនិងការស៊ើបយកការតាមអាកាសដែលមានការសម្របសម្រួលគ្នាផ្លាស់ប្តូរព័ត៌មាននិងស្ថាបនាសមត្ថភាព៕