កាលពីប៉ុន្មានថ្ងៃមុន បេក្ខជនប្រធានាធិបតីសរអាខាងគណបក្សប្រជាធិបតេយ្យដែលនាំមុខគេ គឺលោក Joe Biden បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលលោកស្ថិតនៅដាច់ពីអ្នកដទៃ នៅក្នុងគេហដ្ឋានរបស់លោកនៅរដ្ឋ Delaware ដើម្បីការពារមេរោគកូរ៉ូណា។
ប៉ុន្តែគ្រាដែលមានការរិះគន់ពីសំណាក់គណបក្សប្រជាធិបតេយ្យលើវិធីដោះស្រាយការរាលដាលជំងឺទូទាំងសកលលោករបស់លោកប្រធានាធិបតីត្រាំ កាន់តែច្រើនឡើងនោះ លោក Biden ដែលមានអាយុ៧៧ឆ្នាំ ហាក់ដូចជា បានរកឃើញកន្លែងមួយ ដែលអាចឲ្យលោក រិះគន់លោកត្រាំ កាន់តែខ្លាំងឡើង ហើយពន្យល់អំពីវិធានការណ៍របស់លោក បើសិនជាលោកជាប្រធានាធិបតីនោះ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ និង ក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយអ្នកកាសែត លោក Biden បានរិះគន់ថា លោកត្រាំ ចាត់វិធានការយ៉ឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះមេរោគកូរ៉ូណា មិនស្តាប់ដំបូន្មានរបស់អ្នកជំនាញពេទ្យ ហើយមើលស្រាលការគំរាមកំហែង ទោះបីជាក្រុមមន្ត្រីស៊ើបការសម្ងាត់របស់លោក បានព្រមានលោកអំពីវិបត្តិនេះ តាំងពីខែមករា មកក៏ដោយ។
លោក Biden រិះគន់លោកត្រាំថា មិនបានប្រើប្រាស់អំណាចប្រធានាធិបតីនៅក្រោមច្បាប់ផលិតទំនិញដើម្បីការពារប្រទេស ដើម្បីអនុញាតឲ្យមានការផលិតឧបករណ៍ពេទ្យ ដូចជាម៉ាស៊ីនជួយដកដង្ហើម និងម៉ាសសម្រាប់ពាក់ពេលវះកាត់ជាដើម។
លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជានិតិប្រតិបត្តិពីរ ដើម្បីប្រើប្រាស់អំណាចនេះ ក្រោមច្បាប់ជំនាន់សង្គ្រាមកូរ៉េ ប៉ុន្តែលោកបានថ្លែងថា លោកប្រើប្រាស់សិទ្ធិនេះ តែនៅក្នុងកាលៈទេសៈធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ៕