ពណ៌ក្រហមនៅលើស្លាកសញ្ញាពណ៌ត្នោតខ្ចីនៅខាងក្រៅហាង La Torre ផ្សព្វផ្សាយប្រភេទសម្លៀកបំពាក់ខាងក្នុងដែលមនុស្សជំនាន់មុនប្រហែលបានពាក់ ភាគច្រើនគឺជាខោទ្រនាប់ និងក្រវាត់ចង្កេះ។
ហាងនេះ ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា The Tower ហើយបានក្លាយជាហាងស្តង់ដាមួយនៅក្នុងទីក្រុង Barcelona អស់រយៈពេលជាង១២០ ឆ្នាំកន្លងមកហើយ ដែលអាចរក្សាបាននូវរូបភាពអតីតកាលរបស់ទីក្រុង។
ហាង La Torre បានទប់ទល់នឹងការប្រកួតឥតឈប់ឈររបស់ហាង Starbucks, McDonald's និងបណ្តាញសាជីវកម្មអន្តរជាតិផ្សេងទៀត ដែលអ្នករិះគន់បាននិយាយថា បានបំផ្លាញព្រលឹងនៃទីប្រជុំជន។
ហាង រោងកុន ឬបណ្ណាល័យដែលបានបើកអំឡុងពេលផ្សេងទៀត មិនមានភ័ព្វសំណាងខ្លាំងនោះទេ ហើយថែមទាំងត្រូវបានបង្ខំចិត្តបិទទ្វារទៀតផង។
អ្នកធ្វើយុទ្ធនាការនៅប្រទេសអេស្ប៉ាញប្តេជ្ញាការពារទម្រង់បេតិកភណ្ឌមួយដែលពួកគេនិយាយថាកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង។ នោះគឺ ស្លាកយីហោហាងដែលផ្សាយពាណិជ្ជកម្មអាជីវកម្មខ្នាតតូចដែលជារឿយៗបើកជាលក្ខណៈគ្រួសារ។
ដោយត្រូវបានពណ៌នាដោយកាសែត ABC របស់អេស្ប៉ាញ ថាជា«តួ Indiana Jones នៃស្លាកយីហោហាងដែលបានបាត់បង់» ស្លាកយីហោទាំងនេះតំណាងឱ្យអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីស្លាកសញ្ញារោងកុន Art Deco ស្លាកសញ្ញា Buy Easy ដែលចាំងពន្លឺភ្លឹបភ្លែតបែបបុរាណ និងស្លាកសញ្ញាហាងស្បែកជើងពណ៌មាសជាដើម។
អ្នកស្ម័គ្រចិត្តមកពីបណ្តាញ Iberian ការពារមរតកក្រាហ្វិក ដែលជាសមូហភាពនៃគម្រោងប្រហែល ៥០ នៅទូទាំងប្រទេសអេស្ប៉ាញបាននិយាយថា ស្លាកសញ្ញាពាណិជ្ជកម្មនៅខាងក្រៅហាងដែលបានកំណត់អត្តសញ្ញាណទីក្រុង ទីប្រជុំជន និងភូមិនានាជាយូរមកហើយគឺជាផ្នែកមួយនៃអតីតកាលរបស់យើង ។
បេតិកភណ្ឌ
សម្រាប់មនុស្សភាគច្រើន បេតិកភណ្ឌផ្តល់ឱ្យនូវសេចក្តីសង្ខេបអំពីគំនិតនៃប្រាសាទ ផ្ទាំងគំនូរដែលមិនអាចកាត់ថ្លៃបាន និងគ្រឿងអលង្ការរបស់រាជវង្ស។ ប៉ុន្តែអ្នកធ្វើយុទ្ធនាការទាំងនេះអះអាងថា ទេសភាពទីក្រុងដែលមនុស្សភាគច្រើនរស់នៅរាល់ថ្ងៃនេះគឺជាផ្នែកមួយនៃអតីតកាលដ៏មានតម្លៃរបស់យើងផងដែរ។
ច្បាប់បេតិកភណ្ឌនៅប្រទេសអេស្ប៉ាញការពារអ្វីៗគ្រប់យ៉ាងតាំងពីព្រះវិហារ រហូតដល់ប្រាសាទ និងការប្រកួតគោជល់ ប៉ុន្តែមិនមែនស្លាកយីហោហាងទេរហូតមកដល់ពេលនេះ។ ដូច្នេះដំបូង អ្នកធ្វើយុទ្ធនាការត្រូវតែបញ្ចុះបញ្ចូលក្រុមប្រឹក្សាមូលដ្ឋានឱ្យការពារនិមិត្តសញ្ញានៃជីវភាពរស់នៅប្រចាំថ្ងៃទាំងនេះ។
លោក Alberto Nanclares នៃបណ្តាញ Iberian បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយថា៖ «យើងប្រឆាំងនឹងការនឹករឭក ព្រោះវានិយាយថាអតីតកាលប្រសើរជាងបច្ចុប្បន្ន ឬអនាគត។យើងចង់រក្សាស្លាកយីហោហាងទាំងនេះព្រោះវាតំណាងឱ្យអ្វីមួយពីអតីតកាលដែលយើងអាចប្រើដើម្បីរៀនសូត្រសម្រាប់អនាគត» ។
លោក Nanclares បាននិយាយថា អង្គការនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋាភិបាលនៅពេលនោះបានលុបចោលច្បាប់ដែលធានាការជួលថោកៗដល់ក្រុមហ៊ុន ដោយជំរុញឱ្យហាងតូចៗជាច្រើនបាត់អាជីវកម្ម។ លោកបាននិយាយថា ពួកគេគ្រោងនឹងបើកសារមន្ទីរមួយដើម្បីបង្ហាញស្លាកសញ្ញាដែលពួកគេបានរក្សាទុក។
លោកបានបន្ថែមថា៖ «វាគួរតែមានប្រជាប្រិយភាពខ្លាំងព្រោះវានឹងទាក់ទាញអ្នករចនា ស្ថាបត្យករ មនុស្សចាស់ដែលចង់ឃើញពីអតីតកាល និងមនុស្សដែលចង់នាំជីដូនជីតារបស់ពួកគេទៅមើលកន្លែងដែលពួកគេធំដឹងក្តី»។
អ្នកនាង Laura Asensio គឺជាអ្នករចនាក្រាហ្វិកដែលបានធ្វើការឱ្យអង្គការមួយឈ្មោះថា Valladolid with Character។ ពួកគេសង្ឃឹមថា នឹងបញ្ឈប់ Valladolid ដែលជាទីក្រុងអេស្ប៉ាញប៉ែកខាងជើង កុំឱ្យក្លាយទៅជាទីក្រុងដែលគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដូចទីក្រុងជាច្រើនទៀតនៅទូទាំងទ្វីបអឺរ៉ុប។
អ្នកស្ម័គ្រចិត្តកំពុងគូសផែនទីដៅទីតាំងនៃស្លាកយីហោហាងចាស់ៗដែលត្រូវបានរក្សាទុក ឬក៏កំពុងប្រឈមមុខនឹងហានិភ័យ មិនឱ្យបាត់។
អ្នកនាង Asensio បាននិយាយថានាងសង្ឃឹមថានឹងបញ្ចុះបញ្ចូលក្រុមប្រឹក្សាក្រុងឱ្យផ្លាស់ប្តូរច្បាប់ក្នុងស្រុកដើម្បីរក្សាផ្នែកមួយនៃបេតិកភណ្ឌរបស់ទីក្រុងនេះ។ សៀវភៅមួយក្បាលនឹងត្រូវបានបោះពុម្ពជាមួយនឹងរូបថតនៅក្នុងខែធ្នូ ដែលរៀបរាប់អំពីផ្នែកនៃជីវិតនៅក្នុងទីក្រុងនេះសម្រាប់មនុស្សជំនាន់ក្រោយ។
នាងបានប្រាប់ VOA ថា៖ «ហេតុផលដែលយើងចាប់ផ្តើមអង្គការនេះគឺដើម្បីបញ្ឈប់ស្លាកយីហោហាងកុំឱ្យបាត់បង់ដោយសារសកលភាវូបនីយកម្ម។ នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈមណ្ឌលនានាក្នុងទីក្រុងកំពុងត្រូវបានគ្របដណ្តប់ដោយស្លាក McDonalds, Zara ឬ Burger King»។
អ្នកនាង Laura Aseguradade ដែលជាអ្នករចនាផ្ទៃខាងក្នុង និងជាសមាជិកនៃបណ្តាញ Iberian បាននិយាយថា មនុស្សវ័យក្មេងប្រហែលជាមិនពេញចិត្តនឹងតម្លៃនៃបេតិកភណ្ឌស្ថាបត្យកម្មនៃទីក្រុងរបស់ពួកគេនោះទេ។
នាងបានប្រាប់ VOA ពីផ្ទះរបស់នាងនៅក្នុងទីក្រុងម៉ាឌ្រីដថា៖ «ប៉ុន្តែ ប្រសិនបើអ្នកមិនឱ្យតម្លៃ ប្រពៃណី និងភាពខុសប្លែកនៃទីក្រុងរបស់អ្នកទេ នោះម៉ាឌ្រីដ នឹងមើលទៅដូច Barcelona ឬទីក្រុងឡុងដ៍ ជាមួយនឹងខ្សែសង្វាក់ដូចគ្នាដែលកើតឡើងដោយសារសកលភាវូបនីយកម្ម»។
នាងនិយាយថា៖«យើងមិនប្រឆាំងនឹងសកលភាវូបនីយកម្មទេ ប៉ុន្តែបេតិកភណ្ឌស្ថាបត្យកម្មនាំមកនូវតម្លៃដល់ទីក្រុងរបស់អ្នក ព្រោះវាធ្វើឱ្យមានលក្ខណៈខុសពីកន្លែងផ្សេងៗទៀតដែលមានសារៈសំខាន់សម្រាប់ទេសចរណ៍ និងគុណភាពនៃជីវិត»៕
ប្រែសម្រួលដោយ អ៊ុន សុដាវី