ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីបអាស៊ី​មិន​អាច​ទប់​ទល់​នឹង​កម្តៅ​ខ្លាំង


ផែន​ទី​ពី​អង្គកា​រ NASA បង្ហាញ​ពី​ផ្ទៃដី​សីតុណ្ហភាព​ទូទាំង​ទ្វីបអាស៊ី។
ផែន​ទី​ពី​អង្គកា​រ NASA បង្ហាញ​ពី​ផ្ទៃដី​សីតុណ្ហភាព​ទូទាំង​ទ្វីបអាស៊ី។

សីតុណ្ហភាព​ខ្ពស់​ជាប់​កំណត់​ត្រា​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ទ្វីប​អាស៊ី​រាប់​រយ​លាន​នាក់​រង​ទុក្ខ​វេទនា។

​លោក​ Maximiliano Herrera ​អ្នក​វិភាគ​អាកាសធាតុ​ដ៏​លេច​ធ្លោ​ម្នាក់​ដែល​ធ្វើ​ការស៊ើប​អង្កេត​លើ​កំណត់​ត្រា​សីតុណ្ហភាព​ពិភព​លោក​បាន​និយាយ​ថា៖​ «នៅ​តំបន់​អាស៊ី​អាគ្នេយ៍ រលក​កម្តៅ​នេះ​ដូច​គ្នា​ទៅ​នឹង​រលក​កម្ដៅ​នៅ​ឆ្នាំ​១៩៦០ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៩៨ ប៉ុន្តែបើ​និយាយ​ពី​រយៈពេល ​អាំងតង់ស៊ីតេ​ និង​តំបន់​រងគ្រោះ​វិញ​ រលក​កម្តៅ​នេះ​គឺ​ជា​រលក​កម្តៅ​ដ៏​ក្តៅ​បំផុត​សម្រាប់​ប្រទេស​ថៃ ​ឡាវ ​និង​កម្ពុជា»។

​គេ​រំពឹង​ថា​ចំនួន​មនុស្ស​ស្លាប់ដោយ​សារ​កម្តៅ​នឹង​កើន​ឡើង

រលក​កម្តៅ​នៅ​ប្រទេស​ឥណ្ឌា​កាល​ពីឆ្នាំ​មុន​បាន​សម្លាប់​មនុស្ស​ចំនួន​២.៤២២នាក់ ដែល​ជា​ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​មួយ​ដោយ​សារ​កម្តៅនៅ​ក្នុង​ប្រទេស​នេះ​ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍។

នៅ​ក្នុង​ឆ្នាំ​នេះ​ ចំនួន​មនុស្ស​ស្លាប់​ជាង​១៥០​នាក់​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បន្ទោស​លើ​កម្តៅ​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា។

​លោក​ ​Herrera បាន​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​ខ្លាច​ថា​ កម្តៅ​នឹង​បន្ត​កើន​ឡើង​នៅ​សប្តាហ៍​បន្តបន្ទាប់​ទៀត​ហើយ​ជា​អកុសល​ ចំនួន​មនុស្ស​ស្លាប់​ប្រាកដ​ជា​នឹង​កើន​បន្ថែម​ទៀត​មិន​ខាន»។

កម្តៅ​បាន​បំផ្លិច​បំផ្លាញ​ដំណាំ​កសិកម្ម​និង​សត្វ​ចិញ្ចឹម

នៅ​រដ្ឋ​ Maharashtra ដែល​ជា​រដ្ឋ​សម្បូរ​សប្បាយ​បំផុត​របស់​ឥណ្ឌា​ ភាព​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​បួន​ទសវត្សរ៍​នេះ​ មិន​ត្រឹម​តែ​បាន​បំផ្លិច​បំផ្លាញ​ដំណាំ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យសត្វ​ចិញ្ចឹម​ផ្សេងៗ​ស្លាប់​ អាង​ស្តុក​ទឹក​រីង​ស្ងួត​ និង​ប៉ះ​ពាល់​ដល់​ផលិតផល​របស់​រោងចក្រ​វារី​អគ្គិសនី ​និង​រោង​ចក្រ​ថាមពល​កម្តៅ​ផង​ដែរ។

នៅ​ប្រទេស​ម៉ាឡេស៊ី​ សាលា​រៀន​រាប់​រយ​ត្រូវ​បាន​បិទ​ទ្វារ​ហើយ​កសិករ​ក្នុង​ប្រទេស​នេះ​កំពុង​តែ​បាត់​បង់​ដំណាំ​បន្លែ​របស់​ពួកគេ។

នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​វិញ គេ​បាន​ព្យាករណ៍ថា​នឹង​ទទួល​បាន​ផល​ស្រូវ​ទាប​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ដំណាំ​ស្រូវ​ប្រាំង។

ប្រទេស​វៀតណាម​ដែល​តែង​តែ​ជា​អ្នកនាំ​ចេញ​កាហ្វេ​ធំ​បំផុត​ទី​២​ក្នុង​ពិភព​លោក​ គេ​សង្កេត​ឃើញ​ថា​ដំណាំ​កាហ្វេ​នៅ​តំបន់​ខ្ពង់​រាប​កណ្តាល​របស់​ខ្លួន​បាន​ក្រៀម​ស្វិត​ ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៣​ទសវត្សរ៍​មក​នេះ។

កំហុស​ត្រូវ​បាន​ទម្លាក់​លើ​បាតុភូត El Niño

វដ្ត​អាកាសធាតុ​របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ខ្សែ​អេក្វាទ័រ ​ដែល​មាន​ឈ្មោះ​ថា​ឥទ្ធិពល​ El Niño​ គឺ​ជា​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ផ្ទៃ​ទឹក​សមុទ្រ​ដែល​កើត​ឡើង​រៀង​រាល់​ពីរ​ឬ​បី​ឆ្នាំ​ម្តង។ ឥទ្ធិពល​របស់​អាកាសធាតុ​ El Niño ​នេះ ​ត្រូវ​បាន​គេ​គិត​ថា​បាតុភូតបង្ក​ឲ្យ​មាន​រលក​កម្តៅ​និង​គ្រោះ​រាំង​ស្ងួត។

លោក​ Jin-Yi Yu ​សាស្រ្តាចារ្យ​នៅ​ដេប៉ាតឺម៉ង់​វិទ្យាសាស្រ្ត​ប្រព័ន្ធ​ផែន​ដី​នៅ​សាកលវិទ្យាល័យ​ California ក្នុង​ក្រុង​ Irvine ​បាន​ពន្យល់​ថា៖ «ដោយ​សារ​តែ​ការ​រាំង​ខ្ទប់​ចលនា​នៅ​ក្នុង​បរិយាកាស ចំហាយ​ទឹក​មិន​អាច​ស្រូប​ឡើង​ទៅ​ក្នុង​បិរយាកាស​បាន​ទេ។​ នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​ទឹកភ្លៀង​ត្រូវ​បាន​រាំង​ខ្ទប់​មិន​ឲ្យ​ធ្លាក់​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ក្នុងអំឡុង​ពេល​អាកាសធាតុ ​El Niño នេះ​កើត​មាន»។

លោក ​Yu ប្រាប់ ​VOA ​បន្ថែម​ថា៖​ «អ្វី​ដែល​យើង​ដឹង​ក្នុង​ពេល​នេះ​គឺ​ថា​ អាំងតង់ស៊ីតេ​របស់​អាកាសធាតុ​ El Niño ​កំពុង​ធ្លាក់​ចុះ។​ វា​នឹង​បាត់​ទៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ទៀត។ ​ប៉ុន្តែ​ នេះ​មិន​មែន​មាន​ន័យ​ថា កម្រិត​កម្តៅ​នឹង​ធ្លាក់​ចុះ​នៅ​ពេល​ឆាប់ៗ​នេះ​ទេ ​នៅ​ស្រប​ពេល​ដែលឥទ្ធិពល​អូស​បន្លាយ​នៃ​អាកាសធាតុ​មហា​សមុទ្រ​ឥណ្ឌា​ដែល​កាន់​តែ​ក្តៅ​នោះ​ នៅ​តែ​កើត​មាន​ឡើង»។

