រដ្ឋធានីញូវដែលីបិទរយៈពេលមួយសប្តាហ៍ គិតចាប់ពីយប់ថ្ងៃច័ន្ទតទៅ ដើម្បីបង្ការការដួលរលំនៃប្រព័ន្ធសុខាភិបាលរបស់រដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះ។ អាជ្ញាធរបាននិយាយថា ពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាពពេលមានករណីផ្ទុះឡើងការឆ្លងជំងឺកូវីដ១៩។
រថយន្តសង្គ្រោះបន្ទាន់បើកពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយដោយព្យាយាមរកគ្រែទំនេរកាលពីចុងសប្តាហ៍ ខណៈអ្នកជំងឺតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរង់ចាំគ្រូពេទ្យ។ នៅកន្លែងបូជាសពមានឡានពេទ្យដឹកសពក្នុងមួយឡានៗមានសពចំនួន៦។
លោកវេជ្ជបណ្ឌិត Suresh Kumar ប្រធានមន្ទីរពេទ្យ Lok Nayak Jai Prakash Narayan ដែលជាមន្ទីរពេទ្យធំបំផុតមួយក្នុងរដ្ឋធានីញូវដែលីបាននិយាយថា«អ្នកជំងឺនៅតែមកជាបន្តបន្ទាប់ក្នុងស្ថានភាពដែលស្ទើរតែទប់ទល់លែងបាន»។
លោក Kumar និយាយថា យើងត្រូវការអុកស៊ីសែនខ្លាំងបំផុត។ ប៉ុន្តែលោករដ្ឋមន្រ្តី Arvind Kejriwal បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋធានីនេះកំពុងខ្វះអុកស៊ីសែននិងថ្នាំមួយចំនួនទៀត។ លោកថា ត្រូវមានវិធានការតឹងរ៉ឹងថ្មីដើម្បីកុំឲ្យ «ប្រព័ន្ធសុខាភិបាលដួលរលំ»។
លោក Bhramar Mukherjee អ្នកឯកទេសខាងជីវគីមីនៅសាកលវិទ្យាល័យ Michigan ដែលបានតាមដានការរាតត្បាតនៅឥណ្ឌានិយាយថា គ្រាន់តែប៉ុន្មានខែបន្ទាប់ពីប្រទេសឥណ្ឌាគិតថាមានការរាលដាលដ៏អាក្រក់បំផុតនោះ ឥឡូវវីរុសនេះកំពុងតែរីករាលដាលដោយមានអត្រាលឿនជាងពេលណាៗទាំងអស់។
ឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ជាង ២ សែន ៧ ម៉ឺនករណីកាលពីថ្ងៃច័ន្ទ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩មក៕