ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​​ជិត​ ៤សែន​នាក់​ក្នុង​រយៈពេល​មួយ​ថ្ងៃ

អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ Holy Family ក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១។

ការឆ្លង​ជំងឺ​កូវីដ១៩ ​ប្រចាំថ្ងៃនៅ​ក្នុង​ប្រទេស​ឥណ្ឌា​បន្ត​ កើន​ឡើង​ជិត​ដល់ ​៤ សែន​ករណី ​ក្នុង​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រសួង​សុខាភិបាលឥណ្ឌា​បាន​ប្រកាស​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៨៦.៤៥២ នាក់។

ករណី​ឆ្លង​ប្រចាំ​ថ្ងៃបាន​កើន​ឡើង​លើស ៣ សែនករណី​ក្នុង​មួយ​ថ្ងៃ ​ក្នុង​រយ:ពេល ១៩​ ថ្ងៃ​ជាប់​គ្នា។ ប្រព័ន្ធ​ផ្សព្វផ្សាយឥណ្ឌា​បាន​រាយការណ៍​ថា មន្ត្រី​សុខាភិបាល​សាធារណៈមួយ​ចំនួន ​ជឿ​ថា ករណី​ឆ្លង​ថ្មី​ពិតប្រាកដ​អាច​មាន​ចំនួន ​៥ ដង​ លើស​ពីតួលេខ​ដែល​បាន​ប្រកាស។

ស្របពេលជាមួយគ្នានោះ ជំនួយ​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​សុក្រ​នេះ។ ជំនួយ​របស់​សហរដ្ឋ​អាមេរិក ​រួមមានឧបករណ៍​ផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន ឧបករណ៍​ធ្វើតេស្តឆាប់​ដឹង​លទ្ធផល​ និង​សម្ភារៈផលិត​វ៉ាក់សំាង។

រលក​ទី​ ២ នៃការឆ្លង​ជំងឺកូវីដ១៩ បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​ដួល​រលំ ដោយ​មន្ទីរពេទ្យ​ផ្ទុក​អ្នក​ជំងឺ​ហួស​ចំណុះ​ និងការ​ខ្វះខ្យល់អុកស៊ីសែន ​ដែល​ធ្វើ​ឲ្យស្ថានការណ៍​កាន់តែ​ដុនដាប​ទៅៗ។ ឧទ្យាន និង​ចំណត​រថយន្ត​ជា​ច្រើនត្រូវ​បាន​កែច្នៃជា​កន្លែង​បូជា​សព និង​ត្រូវបាន​គេ​ប្រើប្រាស់​ទាំង​យប់​ទំាង​ថ្ងៃ​ ដើម្បី​បូជា​សព​អ្នកស្លាប់​ដោយ​សារជំងឺកូវីដ១៩។

មន្ត្រី​ជំនាញ​សុខាភិបាល​សាធារណ:​របស់​ឥណ្ឌា បាន​ស្ដី​បន្ទោស​ការ​ឆ្លង​រាល​ដាលរាល​នៃ​ជំងឺ​កូវីដ ១៩​បម្លែង​ថ្មី​ ​បូកផ្សំ​ការបន្ធូបន្ថយ​ការ​ជួបជុំ​គ្នាទ្រង់ទ្រាយធំ​ នៅពេល​ដែល​ការ​ឆ្លង​រាល​ដាល​បាន​បង្ហាញ​នូវ​ការ​គ្រប់​គ្រង​បាន​ កាល​ពី​ដើម​ឆ្នាំមុន។​

លោក Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដឹង​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អាច​កើត​ឡើង​គ្រប់​ទីកន្លែង...នៅ​ពេល​ដែល​ការការពារ​ខ្លួន​ជា​លក្ខណ:បុគ្គល​ត្រូវ​បានបន្ធូរ​បន្ថយ នៅពេល​ដែល​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ច្រើន នៅពេល​មាន​ការ​ឆ្លង​មេរោគបម្លែង​ថ្មី​កាន់​តែ​ច្រើន និង​នៅ​ពេល​ដែលការចាក់​វ៉ាក់សំាង​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ការណ៍​នេះ​អាច​បង្កើត​ឲ្យ​មាន​មហន្តរាយ​ក្នុង​ប្រទេសណាក៏បាន»។

យ៉ាងណាមិញ សហរដ្ឋ​អាមេរិក​មាន​ករណីឆ្លង​ជំងឺ​កូវីដ១៩​ ច្រើន​ជាង​ប្រទេស​ឥណ្ឌា។ ​ករណីឆ្លងសរុបនៅសហរដ្ឋអាមេរិក មាន​ចំនួន ៣២ លាន​នាក់។ ចំណែក​ឥណ្ឌា​មាន​ចំនួន ១៨ លាន ៣ សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins