ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធីសាស្រ្ត​ក្នុងការរក្សា​ចិត្ត​ឲ្យ​ស្ងប់ និង​ទប់ទល់​នឹង​ការថប់អារម្មណ៍ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ជំងឺកូវីដ ១៩ ត្រូវបានឆ្លាក់លើអាវនៅសាលាមួយនៅក្រុង Newcastle ​ប្រទេសអង់គ្លេស។
រូបឯកសារ៖ ជំងឺកូវីដ ១៩ ត្រូវបានឆ្លាក់លើអាវនៅសាលាមួយនៅក្រុង Newcastle ​ប្រទេសអង់គ្លេស។

វា​ជា​ពិបាក​សម្រាប់​មនុស្ស​ជាច្រើនក្នុងការ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ខណៈពេលដែល​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​មិន​ចេះ​ចប់ ​អំពី​ជំងឺ​កូវីដ១៩ ដោយសារ​ចំនួន​អ្នកឆ្លង​ជំងឺ​នេះ កើនឡើង​នៅ​អ៊ឺរ៉ុប​ច្រើន​លើស​ពី​នៅ​ប្រទេស​ចិន​ទៅ​ទៀត។

លោក Maxim Moskalkov នៃ VOA បាន​និយាយ​ជាមួយ​ពេទ្យ​ចិត្តសាស្រ្តអំពី​វិធីសាស្រ្ត​ក្នុងការរក្សា​ចិត្ត​ឲ្យ​ស្ងប់ និង​ទប់ទល់​នឹង​ការថប់​អារម្មណ៍ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ។

វា​ជា​ការលំបាក​ក្នុងការ​នៅ​ឲ្យ​ឆ្ងាយ​ពី​ព័ត៌មាន​ដែល​ផ្សាយ​ជាប្រចាំ​តាម​ទូរទស្សន៍ និង​រូបក្រាហ្វិក​ដែល​បង្ហាញ​អំពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដ៏គួរឲ្យ​ព្រួយបារម្ភ។

មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​ភ័យស្លន់ស្លោរ ហើយ​ការថប់​អារម្មណ៍​មាន​ការកើនឡើង។

អ្នកស្រី Mary Alvord ជា​គ្រូពេទ្យ​ចិត្តសាស្រ្ត និង​ជា​អ្នកវិទ្យាសាស្រ្ត​នៃ​សមាគម​ចិត្តសាស្ត្រ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា ការ​ភ័យស្លន់ស្លោរ ជា​ប្រតិកម្ម​ពី​ធម្មជាតិ​របស់​មនុស្ស​ចំពោះ​ភាពតានតឹង​ផ្លូវចិត្ត ឬ ហៅ​ថា​ស្រ្តេស។ អ្នកស្រី​បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​មនុស្ស​តើ​យើង​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេលដែល​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច ដើម្បី​អាច​ឲ្យ​យើង​បន្ត​ជីវិត​រស់នៅ​បាន? ដូច្នេះ​ទឹក​នឹង​ត្រូវ​លក់​ដាច់​អស់​ពី​ធ្នើ បើ​ទោះបីជា មិនមាន​ការ​ខ្វះ​ទឹក​ក៏ដោយ។ ជាក់ស្តែង យើង​មិន​ត្រូវការ​ទឹក​ចំនួន ៥ យួរ​ទេ តែ​ឥឡូវ​នេះ ហាង​នានា​កំពុង​កំណត់​អតិថិជន​ឲ្យ​ទិញ​បាន តែ​ប្រហែលជា ១ យួរ ឬ ពីរយួរ​ប៉ុណ្ណោះ…»។

ពេទ្រចិត្តសាស្រ្ត​នានា​ថ្លែង​ថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការស្វែងយល់​អំពី​ប្រភព​ដែល​អ្នក​ទទួល​ព័ត៌មាន ដូច្នេះ​អ្នកអាច​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ភាពច្បាស់លាស់។ វា​ក៏​មាន​សារៈសំខាន់​ផងដែរ​ក្នុង​ការគ្រប់គ្រង​អារម្មណ៍​របស់​អ្នក និង​ជៀសវាង​ការភ័យ​ស្លន់ស្លោរ។ អ្នកស្រី Mary Alvord ​បាន​ថ្លែង​ក្នុងសម្តី​ដើម​ទៀត​ថា៖

«យើង​ក៏​អាច​មើល​ទៅ​បញ្ហា​នេះ ថា​ជា​ឱកាស​ខ្លះ​បាន​ដែរ។ ឥឡូវនេះ អ្នក​មាន​ឱកាស​ពីព្រោះ​អ្នក​នៅ​ផ្ទះ​ច្រើន​ជាងមុន។ អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ ឬ មិត្តភក្តិ​ដែល​អ្នក​មិន​បាន​និយាយ​ជាមួយ​ជា​យូរ​មក​ហើយ ... ។ គ្រប់​វិបត្តិ​ទាំងអស់​វា​មាន​ឱកាស​មក​ជាមួយ​ដែរ»។

ពេទ្យ​ចិត្តសាស្ត្រ​អ្នកស្រី Vaile Wright ថ្លែង​ថា យើង​មិន​គួរ​មើលស្រាល​ឥទ្ធិពល​នៃ​ទម្លាប់​ទេ។ កាលវិភាគ និង​ទម្លាប់​ជួយ​រក្សា​ចិត្ត​យើង​ឲ្យ​ស្ងប់ និង​ផ្តល់​នូវ​អារម្មណ៍​ធម្មតា​ដែល​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា ពួកគេ​មិនមាន​គ្រប់គ្រាន់។ អ្នកស្រី Vaile Wright បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ដើម្បី​ត្រៀម​ផ្លូវចិត្ត​របស់​អ្នក អ្នក​ត្រូវ​ធ្វើ​អ្វីៗ​មួយ​ចំនួន ដូចជា​ការមើល​ថែរក្សា​ខ្លួន​ឯង។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរក្សា​ទម្លាប់​ចូលគេង​ឲ្យ​ត្រូវ​ទៅ​តាម​ម៉ោង​របស់​អ្នក​ជារៀងរាល់​យប់ និង​ភ្ញាក់​ពី​ព្រលឹម​ដូចជា​ពេល​ថ្ងៃ​ធ្វើការ​ធម្មតា។ កុំ​ចាត់​ទុក​វា​ដូច​ជា​ថ្ងៃ​ធ្លាក់​ព្រិល។ នៅតែ​ងូត​ទឹក និង​ស្លៀកពាក់។ បរិភោគ​អាហារ​ទៅ​តាម​ម៉ោង​ធម្មតា…»។

ពេទ្យចិត្តសាស្ត្រ​ អ្នកស្រី Irina Meliksetyan បន្ថែម​ថា វិធី​ដែល​មនុស្ស​ម្នាក់ៗ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ពេល​មាន​វិបត្តិ គឺ​អាស្រ័យ​យ៉ាងខ្លាំង​ទៅលើ​ប្រភេទ​ចិត្តសាស្ត្រ​របស់​មនុស្ស​នោះ​ខ្លួន​ឯង​ផ្ទាល់។ អ្នកស្រី​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖

«វា​នឹង​កាន់តែ​ពិបាក​សម្រាប់​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​និយាយ​ស្តី ពីព្រោះ​មនុស្ស​ប្រភេទ​នេះ មាន​ការថប់​អារម្មណ៍​ស្រេច​ទៅហើយ ដែល​ត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​តានតឹង​អារម្មណ៍​ជា​ប្រចាំ។ ពួកគេ​មាន​អារម្មណ៍​កាន់តែ​ឯកោ ជាពិសេស ដោយសារតែ​ពួកគេ​មិន​អាច​ជួប​ជាមួយ​មនុស្ស​ដែល​ពួកគេ​ធ្លាប់​ពឹងផ្អែក។ ប៉ុន្តែ ដោយសារតែ​យើង​មាន​បច្ចេកវិទ្យា​ដូចជា យើង​អាច​ទូរស័ព្ទ យើង​មាន Skype និង FaceTime ជាដើម។ បច្ចេកវិទ្យា​ទាំងនេះ ជួយ​ឲ្យ​យើង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ បង្ហាញ​ការអាណិត​អាសូរ បង្ហាញ​ការយកចិត្ត​ទុកដាក់​របស់​យើង ហើយ​យើង​ក៏​នឹង​ដឹង​អំពី​អ្នកដទៃ​យកចិត្ត​ទុកដាក់​ចំពោះ​យើង​ដែរ»។

ក្នុង​ករណី​ដែល​មាន​ការភ័យ​ស្លន់ស្លោរ​ខ្លាំង​ ពេទ្យចិត្តសាស្រ្ត​និយាយ​ថា ការដក​ដង្ហើម​ឲ្យ​បាន​ត្រឹមត្រូវ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្ត្រេស និង​ការថប់​អារម្មណ៍។ អ្នកស្រី Irina Meliksetyan ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ដកដង្ហើម​ចូល​យឺតៗ។ បន្ទាប់មក​ដក​ដង្ហើម​ចេញ។ ធ្វើ​ដូចនេះ​យ៉ាងហោចណាស់​បី​ដង នោះ​អ្នក​នឹង​សម្គាល់​ឃើញ​ថា ការថប់​អារម្មណ៍ នឹង​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ។ព្យាយាម​គិត​វិជ្ជមាន ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ងប់។ បញ្ហា​នេះ គ្រាន់តែ​ជា​បញ្ហា​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​ឆ្លងកាត់»។

វេជ្ជបណ្ឌិតនិង​ពេទ្យចិត្តសាស្រ្ត​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការអាន​ព័ត៌មាន​ដែល​មក​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន និង​ការនិយាយ​ជាមួយ​ អ្នកឯកទេស។ វេជ្ជបណ្ឌិត និង​ពេទ្យចិត្តសាស្រ្ត​ថ្លែង​បន្ថែម​ថា ចំណេះដឹង និង​ព័ត៌មាន​ពិត គឺ​ជា​តិចនិច​ដ៏​សំខាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពមិនប្រាកដប្រជា​និង​ការថប់អារម្មណ៍៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG