ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បាត់បង់​ឥទ្ធិពល​ក្នុង​ប្រទេស​ម៉ាល់ឌីវ


ប្រធានាធិបតី​ប្រទេស​ម៉ាល់ឌីវ លោក Mohamed Muizzu ចាកចេញ​ពី​ពិធី​ចូលកាន់តំណែង​របស់​លោក​នៅ​ទីក្រុង Male នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។
ប្រធានាធិបតី​ប្រទេស​ម៉ាល់ឌីវ លោក Mohamed Muizzu ចាកចេញ​ពី​ពិធី​ចូលកាន់តំណែង​របស់​លោក​នៅ​ទីក្រុង Male នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ាល់ឌីវ ​លោក Mohamed Muizzu ​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​តាម​ការសន្យា​មួយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ ដើម្បី​ដក​វត្តមាន​យោធា​របស់​ឥណ្ឌា​ចេញពី​ប្រទេស​របស់​លោក​ ដោយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញ៉ូដេលីដក​បុគ្គលិក​យោធា​របស់ខ្លួន​ចេញពី​ប្រទេស​របស់​លោក។

រដ្ឋបាល​របស់​លោក ​ថែម​ទាំង​បាន​និយាយ​ថា​ខ្លួន​កំពុង​ពិនិត្យ​សើរើមើល​កិច្ចព្រមព្រៀង​ជាង​១០០ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ឥណ្ឌា ​ដែល​មាន​រួម​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចការពារ​ប្រទេស​និង​សន្តិសុខ​ជាតិ​ផងដែរ។

អ្នកជំនាញ​ហៅ​រឿង​នេះ​ថា​ជា​ជំហាន​ថយក្រោយ ​ក្នុង​កិច្ចប្រឹងប្រែង​របស់​ឥណ្ឌា ​ដើម្បី​ទប់ទល់​ជាមួយ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅក្នុង​ប្រទេស​តូច​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង ​ខណៈ​ដែល​លោក Muizzu ​ដែល​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​គាំទ្រ​ចិន​ ប្រហែលជា​នឹង​ងាក​ទៅរក​រដ្ឋាភិបាល​ក្រុងប៉េកាំង។

ខណៈដែល​ទំនាក់ទំនង​របស់​ឥណ្ឌា​ជាមួយ​រដ្ឋាភិបាល​ក្រុងម៉ាល ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​អំឡុង​រដ្ឋបាល​មុន​របស់​លោក​អតីតប្រធានាធិបតី ​Ibrahim Mohamed Solih​ ដែល​ដើរ​តាម​គោល​នយោបាយ​ផ្តល់ ​«អាទិភាព​ឱ្យ​ឥណ្ឌា‍» ​នោះ ​លោក Muizzu ​បាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ លើ​គោល​នយោបាយ​ «ដក​ឥណ្ឌា​ចេញ‍» ដោយ​និយាយ​ថា​វត្តមាន​របស់​ឥណ្ឌា​នៅក្នុង​ប្រទេស ប៉ះពាល់​លើ​បូរណភាព​ទឹកដី​របស់​ម៉ាល់ឌីវ។

បុគ្គលិក​យោធា​ឥណ្ឌា​ចំនួន​៧៧​នាក់ ​ដែល​លោក Muizzu ​ចង់ឱ្យ​ឥណ្ឌា​យកទៅ​វិញ​នោះ​ ភាគច្រើន​ជា​អ្នកបើកបរ ​និង​អ្នកជួសជុល​គ្រឿង​ម៉ាស៊ីន ​ដែល​កាន់​ឧទ្ធម្ភាគចក្រ​២​គ្រឿង ​និង​យន្តហោះ​មួយ​គ្រឿង​ដែល​ប្រើប្រាស់​ដើម្បី​ជួយ​ប្រទេស​ម៉ាល់ឌីវ ​ក្នុង​ការឃ្លាំមើល​ដែន​សមុទ្រ​ និង​កិច្ចការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

ប៉ុន្តែ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ​វត្តមាន​របស់​បុរស​ទាំងនេះ ​ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​វត្តមាន​របស់​យោធា​ឥណ្ឌា​នៅក្នុង​ប្រទេស៕

XS
SM
MD
LG