អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ថា ​ការ​បំពេញ​ការងារ​របស់​តំណាងរាស្រ្ត​អាណត្តិ​នេះ​«អសកម្ម»

រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​គណ​បក្ស​ក្រៅរ​ដ្ឋាភិបាល​មួយ​ចំនួន​មើល​ឃើញ​ថា​ ការ​បំពេញ​ការងារ​របស់​រដ្ឋ​សភា​ ឬតំណាង​រាស្រ្តអាណត្តិ​ទី ៦​ នេះ​អសកម្ម​ជាង​អាណត្តិ​ទី​ ៥​ ក្រោម​ហេតុ​ផល​ថា​ ទំនង​មក​ពី​តំណាង​រាស្រ្តព្រួយ​ខ្លាច​បាត់​បង់​តួនាទី ​នៅ​ពេលហ៊ាន​លើក​យក​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ទៅ​ជជែក​វែក​ញែក​ជាមួយ​គណៈកម្មការ​រដ្ឋ​សភា។​

ការ​លើក​ឡើង​របស់​ពួកគេ​ធ្វើ​ឡើង​នៅ​ក្នុង​កម្ម​វិធី​កិច្ច​ពិភាក្សា​លើ​របាយ​ការណ៍​សង្ខេប​បឋម​របស់​អង្គការ​ខុមហ្វ្រែល​ ស្តីពី «ការ​សង្កេត​រដ្ឋ​សភា ​និង​តំណាង​រាស្ត្រ​ក្នុង​នីតិ​កាល​ទី ៦» នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​គឹម ឈន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល បញ្ជាក់​ថា កម្មវិធី​កិច្ច​ពិភាក្សាលើ​របាយ​ការណ៍​សង្ខេប​បឋម​នេះ​មាន​គោល​បំណង​ដើម្បី​បង្ហាញ​ពី​លទ្ធផល​ដែល​អង្គការ​ខុមហ្វ្រែល​បាន​សង្កេត​ពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា​ និង​តំណាងរាស្ត្រ ​និង​បង្កើត​ឱកាស​ដើម្បី​ស្វែង​រក​ជា​ធាតុ​ចូល​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋសភា ​និង​តំណាង​រាស្ត្រ​បំពេញ​តួនាទី​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ការ​ទទួល​ខុស​ត្រូវ។​

លោក​ថ្លែង​ថា៖ ​«យើង​ចង់​ជជែក​ពិភាក្សា​គ្នា​អំពី​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​ភារកិច្ច​របស់​រដ្ឋសភា ​និង​តំណាងរាស្ត្រ​នៅ​ក្នុង​អាណត្តិ​ទី ៦ ​ដោយ​យើង​ប្រៀប​ធៀប​ទៅ​នឹង​អាណត្តិ​ទី ៥​ថា តើ​ប្រសិទ្ធភាព​បែប​ម៉េច​ ទាក់​ទង​នឹង​តួនាទី​ដូច​ដែល​ខាង​ខ្ញុំ​រៀប​រាប់​ខាង​លើ​នេះ។ ​ហើយ​គំនិត​ទី​ ៣ ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ផង​ដែរ ខ្ញុំ​សូម​ស្នើ​ឱ្យ​អង្គ​ពិភាក្សា​ជួយ​ពិនិត្យ​ពិចារណា ​ផ្តល់​យោបល់​ថា​ តើ​យើង​គួរ​ធ្វើ​ម៉េច​ ឬ​មាន​អនុសាសន៍​ជា​យោបល់​បែប​ម៉េច​ដើម្បី​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​មន្ត្រី​ជាប់​ឆ្នោត​ ពីព្រោះ​យើង​មិន​ចង់​ឱ្យ​ការ​បោះឆ្នោ​ត​ហើយ​ ចប់​ដោយ​គ្មាន​ន័យ​ទេ។​ យើង​ចង់​ឱ្យ​ការ​បោះឆ្នោត​ហើយ​ [គឺ]​ មាន​អត្ថន័យ​ [ដែល]​ មាន​ន័យ​ថា​ មន្ត្រី​ដែល​ជាប់​ឆ្នោត​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​មួយ​ម្ចាស់​ឆ្នោត»។​

បើ​តាម​របាយ​ការណ៍បឋម​របស់​អង្គការ​ខុម​ហ្វ្រែល​ដែល​មាន​ចំនួន​ ១២ ​ទំព័រ​ ​គិត​ចាប់​ពីខែ​កញ្ញា​ ឆ្នាំ​ ២០១៨ ​ដល់​ខែ​សីហា ​ឆ្នាំ​ ២០២២ ​សមាជិក​រដ្ឋ​សភា​ក្នុង​អាណត្តិ​ទី ៦ ​នេះ​បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​តែ​ម្តង​គត់​មក​សួរ​នាំ ​តែ​មិន​បាន​សួរដេញ​ដោល​អ្វី​ច្រើន​នោះ​ទេ ​ដោយ​គ្រាន់​តែ​សួរ​ថា​ តើ​ក្រសួង​យុត្តិធម៌​បាន​ធ្វើអ្វី?​ ហើយ​មាន​ផែនការ​អ្វី​ខ្លះ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​នីតិកាល​ទី ៦​ ឱ្យ​មាន​ភាព​កាន់​តែល្អ​ប្រសើរ​ឡើង?​

អង្គការ​ខុមហ្វ្រែល​បន្ថែម​ថា​ ដំណើរការ​មិន​សកម្ម​ក្នុង​ប្រព័ន្ធ​សភា​និយម​ ដោយ​មិន​ឃើញ​មាន​សកម្មភាព​របស់​រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​មួយ​ថ្ងៃក្នុង​មួយ​សប្តាហ៍ ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​ ៩៦ ​ដើម្បី​លើក​សំណួរ​ និងចម្លើយ​នោះ​ដែរ។​

​ក្រៅ​ពី​នេះ ​ខុមហ្វ្រែល​កត់​សម្គាល់​ថា​ របៀប​វារៈ ​ដែល​បាន​អនុ​ម័ត​ក្នុង​សម័យ​ប្រជុំ​សភា ​មិន​ត្រូវ​បាន​ជជែក​ ឬសួរ​ដេញ​ដោល​ច្រើន​ផុសផុល​ដូច​នីតិកាល​មុនៗ​នោះ​ទេ។ ហើយ​ជាមួយ​គ្នា​នេះ ​ច្បាប់​ខ្លះ​បាន​ដាក់​អនុម័ត​យ៉ាង​ប្រញាប់​ ដោយ​មិន​មាន​ការ​ជជែក​ជាសាធារណៈ ​ឬ​ការ​ដាក់​ឱ្យ​មាន​ការ​ឃោសនា​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន ​ពេល​គណបក្ស​ជាប់​ឆ្នោត។​

ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ចូលរួមក្នុងកិច្ចពិភាក្សាស្តីពី «ការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ក្នុងនីតិកាលទី៦» នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

អង្គការ​នេះ​បន្ថែម​ថា​ ទាក់​ទងសំណើ​របស់គណបក្ស​នយោបាយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​សហជីព​ដែល​ដាក់​ជូន​ទៅ​រដ្ឋសភា​ មិនឃើញ​មាន​គណៈកម្មការ​ជំនាញ ឬ​សមាជិក​សភា​រូប​ណា​ម្នាក់​ លើក​យក​មក​ពិភាក្សា​ ឬ​ដាក់​ជា​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​នោះ​ទេ ​ដែល​អង្គការ​ខុម​ហ្វ្រែល​ថា​ អង្គការ​រដ្ឋ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​ពី​ប្រជា​ពលរដ្ឋ​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​នោះ។ ​

នៅ​ក្នុង​កម្ម​វិធី​កិច្ច​ពិភាក្សាលើ​របាយ​ការណ៍​សង្ខេប​បឋម​ ដែ​ល​អង្គការ​ខុមហ្វ្រែល​រៀបចំ​នេះ មាន​អ្នក​ចូល​រួម​ប្រមាណ​ ៥០ ​នាក់ ​មកពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​និង​ពី​ស្ថាប័ន​ជា​ច្រើន ​និង​គណបក្ស​នយោបាយ ប៉ុន្តែ​អវត្ត​មាន​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋ​សភា ​បើ​ទោះ​បី​ជា​មាន​ការ​អញ្ជើញ​ក៏​ដោយ។

លោក​ យ៉ែម បុញ្ញឫទ្ធិ ​អនុ​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​របស់​អង្គការ​ខុមហ្វ្រែល​ថា តំណាងរាស្ត្រ​ត្រូវ​តែ​ហ៊ាន​បំពេញ​តួនាទី​ ភារកិច្ចរ​បស់​ខ្លួន​ ឬ​ហ៊ាន​លើក​បញ្ហា​ឡើង​ដើម្បី​យក​ទៅ​ដោះស្រាយ​ ដោយ​កុំ​ខ្លាច​បាត់​បង់​តំណែង។​ ប៉ុន្តែ​លោក​ថា​ រឿង​សំខាន់​គឺ​ត្រូវមាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ ដើម្បី​កុំ​ឱ្យ​ដាក់​សម្ពាធ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​តំណាងរាស្ត្រ។

លោក​ថ្លែងថា៖ «ចំណុច​ដែល​ពាក់​ព័ន្ធ​នឹង​តួនាទី​របស់​តំណាង​រាស្ត្រ​ គឺ​ជា​រឿង​មួយ​គួរ​ឱ្យ​សោក​ស្តាយ​មែន​ទែន។ ​សោកស្តាយ​ត្រង់​ចំណុច​ណា?​ ក្លាយ​ខ្លួន​ទៅជា​អ្នក​តំណាង​រាស្ត្រ​ ហើយ​មិន​បាន​បំពេញ​តួនាទី​ឱ្យ​បាន​ពេញ​លេញ។ ​ហើយ​ទាំង​អស់​នេះ បើ​យើង​សិក្សា​ពី​មូលហេតុ​នៃ​បញ្ហា​ឱ្យ​ជាក់​ច្បាស់​មែន​ទែន​ គឺចេញពី​ច្បាប់​ដែល​ចែង​ថា ​ពេល​ដែល​បាត់​បង់​សមាជិក​ភាព​បក្ស​ ត្រូវ​បា​ត់បង់​តួនាទី​តំណែង​ទាំង​អស់។​ ច្បាប់​នេះ​អាក្រក់​ណាស់​ គឺ​ចង ​សង្កត់ ​ហើយ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​នយោបាយ​ អ្នក​តំណាងរាស្ត្រ ​ដែល​លោក​បាន​ទទួល​សំឡេង​ពី​ប្រជា​ពលរដ្ឋ​ផ្ទាល់​ គ្មាន​អ្នក​ណា​មួយ​មក​ដក​តួនាទី ​និង​តំណែង​គាត់​បែប​ហ្នឹង​ទេ»។ ​

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​រំលាយ​គណបក្សមួយ​ អាសនៈ​មិន​ត្រូវ​យក​ទៅ​ចែក​គ្នា​ដោយ​គ្មាន​ការ​បោះឆ្នោត​ឡើង​វិញ​ទេ ព្រោះ​វា​ប៉ះ​ពាល់​ដល់​តួនាទី​តំណាងរាស្ត្រ​ដែល​ទទួល​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​នី សុខា ​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​ថា​ នៅ​ពេល​ដែលមាន​តំណាងរាស្ត្រ​ក្នុង​សភា​មកពី​ពហុបក្ស នោះ​ការ​បំពេញ​ការ​ងារ​របស់​រដ្ឋសភានឹង​មាន​ភាព​សកម្ម​ច្រើន​ជាង​ឯកបក្ស។​ ប៉ុន្តែ​លោក​ថា​ ការ​រៀប​ចំ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹម​ត្រូវ ​និង​យុត្តិធម៌ ទើប​ជា​រឿង​សំខាន់​ជាង​នេះ ​ដើម្បី​ឈាន​ទៅ​បំពេញ​ការងារ​ជា​តំណាងរាស្ត្រ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​អ្វី​ដែល​យើង​រក​ឃើញ​នេះ ​គឺឃើញ​ថា អាណត្តិ​ទី​ ៦​ នេះ​គឺ​មិន​សូវ​សកម្ម ​ឬ​អសកម្ម​ជាង​គេ​ ហើយ​យើ​ង​ទាំង​អស់​គ្នា​បាន​លើក​ឡើង​ថា​ ប្រហែល​ជា​អាច​មក​ពី​ទី ១​ តំណាងរាស្ត្រ​ហ្នឹង​មិន​ពហុ​បក្ស។​ បើ​យើង​ប្រៀប​ធៀប​ពី​អាណត្តិ​មុនៗ​គឺ​មុនៗ​មាន​លក្ខណៈ​ជា​ពហុបក្ស។ ​អ៊ីចឹង​បើ​ពហុបក្ស​ ដែល​យើង​តែងតែ​គិត​ថា​ បើ​សិន​ជា​តំណាងរាស្ត្រ​ជា​ពហុបក្ស​ យើង​អាច​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​បាន​ច្រើន»។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ លោក​ ឡេង ប៉េងឡុង ​ប្រាប់​វីអូអេ​ថា​ បច្ចុប្បន្ន​ រដ្ឋ​សភា​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ ដូច្នេះ​ទើបរដ្ឋ​សភាធ្វើ​ការ​ជាមួយ​គណបក្ស​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​ប្រឈម​នៅ​តាម​មូល​ដ្ឋាន​ ច្រើន​ជាង។​

លោក​ថា៖ ​«ទី ១ ​ជា​ការ​បញ្ចេញ​មតិ​របស់​គាត់។​ ទី ២​ គាត់​មើល​ពីខាង​ក្រៅ​ តាម​ពិត​គឺ​ថា​ យើង​ដឹង​ថា​ សភា​កម្ពុជា​ជា​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ៊ីចឹង​គេ​ធ្វើការ​ជាមួយ​គណបក្ស​ផង ​ធ្វើការ​ជាមួយ​សភា​ផង។ ​អ៊ីចឹង​គេ​ចុះ​មូល​ដ្ឋាន​ គេ​ធ្វើ​អី ​គេ​ដោះ​ស្រាយ​ស្ងាត់ៗ​ក្នុង​គណបក្ស​ ឬ​ក៏​នៅ​ក្នុង​មូលដ្ឋាន​របស់​គេ​ មិន​បាច់​ធ្វើ​ឡូឡា​ក្នុង​សភា​ទេ»។

គួរ​បញ្ជាក់​ថា​ មុន​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ រដ្ឋសភា​មាន​សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​ចំនួន​ ៥៥ ​រូប​ក្នុង​ចំណោម​សមាជិក​សភា​សរុប​ចំនួន​ ១២៥ ​រូប៕