ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អំពាវ​នាវ​អង្គាស​ថវិកា ២ ពាន់លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​ជំងឺ COVID-19


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres (ឆ្វេង) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres (ឆ្វេង) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ពុធ​ទី ២៥ ខែ​មីនា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​អង្គាស​ថវិកា ២ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​បណ្ដា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ COVID-19។

លោក Guterres បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​បណ្ដាញ​អ៊ីនធឺណិត​ដូច្នេះ​ថា៖ «ជំងឺ COVID-19 កំពុង​គំរាមកំហែង​មនុស្ស​ជាតិ​ទាំង​មួល ហេតុ​ដូច្នេះ​ហើយ មនុស្ស​ជាតិ​ទាំង​មូល​ត្រូវតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺនេះ​រួម​គ្នា។ ការ​ឆ្លើយតប​របស់​ប្រទេស​នីមួយៗ​នឹង​មិន​គ្រប់គ្រាន់​នោះ​ទេ»។

មូលនិធិ​នេះ​នឹង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​ចំនួន ៤០ ប្រទេស ក្នុង​រយៈពេល ៩ ខែ​ខាង​មុខ នៅ​ពេល​ដែល​ប្រទេស​ទាំង​នេះ​ដោះស្រាយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​ដ៏​ប្រល័យ​នេះ។

លោក Guterres បានព្រមាន​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​ណា​មួយ​ខ្សោយ នោះ​ពិភពលោក​ទាំង​មូល​នឹង​ខ្សោយ​ទៅ​តាម​នោះ។ ប្រសិនបើ​យើង​មិន​ចាត់​វិធានការ​ដាច់​ណាត់​នៅ​ពេល​នេះ​ទេ ខ្ញុំ​បារម្ភថា មេរោគ​នេះ​នឹង​ចាក់​ឬស​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ខ្សោយ​បំផុត ហើយ​បណ្តាល​ឱ្យ​ពិភពលោក​ទាំង​មូល​អាច​រងគ្រោះ​បាន នៅ​ពេល​ដែល​មេរោគ​នេះ​បន្ត​រាលដាល​នៅ​ជុំវិញ​ពិភពលោ»។

ថវិកា ២ ពាន់​លាន​ដុល្លារ​នេះ​នឹង​ចំណាយ​លើ​ផែនការ​សកម្មភាព​មួយ​ដែល​មាន ៦ ចំណុច។ ក្នុង​ចំណោម​គោលដៅ​នៃ​ផែនការ​នេះ មាន​ដូចជា​ការ​បង្កើន​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​វិធានការ​នានា ដែល​ត្រូវការ​ដើម្បី​ធ្វើឲ្យការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះថយចុះ ដោយ​មាន​រួម​បញ្ចូល​ការ​នៅ​ឆ្ងាយ​ពី​គ្នា និង​ការ​លាង​សម្អាត​ដៃ​ជា​ដើម។ ផែនការ​នេះ​ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បង្កើន​ការ​ធ្វើ​តេស្តនិង​ការ​ផ្តល់​ការ​ព្យាបាល​ជា​អាទិភាព​ដល់​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយសារ​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 នេះ។

ផែនការ​នេះក៏​បញ្ជូន​ទឹក​ប្រាក់​ច្រើន​គួរសម​សម្រាប់​ការពារ​ក្រុម​អ្នក​ធ្វើការ​នៅ​ជួរមុខ​ខាង​ការ​ថែរក្សា​សុខភាព និង​ខាង​មនុស្សធម៌។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «សារ​របស់​ពួក​យើង​សម្រាប់​ប្រទេស​ទាំង​អស់ ​គឺ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា ត្រូវ​យក​ចិត្ត​ទុកដាក់​នឹង​ការ​ព្រមាន​នេះ​នៅ​ពេល​នេះ។ ចូរ​គាំទ្រ​ផែនការ​នេះ​ទាំង​ផ្នែក​នយោបាយ និង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​នេះ។ យើង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ធ្វើឲ្យការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះថយចុះ។ ប្រវត្តិសាស្ត្រ​នឹង​វិនិច្ឆ័យ​យើង​អំពី​ថា​ តើ​យើង​បាន​ឆ្លើយតប​បែប​ណា​ដល់​សហគមន៍​ក្រីក្រ​បំផុត នៅ​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​ខ្លាំង​បំផុត​នេះ»។

ការិយាល័យ​ផ្នែកមនុស្ស​ធម៌​នៃ​អង្គការ​សហប្រជាជាតិ OCHA នឹង​សម្រប​សម្រួល​ផែនការ​នេះ ដែល​នឹង​ដាក់​បញ្ចូល​គ្នា​នូវ​គម្រោង​អង្គាស​ប្រាក់​ដែល​មាន​ស្រាប់​របស់​អង្គការ​សុខភាព​ពិភពលោកនិង​ដៃគូ​ឯទៀតៗ​របស់​អង្គការ​សហប្រជាជាតិ។

លោក Mark Lowcock នាយក​ការិយាល័យ​អង្គការ OCHA បាន​មាន​ប្រសាសន៍​ថា លោក​បញ្ចេញ​ថវិកា ៦០ លាន​ដុល្លារ​ពី​មូលនិធិ​ផ្ទៃ​ក្នុង​សម្រាប់​គ្រា​មាន​អាសន្ន​របស់​អង្គការ​លោក ដើម្បី​ចាប់ផ្តើម​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។ ថវិកា​នេះ​គឺ​ជា​ការ​បន្ថែម​ទៅ​ថវិកា​ចំនួន ១៥ លាន​ដុល្លារ ដែល​លោក​បាន​បញ្ចេញ​កាល​ពី​ពេល​មុន​នៅ​ពេល​មាន​វិបត្តិ​នេះ។

លោក Lowcock បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​អ្នក​មាន​ឱ្យ​ជួយ​ធ្វើ​វិភាគទាន ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់​ពួកគេ។

លោក Lowcxock បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ឃើញ​ថា ផែនការ​ជំនួយ​សេដ្ឋកិច្ច​ធំធេង​នានា​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក ហើយ​ការណ៍​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ។ ក៏​ប៉ុន្តែ វា​អាច​ជា​យុទ្ធសាស្ត្រ​ដ៏​ឆ្លាត និង​ឈ្លាសវៃ​មួយ​ផង​ដែរ ប្រសិនបើ​ប្រទេស​អភិវឌ្ឍ​នីមួយៗ​គ្រាន់តែ​ចំណាយ​ថវិកា​បន្តិចបន្តួច​របស់​ពួក​គេ​លើ​ការ​ដោះស្រាយ​បញ្ហា​នេះ​នៅ​តំបន់​ដែល​ងាយ​រង​គ្រោះ ដោយ​ហេតុ​ថា នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​ប្រទេស​ទាំង​នោះ​គួរ​ធ្វើ ប្រសិនបើ​ចង់​ការពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺCOVID-19 នេះ»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG