ឥណ្ឌា​ហាម​ការ​ផ្សាយ​​ឯកសារ​របស់BBCដែលមាន​អត្ថាធិប្បាយ​​របស់​​ជន​រំលោភ​ផ្លូវ​ភេទ​​កាល​ពី​ឆ្នាំ២០១២

  • Anjana Pasricha

រូបថតឯសារ៖ និស្សិតឥណ្ឌា​ផ្នែកការព្យាបាល​តាម​បែប​ធម្មជាតិ​ លើ​បដា​នៅឯក្បួន​ដង្ហែរ​មួយ​ក្នុងពេល​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​រំលោភ​ដ៏​ពិឃាត​មួយ​ទៅលើ​ស្ត្រី​វ័យក្មេង​នៅ​ក្នុង​ឡាន​ក្រុង​មួយ​នៅ​ទីក្រុង​ញូវ ​ដេលី​ ប្រទេស​ឥណ្ឌា។

អាជ្ញាធរ​ឥណ្ឌា​បាន​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ​របស់ BBC ដោយ​សារ​តែ​មាន​ការ​ខឹង​សម្បា​ពី​មហាជន ចំពោះ​បទ​សម្ភាសន៍​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​នឹង​ជន​ដៃ​ដល់​ម្នាក់​នៃ​ករណី​រំលោភ​សេព​សន្ថទេវៈ​ជា​ក្រុម​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មួយ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​២ឆ្នាំ​មុន។ អ្នក​ខ្លះ​យល់​ថា ការ​ហាម​ប្រាម​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ទេ ហើយ​ថា ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុង​សង្គម​ដែល​មិន​ឲ្យ​តម្លៃ​ស្ត្រី​ទៅ​វិញ​ទេ ដែល​ជា​ដំណោះស្រាយ។

Mukesh Signh គឺជា​ជន​ដៃ​ដល់​ក្នុង​ចំណោម​ជន​ដៃ​ដល់​៦នាក់ ដែល​បាន​រំលោភ​និស្សិត​ស្រី​ផ្នែក​ព្យាបាល​ជំងឺ​ដោយ​ការ​ហាត់​ប្រាណ អាយុ​២៣ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១២ ដែល​បាន​និយាយ​ថា ស្រ្តី​ដែល​ដើរ​ក្រៅ​ផ្ទះ​ពេល​យប់​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។ Mukesh Singh បាន​ប្រាប់​ផលិតករ​របស់ BBC ថា «‍ស្ត្រី​មាន​ការ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​សេព​សន្ថទេវៈ​ច្រើន​ជាង​បុរស​ឆ្ងាយ​ណាស់»។

Mukesh Singh កំពុង​តែ​ឋិត​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង Tihar នៅ​ក្រុង New Delhi ខណៈ​ដែល Mukesh ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ផ្តន្ទាទោស​ប្រហារ​ជីវិត​មក​លើ​រូប​គេ​សម្រាប់​បទ​ឧក្រិដ្ឋកម្ម​រំលោភ​សេព​សន្ថទេវៈ​មក​លើ Jyoti Singh នៅ​លើ​រថយន្ត​ក្រុង​មួយ ដែល​នាង​បាន​ជិះ ក្រោយ​ពេល​ដែល​នាង​បាន​មើល​កុន​ចប់​នៅ​ពេល​យប់​នោះ។ ដោយ​គ្មាន​វិប្បដិសារី​អ្វី​សោះ Mukesh បាន​ប្រាប់​ផលិត​ករ Leslee Udwin ថា បើ​សិន​ជា Jyoti Singh មិន​រឹង​ទទឹង​នឹង​ការ​រំលោភ​ពេល​នោះ ពួក​គេ​ដែល​ជា​ជន​ដៃ​ដល់​នឹង​មិន​ចាំ​បាច់​វាយ​ដំ​នាង​រហូត​ដល់​នាង​ស្លាប់​នោះ​ទេ។ Mukesh និយាយ​ថា «នាង​គួរ​តែ​នៅ​ឲ្យ​ស្ងាត់​ស្ងៀម​ឲ្យ​យើង​រំលោភ​តាម​សម្រួល»។

ខ្សែ​ភាពយន្ត​ឯកសារ​រយៈពេល​១ម៉ោង​នេះ ដែល​មាន​ចំណង​ជើង​ថា «‍កូន​ស្រី​ឥណ្ឌា» និង​ដែល​មាន​បទ​សម្ភាសន៍​នេះ​ក្នុង​នោះ​ដែរ នឹង​គ្រោង​ចាក់​ផ្សាយ​ដោយ​ស្ថានីយ៍​ទូរទស្សន៍ BBC Four នៅ​ថ្ងៃ​ទី៨ ខែមិនា ខាង​មុខ​នេះ ហើយ​ស្ថានីយ៍​ទូរទស្សន៍​ឥណ្ឌា​មួយ​គ្រោង​នឹង​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ដែរ។

ក៏​ប៉ុន្តែ ខណៈ​ដែល​មាន​ការ​ខឹង​សម្បា​ពី​មហាជន​ចំពោះ​អ្វី​ដែល Mukesh Singh បាន​និយាយ​នោះ ប៉ូលិស​បាន​ចាត់​វិធានការ​ហាម​មិន​ឲ្យ​ផ្សាយ​បទ​សម្ភាសន៍​របស់ Mukesh ដោយ​អះអាង​ថា បទ​សម្ភាសន៍​នេះ​អាច​នឹង​បណ្តាល​ឲ្យ​មាន​«‍បរិយាកាស​នៃ​ភាព​ភ័យ​ខ្លាច និង​ភាព​តាន​តឹង​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​ជា​សាធារណៈ»។ លើស​ពី​នេះ ស្ថានីយ៍ទូរទស្សន៍​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ។

លោក Rajinath Singh រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចោទ​ប្រកាន់​ផលិត​ករ​ថា​បាន​បំពាន​ល័ក្ខខ័ណ្ឌ​នៃ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​បទ​សម្ភាសន៍។

«យើង​បានកត់​សម្គាល់​ឃើញ​ថា ខែ្ស​ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​ពី​ការ​លើក​ឡើង​របស់​ជន​ជាប់​ចោទ​ដែល​ជា​ការ​ប្រមាថ​មើល​ងាយ និង​តិះដៀល​កិត្តិយស​ស្រ្តី​យ៉ាង​ខ្លាំង»។

សកម្មជន​ស្រ្តី​ដ៏​ឆ្នើម​ជា​ច្រើន​បាន​យល់​ឃើញ​ដូច​រដ្ឋាភិបាល​ដែរ ដោយ​បាន​ជំទាស់​ថា ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ប្រៀប​ដូច​ផ្តល់​វេទិកា​ឲ្យ​ជន​ដៃ​ដល់ និង​ឃាតករ។

លោកស្រី Ranjana Kumari ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សង្គម​នៅ​ក្រុង New Delhi បាន​និយាយ​ថា ការ​ឆ្លើយ​តប​របស់ Mukesh Singh គឺជា​ឥរិយាបថ​ទូទៅ​របស់​បុរស​នៅ​ឥណ្ឌា។

«‍ខ្ញុំ​យល់​ថា យើង​មិន​អាច​រក​ឃើញ​អ្វី​ថ្មី ដោយ​ផ្អែក​តាម​អ្វី​ដែល Mukesh បាន​និយាយ​នោះ​ទេ។ នេះ​ហើយ​គឺជា​ផ្នត់​គំនិត​អំពី​បញ្ហា​នេះ។ បើ​បទ​សម្ភាសន៍​ត្រូវ​តែ​ធ្វើ​ឡើង នោះ​វា​គួរ​តែ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​វេជ្ជបណ្ឌិត​ចិត្ត​សាស្ត្រ ឬ​សង្គម​វិទូ​ដើម្បី​វិភាគ។ ការ​យក​បទ​សម្ភាសន៍​នេះ​មក​ចាក់​ផ្សាយ​បែប​នេះ ខ្ញុំ​យល់​ថា ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ វា​ពិត​ជា​ការ​រំលោភ​បំពាន​លើ​កិត្តិយស​របស់​ស្ត្រី»។

ការ​ខឹង​សម្បា​នេះ​គឺ​មិន​មែន​តែ​លើ​អ្វី​ដែល​ជន​ដៃ​ដល់​បាន​និយាយ​ទេ។ មាន​ការ​សួរ​ដោយ​ខឹង​សម្បា​ជា​ច្រើន​ថា ហេតុ​អ្វី​បាន​ជា​ផលិតករ​បរទេស​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សម្ភាស Mukesh Singh និង​ជន​ដៃ​ដល់​ដ៏​ទទៃ​ទៀត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។

ផលិតករ Udwin បាន​ការពារ​ខ្សែ​ភាពយន្ត​នេះ​នៅ​ក្នុង​កម្មវិធី​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ដ៏​ពិសេស​មួយ​នៅ​ក្រុង New Delhi កាល​ពី​ថ្ងៃអង្គារ មុន​ពេល​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ។ ក្នុង​នាម​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សេព​សន្ថទេវៈ​ម្នាក់​ដែរ ផលិតករ Udwin និយាយ​ថា លោកស្រី​បាន​ទទួល​ការ​អនុញ្ញាត ហើយ​សោក​ស្តាយ​ដោយ​សារ​តែ​ការ​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​នេះ។

ខ្សែ​ភាពយន្ត​នេះ ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​យប់​នៃ​ការ​រំលោភ​សេព​សន្ទទេវៈ​ដោយ​បុរស​មួយ​ក្រុម ក៏​មាន​ចាក់​បង្ហាញ​បទ​សម្ភាសន៍​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ មេធាវី និង​គ្រូពេទ្យ​ផង​ដែរ។

លោកស្រី Udwin ឲ្យ​ដឹង​ថា លោក​ស្រី​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​យល់​ឃើញ​របស់ Mukesh Singh មក​លើ​ស្ត្រី។

«នេះ​គឺ​គួរ​ឲ្យ​តក់ស្លុត​មែន​ទែន។ អ្វី​ដែល Mukesh យល់​ឃើញ ជាជាង​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត បាន​ជំរុញ​ឲ្យ Mukesh ធ្វើ​បែប​នោះ។ ហើយ​មិន​មែន​មាន​តែ Mukesh ទេ​ដែល​គិត​បែប​នេះ។ តាម​ពិត នេះ​គឺជា​បញ្ហា​សង្គម​មួយ។ ក្នុង​រយៈពេល​១៦ម៉ោង​នោះ គឺ​គ្មាន​ការ​ស្តាយ​ក្រោយ​ទាល់​តែ​សោះ។ ហើយ​ឥរិយាបថ​របស់ Mukesh គឺជា​មូល​ហេតុ​ដែល​បុរស​យល់​ខុស​ពី​យើង​ដែល​ជា​ស្ត្រី ហើយ​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​យល់​ឃើញ​ដូច​នេះ»។

ខណៈ​ដែល​មាន​ការ​ប្រឆាំង និង​ការ​ខឹង​សម្បា​នឹង​បទ​សម្ភាសន៍​នេះ មាន​អ្នក​ខ្លះ​បាន​ចង្អុល​បង្ហាញ​ថា បញ្ហា​ដ៏​ចម្បង​មួយ​គឺ​ថា អ្វី​ដែល​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ចង់​ឆ្លុះ​បង្ហាញ​កំពុង​តែ​ត្រូវ​បាន​បាត់​បង់ ដែល​នោះ​គឺ ផ្នត់​គំនិត​នៃ​សង្គម​មួយ​ដែល​មិន​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រី។

លោក Javed Akhtar ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​ម្នាក់ បាន​ចោទ​សួរ​លើ​ការ​ខឹង​សម្បា​មក​លើ​ខ្សែ​ភាពយន្ត​នេះ និង​មក​លើ​អ្វី​ដែល​ជន​ដៃ​ដល់​បាន​និយាយ ដែល​ថា ស្ត្រី​សម​នឹង​រងគ្រោះ បើ​សិន​ជា​ពួក​គេ​នៅ​ដើរ​ចេញ​ក្រៅ​ផ្ទះ​នៅ​ពេល​យប់។

លោក​និយាយ​ថា លោក​ពិត​ជា​សប្បាយ​រីករាយ​ដែល​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ចង​ក្រង​ឡើង ដើម្បី​ឲ្យ​បុរស​ឥណ្ឌា​រាប់​លាន​នាក់​អាច​យល់​ថា ពួក​គេ​ក៏​គិត​ដូច​គ្នា​នឹង​ជន​ដៃ​ដល់​នៃ​ការ​រំលោភ​សេព​សន្ថទេវៈ​នេះ​ដែរ។ លោក​លើក​ឡើង​ថា បើ​សិន​ជា​បុរស​ទាំង​អស់​នេះ​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល Mukesh Singh បាន​និយាយ នោះ​ពួក​គេ​គួរ​តែ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​គេ។

លោកស្រី Anu Aga សមាជិក​ព្រឹទ្ធសភា និង​ជា​បុគ្គលិក​សង្គម​កិច្ច និង​អ្នក​ជំនួញ​ម្នាក់ បាន​យល់​ឃើញ​ស្រដៀង​នេះ​ដែរ។

«ណែនាំ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ប្រហារ​ជីវិតទៅ។ ហើយ​ការ​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​នេះ​គឺ​មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ។ យើង​ត្រូវ​តែ​ប្រឈម​នឹង​បញ្ហា​នេះ ដែល​ថា បុរស​នៅ​ឥណ្ឌា​មិន​គោរព​ស្ត្រី ហើយ​ពេល​ណា​ដែល​មាន​ករណី​រំលោភ​សេព​សន្ថទេវៈ កំហុស​ត្រូវ​បាន​ទម្លាក់​មក​លើ​ស្ត្រី ហើយ​ថា ស្ត្រី​ស្លៀក​ពាក់​មិន​សមរម្យ និង​ជា​អ្នក​បង្ក​ហេតុ​ឲ្យ​បុរស​ប្រព្រឹត្ត​បែប​នេះ។ នេះ​មិន​មែន​គ្រាន់​តែ​ជា​ទស្សនៈ​របស់​បុរស​ម្នាក់​ដែល​នៅ​ក្នុង​គុក​នោះ​ទេ។ នេះ​គឺជា​ទស្សនៈ​របស់​បុរស​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្វែង​យល់​ពី​បញ្ហា​នេះ ហើយ​មិន​គួរ​គិត​ថា​គ្មាន​បញ្ហា​នោះ​ទេ»។

ខណៈ​ដែល​ករណី​រំលោភ​សេព​សន្ថទេវៈ​ជា​ក្រុម​ដ៏​ព្រៃ​ផ្សៃ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ម្តង​ទៀត មាន​អ្នក​ខ្លះ រួម​ទាំង​ឪពុក​ម្តាយ​របស់​ជន​រងគ្រោះ​កំពុង​តែ​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ករណី​នេះ​មិន​ទាន់​បាន​កាត់​សេចក្តី​ឲ្យ​ចប់ ក្នុង​រយៈពេល​២ឆ្នាំ​ក្រោយ​ហេតុការណ៍​នេះ​បាន​កើត​ឡើង។ ស្រប​ពេល​ដែល​តុលាការ​បាន​ចេញ​សាលក្រម​ដ៏​លឿន​មួយ​ក្នុង​រយៈពេល​៩ខែ ក្នុង​កំណត់​ត្រា​របស់​ឥណ្ឌា ការ​ប្តឹង​ឧទ្ធរណ៍​របស់​ជន​ដៃ​ដល់​កំពុង​តែ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​កំពូល​នៅ​ឡើយ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត