ឥណ្ឌា​ចោទ​ថា​ទ័ព​ចិន​ប៉ុនប៉ង​ទន្រ្ទាន​ចូល​ព្រំដែន​ហិមាល័យ​តែ​ចិន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ

លោក​នាយករដ្ឋមន្ត្រី Narendra Modi ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់ Ladakh កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរ​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា​ កង​ទ័ព​របស់​ខ្លួន​បាន​រារាំង​ការ​ប៉ុនប៉ងរបស់​ទាហាន​ចិន​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ភាគ​ខាង​ជើង​ក្នុងតំបន់ Ladakh ទីតាំង​ដែល​ភាគី​ទាំង​ពីរ​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដ៏​តាន​តឹង​មួយតាម​បណ្ដោយ​ព្រំដែនភ្នំ​ហិមាល័យ​អស់​រយៈពេល​ជាង​បួន​ខែ​មក​ហើយ។ ប៉ុន្តែ​ភាគី​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

សេចក្ដី​ថ្លែងការណ៍​ [ពីភាគី​ឥណ្ឌា] បាន​ឱ្យ​ដឹង​ថា​ឧប្បត្តិហេតុ​នេះបាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​កង​ទ័ព​ឥណ្ឌា «បាន​ចាត់​វិធានការ​ទប់ស្កាត់សកម្មភាព​របស់​កង​ទ័ព​ចិន​នៅ​ខាង​ត្បូង​មាត់​បឹង Pangong Tso ​និង​បាន​ពង្រឹង​ជំហរ​របស់​ខ្លូន​ ដើម្បី​រារាំង​ចេតនា​របស់​ចិន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​ជា​ឯកតោភាគី»។​

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​បេជ្ញា​ចិត្ត​ចរចា ប៉ុន្តែ​ឥណ្ឌា​ «ក៏ប្តេជ្ញា​ដូចគ្នា​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន»។​

នៅរដ្ឋធានី​ប៉េកាំង​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Zhao Lijian បាន​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា កងទ័ព​ការពារ​ព្រំដែន​របស់​ចិន «តែង​តែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បន្ទាត់​ព្រំដែន​ ឬ The Line of Actual Control ឬ និង​មិនដែល​ឆ្លង​ដែន​ឡើយ» ដោយ​សំដៅ​លើ​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ច្បាស់​លាស់។ លោក​ថា​ភាគី​ទាំង​ពីរ​ជជែក​គ្នា​អំពី​ស្ថានភាពនៅ​ព្រំដែន។ ​បន្ទាត់​ព្រំដែន​នេះ​បែង​ចែក​បូរណភាព​ទឹក​ដី​ប្រទេស​ទាំង​ពីរ៕