ឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងប្រទេសឥណ្ឌានិងម៉ាល់ឌីវបានបង្កជាជម្លោះរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការបង្ហោះសារបញ្ចេញមតិមួយចំនួនរបស់រដ្ឋមន្ត្រីម៉ាល់ឌីវ ដែលរិះគន់ប្រមាថដល់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ហើយពលរដ្ឋឥណ្ឌាក៏បានអំពាវនាវឱ្យធ្វើពហិការកុំឱ្យទៅលេងម៉ាល់ឌីវ ដែលជាប្រទេសដែនកោះដ៏ពេញនិយមមួយ។
ឧប្បត្តិហេតុនេះកើតឡើង ខណៈពេលដែលប្រទេសម៉ាល់ឌីវកំពុងត្រូវបានគេមើលឃើញថា បានងាកកាន់តែជិតទៅរកប្រទេសចិន នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Mohamed Muizzu ដែលទើបចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំទៅ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi ក្នុងពេលទស្សនកិច្ចលើប្រជុំកោះ Lakshadweep របស់ឥណ្ឌា កាលពីដើមខែមករាកន្លងទៅនេះ បានសរសើរដល់សម្រស់ឆ្នេរដ៏ស្រស់ស្អាតរបស់កោះនេះ និងបានបង្ហោះរូបថតលោកដើរលើឆ្នេរខ្សាច់ និងការមុជទឹកដែលបំពាក់បំពង់ខ្យល់ផងដែរ នៅលើបណ្តាញសង្គម X ដែលគេធ្លាប់ស្គាល់ថាជា Twitter នោះ។
ប្រជុំកោះ Lakshadweep នេះ លាតសន្ធឹងប្រមាណ២០០គីឡូម៉ែត្រពីដែនដីគោករបស់ឥណ្ឌា និងមានអ្នកទេសចរតិចតួចគឺពីរបីពាន់អ្នកប៉ុណ្ណោះទៅលេងទីនោះជារៀងរាល់ឆ្នាំ។ លោក Modi និយាយថា ប្រជុំកោះនេះគួរជាទីចាប់អារម្មណ៍មួយ សម្រាប់អ្នកដែលចង់ផ្សងព្រេងគយគន់មើលទីតាំងនេះ។
នៅក្នុងការបង្ហោះនោះលោកមិនបាននិយាយចំឈ្មោះប្រទេសម៉ាល់ឌីវនោះឡើយ។ ប៉ុន្តែការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ ត្រូវបានមនុស្សមួយចំនួននៅក្នុងប្រទេសម៉ាល់ឌីវដែលជាប្រទេសតូចមួយ ចាត់ទុកជាការឃោសនាដើម្បីទាក់ទាញក្រុមអ្នកទេសចរឥណ្ឌាឱ្យងាកចេញពីតំបន់រមណីយលំហែកាយដ៏ទំនើបរបស់ម៉ាល់ឌីវ ហើយទៅកាន់តំបន់ឆ្នេរនៃប្រជុំកោះ Lakshadweep របស់ឥណ្ឌាវិញ។
អនុរដ្ឋមន្រ្តីម៉ាល់ឌីវអ្នកស្រី Mariyam Shiuana បានបង្ហោះសារមួយលើបណ្តាញសង្គម X ដោយសំដៅលើលោក Modi ថា «លោកដូចជាតួកំប្លែង»។ អ្នកស្រីបានហៅលោក Modi ថា ជា «កូនជឹងរបស់អ៊ីស្រាអែល»។ មានរដ្ឋមន្ត្រីម៉ាឌីវពីររូបផ្សេងទៀត ក៏បានបញ្ចេញមតិបន្តុះបង្អាប់ដល់នាយករដ្ឋមន្ត្រីឥណ្ឌាផងដែរ។
ការបង្ហោះសារទាំងនោះក្រោយមកត្រូវបានលុបចោលទៅវិញ ហើយមន្ត្រីទាំងបីនាក់របស់ម៉ាល់ឌីវក៏ត្រូវបានបញ្ឈរជើង ហើយរដ្ឋាភិបាលម៉ាល់ឌីវព្យាយាមដាក់ខ្លួននៅឆ្ងាយពីការបញ្ចេញមតិទាំងនោះ។
រដ្ឋាភិបាលម៉ាល់ឌីវបានដឹងពីសារប្រមាថមើលងាយប្រឆាំងនឹងមេដឹកនាំបរទេសនិងបុគ្គលដែលមានឋានៈខ្ពស់លើបណ្តាញសង្គម។ នេះជាទស្សនៈផ្ទាល់ខ្លួននិងមិនតំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាលប្រទេសម៉ាល់ឌីវនោះឡើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍នេះនិយាយទៀតថា សេរីភាពនៃការបញ្ចេញមតិ គួរត្រូវធ្វើឡើងនៅក្នុងបែបផែនមួយដែល«មិនបណ្តាលឱ្យមានការស្អប់ ជះផលអវិជ្ជមាន និងធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសម៉ាល់ឌីវនិងដៃគូអន្តរជាតិរបស់ខ្លួននោះឡើយ»។
ទោះបីជាមានការបញ្ជាក់បកស្រាយយ៉ាងនេះក្តី ក៏ការនេះមិនបានជួយសម្រាលកំហឹងក្នុងប្រទេសឥណ្ឌាជាមួយនឹងការប្រើសញ្ញា hashtag «ធ្វើពហិការម៉ាល់ឌីវ» ដែលកំពុងកើនឡើងខ្លាំងក្នុងបណ្តាញសង្គមនោះទេ។
មានតារាសម្តែងល្បីៗជាច្រើនរូប ដែលរួមមានតារាភាពយន្តនៃក្រុមហ៊ុន Bollywood និងកីឡាករ cricket ល្បីៗរបស់ឥណ្ឌាជាច្រើននាក់ផងដែរ បានចែករំលែកសារបង្ហោះលើបណ្ដាញសង្គម ដែលមានសញ្ញា hashtag មានន័យថា «ចូរនាំគ្នាទៅលេងកោះ Lakshadweep»។
វេបសាយដែលពេញនិយមមួយក្នុងប្រទេសឥណ្ឌា ដែលគេប្រើប្រាស់ក្នុងការកក់សំបុត្រធ្វើដំណើរឈ្មោះ EaseMyTrip បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ខ្លួនបានផ្អាកការកក់សំបុត្រទៅលេងប្រទេសម៉ាល់ឌីវហើយ។
លោក Nishant Pitti ប្រធានក្រុមហ៊ុននេះនិយាយថា៖ «ជុំវិញជម្លោះបង្ហោះសាររបស់សមាជិកសភាប្រទេសម៉ាល់ឌីវស្តីពីទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់កោះ Lakshadweep នោះ យើងបានសម្រេចថា មិនទទួលយកការកក់ណាមួយ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវនោះឡើយ។
អ្នកទេសចរឥណ្ឌាមានចំនួនច្រើនជាងគេបង្អស់ ដែលបានទៅលេងឆ្នេរសមុទ្រត្រូពិកក្នុងប្រទេសម៉ាល់ឌីវកាលពីឆ្នាំទៅ ដោយមានចំនួនរហូតដល់ជាង ១១ភាគរយនៃចំនួនអ្នកទេសចរសរុបទាំងអស់ដែលទៅលេងប្រទេសនេះ។ ប្រទេសម៉ាល់ឌីវមានផលទុនសរុបប្រមាណ ១ភាគ៤ ដែលបានមកពីវិស័យទេសចរ ហើយវិស័យនេះមានសារសំខាន់សម្រាប់ប្រទេសម៉ាល់ឌីវដែលមានប្រជាជនសរុបទាំងអស់កន្លះលាននាក់។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតម៉ាល់ឌីវក្នុងរដ្ឋធានី New Delhi ដើម្បីប្រាប់ពីការបារម្ភរបស់ខ្លួនជុំវិញការបញ្ចេញមតិលើបណ្តាញសង្គម ស្តីពីនាយករដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី៨ ខែមករា កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន។
ភាពចម្រូងចម្រាស់នេះបានកើតមានឡើង ខណៈទំនាក់ទំនងរវាងប្រទេសម៉ាល់ឌីវនិងឥណ្ឌា កំពុងធ្លាក់ក្នុងភាពមិនសូវល្អចាប់តាំងពីប្រធានាធិបតីម៉ាល់ឌីវលោក Muizzu ឡើងកាន់តំណែងមក។
លោក Muizzu នៅដើមខែមករានេះ បានធ្វើទស្សនកិច្ចក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយបំពានលើប្រពៃណី ដែលប្រធានាធិបតីទើបជាប់ឆ្នោតថ្មីៗរបស់ប្រទេសម៉ាល់ឌីវក្នុងពេលកន្លងទៅ តែងតែទៅបំពេញទស្សនកិច្ចក្រៅប្រទេសក្នុងប្រទេសឥណ្ឌាមុនគេ។
លោក Muizzu បានធ្វើយុទ្ធនាការដោយផ្អែកលើទ្រឹស្ដី «មិនត្រូវការឥណ្ឌា» ឬ «India Out» ដោយនិយាយថា លោកនឹងកែប្រែ«គោលនយោបាយឥណ្ឌាមុនគេ» ឬ «India First» របស់ប្រធានាធិបតីម៉ាល់ឌីវមុន។ ចាប់តាំងពីការចូលកាន់តំណែងមក លោក Muizzu បានស្នើឥណ្ឌាឱ្យដកកងទ័ពមួយអង្គភាពតូច ដែលមានគ្នា ៧០នាក់ ចេញពីដែនកោះរបស់ខ្លួន ដែលត្រូវបានដាក់ពង្រាយដើម្បីជួយត្រួតពិនិត្យសន្តិសុខដែនសមុទ្រ ការស្រាវជ្រាវ ប្រតិបត្តិការជួយសង្គ្រោះ និងការជម្លៀសសម្រាប់ការព្យាបាលវេជ្ជសាស្ត្រជាដើម។
ប្រធានាធិបតីម៉ាល់ឌីវរូបនេះក៏បានលុបចោលកិច្ចព្រមព្រៀងមួយ ជាមួយកងនាវាជើងទឹកឥណ្ឌា ស្តីពីការវាស់ស្ទង់សមុទ្រ និងបាននិយាយថា លោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងជាង ១០០ទៀត ដែលរដ្ឋាភិបាលមុនរបស់ប្រទេសម៉ាល់ឌីវ បានចុះហត្ថលេខាជាមួយឥណ្ឌានោះ។
ក្រុមអ្នកវិភាគនិយាយថា ភាពចម្រូងចម្រាស់ចុងក្រោយនេះ នឹងធ្វើឱ្យទំនាក់ទំនងទំនងរវាងប្រទេសទាំងពីរ ដែលកំពុងមានភាពរកាំរកូសស្រាប់នោះ កាន់តែរីកធំខ្លាំងថែមទៀតប៉ុណ្ណោះ។
ក្នុងទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញពីសង្គ្រាមប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយរវាងឥណ្ឌានិងចិន សម្រាប់វត្តមានជាយុទ្ធសាស្ត្រក្នុងប្រទេសម៉ាល់ឌីវ ហើយដែលដូចគ្នាផងដែរទៅនឹងប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយចំនួន ដូចជាប្រទេសស្រីលង្កាជាដើម។ ប្រទេសទាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវសមុទ្រដ៏សំខាន់ក្នុងមហាសមុទ្រឥណ្ឌា៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