បន្ទាប់ពីមានជម្លោះនយោបាយអស់ជាច្រើនឆ្នាំមក កំណែទម្រង់ផ្នែកពន្ធដារ ដែលគេចាត់ទុកថាកំពុងតែប្រែប្រួលនោះ ត្រូវបានរដ្ឋសភាជាន់ខ្ពស់ឥណ្ឌាអនុម័ត និងត្រួសត្រាយផ្លូវឲ្យប្រទេសដែលមានប្រជាជន១.៣ពាន់លាននាក់នេះ ប្រែក្លាយទៅជាទីផ្សាររួមមួយ ឬតំបន់ពាណិជ្ជកម្មសេរី។
ក្រុមអ្នកគាំទ្រកំណែទម្រង់នេះនិយាយថា ក្នុងរយៈពេលវែងទៅមុខ ពន្ធទំនិញ និងពន្ធសេវាកម្ម ឬហៅកាត់ជាភាសាអង់គ្លេសថា GST នឹងធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌាដែលមានទំហំទឹកប្រាក់២លានលានដុល្លារ(ទ្រ៊ីលាន)កើនឡើងថែមទៀត ដោយលុបចោលសំណាញ់ពន្ធដារដ៏ច្របូកច្របល់ និងពន្ធដែលទាមទារឲ្យបង់ដោយរដ្ឋចំនួន២៩ និងរដ្ឋាភិបាលសហព័ន្ធ ដែលទាំងនេះបានធ្វើឲ្យរាំងស្ទះដល់ការធ្វើអាជីវកម្ម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Arun Jaitley បានថ្លែងថា កំណែទម្រង់នេះគឺជាការផ្លាស់ប្តូរគោលនយោបាយពន្ធដារដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌា។ លោកបាននិយាយថា៖ «វានឹងប្រែក្លាយប្រទេសឥណ្ឌាឲ្យទៅជាទីផ្សារសេដ្ឋកិច្ចមួយដែលមានត្រាពន្ធដារដូចគ្នាមួយក្នុងរដ្ឋទាំងអស់ ធ្វើឲ្យការដោះដូរទំនិញនិងសេវាកម្មមានភាពរលូននៅទូទាំងប្រទេស និងជួយឲ្យយើងអាចពិនិត្យមើលការគេចពន្ធនានា។ ជាល្ធផលចុងក្រោយ វានឹងជួយពង្រីកប្រាក់ចំណូលរបស់ពួកយើង»។
រដ្ឋាភិបាលសម្រេចបានការមូលមតិគ្នាមួយផ្នែកនយោបាយរយៈពេលមួយឆ្នាំកន្លះមកហើយ បន្ទាប់ពីកំណែទម្រង់មួយត្រូវបានអនុម័តដោយសភាថ្នាក់ទាប ដោយបានយកគណបក្ស Congress Party ដែលជាគណបក្សប្រឆាំងធំជាងគេ និងរដ្ឋាភិបាលរដ្ឋសហព័ន្ធភាគច្រើន មកគាំទ្រដល់ការផ្តួចផ្តើមនេះ។ លទ្ធផលនៃកំណែទម្រង់នោះគឺថា មានការជជែកពិភាក្សាគ្នាបែបស៊ីវិល័យក្នុងប៉ុន្មានខែចុងក្រោយនេះនៅក្នុងសភា ជាកន្លែងដែលមាននិយាយកាត់គ្នាទៅវិញទៅមកជាធម្មតា។
មេដឹកនាំកំពូលរបស់គណបក្ស Congress Party និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក P. Chidambaram បាននិយាយថា៖ «យើងមិនដែលប្រឆាំងនឹងគំនិតផ្តួចផ្តើមពន្ធទំនិញនិងពន្ធសេវាកម្ម GST នេះទេ។ ឥឡូវនេះ ប្រទេសនេះបានត្រៀមខ្លួនរួចហើយក្នុងការអនុវត្តពន្ធដារ GST នេះ»។
ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលត្រូវពិនិត្យមើល មុនពេលដែលប្រទេសនេះផ្លាស់ប្តូរទៅជាទីផ្សាររួមមួយ និងអាចទទួលបានអត្ថប្រយោជន៍ដែលកើតចេញពីវិធានការកំណែទម្រង់នេះ។
ទោះបីជារដ្ឋាភិបាលសង្ឃឹមថា នឹងអនុវត្តគម្រោងនេះក្នុងខែមេសាឆ្នាំ២០១៧ ក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា វាអាចនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្កើតប្រព័ន្ធពន្ធដារថ្មី។ កំណែទម្រង់នេះក៏ចាំបាច់ត្រូវមានការធ្វើសច្ចានុម័តយល់ព្រមដោយរដ្ឋយ៉ាងហោចណាស់ចំនួនពាក់កណ្តាល។ អត្រានៃការបង់ពន្ធមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ហើយវានៅតែជាបញ្ហាចម្រូងចម្រាសជាមួយនឹងរដ្ឋាភិបាលនៃរដ្ឋមួយចំនួនដែលទាមទារឱ្យយកពន្ធដារខ្ពស់ជាងអត្រា ១៨ភាគរយ ដែលរដ្ឋាភិបាលសហព័ន្ធចង់បាន។
គណបក្ស Congress Party បានព្រមានប្រឆាំងនឹងការកំណត់តម្លៃអត្រាពន្ធខ្ពស់ពេកដោយនិយាយថា ពន្ធនោះមិនគួរលើសពី ១៨ ភាគរយឡើយ។ លោក Chidambaram និយាយថា៖ «ការកំណត់ពន្ធមិនលើសពី១៨ភាគរយនោះ នឹងមិនធ្វើឱ្យមានអតិផរណាទេ និងធ្វើឲ្យសាធារណជនអាចទទួលយកបាន ហើយក៏ជាវិធីមួយដែលមានប្រសិទ្ធិភាពដែរ»។
ទោះយ៉ាងណា ក្រុមអ្នកសេដ្ឋកិច្ចបានសាទរចំពោះការអនុម័តវិធានការពន្ធដារនេះ ដោយមានអ្នកខ្លះបានហៅវាថាជាភាព «ផ្ទុយគ្នាទៅនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប» ដោយសារកំណែទម្រង់ពន្ធដានេះនឹងកាត់បន្ថយឧបសគ្គក្នុងការធ្វើជំនួញ។
ពន្ធទំនិញនិងពន្ធសេវាកម្ម GST នេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យភាពងាយស្រួលក្នុងការធ្វើជំនួញកាន់តែប្រសើរឡើង មិនត្រឹមតែសម្រាប់ក្រុមហ៊ុនធំប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពាណិជ្ជករតូចៗផងដែរ ហើយក្រុមហ៊ុនផលិតនឹងទទួលបានការលើកទឹកចិត្តមួយ។ ក្រុមហ៊ុនជំនួញតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំមួយរបស់ឥណ្ឌា បានស្វាគមន៍ការអនុម័តកំណែទម្រង់ពន្ធ GST ដោយនិយាយថា វានឹងធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការចែកចាយទំនិញទៅទូទាំងប្រទេស ដោយសារពួកគេមិនចាំបាច់ដោះស្រាយរឿងពន្ធដែលមានជាច្រើនដំណាក់កាលនោះ។
កំណែទម្រង់នេះក៏នឹងធ្វើឱ្យការដឹកទំនិញរបស់អ្នកបើកឡានធំៗរបស់ឥណ្ឌាឆាប់បានចាប់ផ្តើមពីព្រលឹមដែរ។ ពួកគេតែងមានបញ្ហាជាមួយមន្ត្រីពន្ធដារនៅទីស្នាក់ការត្រួតពិនិត្យពន្ធរបស់រដ្ឋ។
លោក D.K. Srivastava អតីតសាស្រ្តាចារ្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និយាយថា កំណែទម្រង់ពន្ធដារចាំបាច់មានការកែសម្រួលច្រើនទៀត។
«យើងត្រូវមើលលើការធ្វើកំណែទម្រង់នេះក្នុងរូបភាពជាការវិវត្ត។ ប៉ុន្តែបន្ទាប់ពីពីរទៅបីឆ្នាំនៅពេលដែលប្រព័ន្ធនេះមានស្ថិរភាពហើយនោះ វានឹងលុបបំបាត់ចំណុចវិវាទរវាងឧស្សាហកម្ម ពាណិជ្ជករ និងរដ្ឋាភិបាល»។
ក្រុមសមាជិកសភាបានសម្តែងសេចក្តីសង្ឃឹមថា កំណែទម្រង់នេះនឹងនាំឱ្យមានតម្លាភាពកាន់តែខ្លាំង កែលម្អការអនុវត្តច្បាប់ និងកាត់បន្ថយអំពើពុករលួយដែលកើតចេញពីរបបពន្ធដែលធ្វើឲ្យពិបាកដល់ពាណិជ្ជករជាច្រើន។ ក្នុងរយៈពេលវែងទៅមុខទៀត គេរំពឹងថា វានឹងផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ទំនិញដែលបច្ចុប្បន្ននេះចំណាយប្រាក់ខុសៗគ្នាសម្រាប់ការទិញទំនិញដូចគ្នានៅក្នុងរដ្ឋផ្សេងៗ៕
ប្រែសម្រួលដោយផនបុប្ផា