អាកាសធាតុ​ La Niña នឹង​មក​ដល់

​ប៉ុន្តែ​ការ​ថម​ថយ​កម្តៅ​មួយ​រយៈ ត្រូវ​បាន​គេ​ព្យករណ៍​ថា​នឹង​កើត​មាន។

លោក​ Blair Trewin គឺជា​អ្នក​និពន្ធ​នាំ​មុខ​នៃ​សេចក្តី​ថ្លែងការណ៍​ស្តីអំ​ពី​អាកាសធាតុ​រយៈពេល​៥​ឆ្នាំ​ (២០១១-២០១៥)​ របស់​អង្គការ​ឧតុនិយម​ពិភពលោក។ លោក​បាន​និយាយ​ថា៖ «តាម​ពិត​ការ​ព្យាករណ៍​ទាំង​នោះ​ ភាគ​ច្រើន​កំពុង​ព្យាករណ៍​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​មួយ​ឆ្ពោះ​ទៅ​រក​ស្ថាន​ភាព​ អាកាសធាតុ​ La Niña ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​ខែ​ខាង​មុខ»។

អាកាសធាតុ​ La Niña ​គឺជា​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នៅ​ផ្ទៃ​ទឹក​សមុទ្រ។

លោក​ Trewin ​បាន​ប្រាប់​ VOA ​ពី​រដ្ឋធានី​ Melbourne ប្រទេស​អូស្រ្តាលី​មក​ថា៖​ «លក្ខណៈ​នៃ​អាកាសធាតុ​ La Niña ជា​ធម្មតា​មាន​ជាប់​ទាក់ទិន​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មួយ​លើ​ពី​កម្រិត​មធ្យម​នៅ​ផ្នែក​ជា​ច្រើន​នៃ​ទ្វីប​អាស៊ី​ភាគ​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍»។

ឆ្នាំ​ ២០១៦ ប្រហែល​ជា​ឆ្នាំ​ដែល​ក្តៅ​បំផុត

លោក ​Dilip Kothawale គឺ​ជា​អ្នក​វិទ្យាសាស្រ្ត​នៅ​វិទ្យាស្ថាន​ផ្នែក​ឧតុនិយម​ក្នុង​តំបន់​ត្រូពិក​របស់​ប្រទេស​ឥណ្ឌា​ ហើយ​ក៏ជា​អ្នក​និពន្ធ​នាំមុខ​នៃ​អត្ថបទ​វិទ្យាសាស្រ្ត​ចំនួន​២​លើ​ប្រធាន​បទ​នេះ។ លោក​បាន​ប្រាប់​ VOA ថា ខណៈ​ដែល​ទ្វីប​អាស៊ី​ខាង​ត្បូង​ធ្លាប់​ជួប​ប្រទះ​នឹង​រលក​កម្តៅ​នៅ​មុន​រដូវ​ខ្យល់​មូសុង​មក​ដល់​នោះ​ «កម្តៅ​នេះ​ចេះ​តែ​កើន​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»​ ជា​រៀង​រាល់​ឆ្នាំ។

បើ​យោង​តាម​ការ​ទាយ​ទុក​របស់​កាសែត Times of India​ «រយៈ​ពេល​៣​ខែ​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ អាកាសធាតុ​ពិត​ជា​ក្តៅ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ឆ្នាំ​២០១៦​នេះ​ គឺ​ជា​ឆ្នាំ​ដ៏​ក្តៅ​បំផុត​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ។

អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​នៅ​តែ​ប្រុង​ប្រយ័ត្ន​អំពី​ការ​បន្ទោស​លើ​បម្រែ​បម្រួល​អាកាសធាតុ​ ចំពោះសីតុណ្ហភាព​ដែល​កើន​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ ខណៈ​ដែល​រយៈ​ពេល​ដែល​គេ​កំណត់​បានបង្ហាញ​ទិន្នន័យ​មួយ​ដែល​មិន​ជាក់​លាក់​និង​មាន​កម្រិត។

លោក​ Yu ​បាន​បន្ត​ថា៖ «យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា ​បម្រែ​បម្រួល​អាកាសធាតុ​បាន​ប៉ះ​ពាល់​ដល់​ចលនា​របស់​មហាសមុទ្រ​ក្នុង​តំបន់​ត្រូពិច​របស់យើង​ បូក​រួម​ទាំង​ទីតាំង​និង​សភាព​នៃ​អាកាសធាតុ​ El Niño។ ប៉ុន្តែ​យើង​ពិបាក​សន្និដ្ឋាន​ណាស់​ ថា​តើ​រលក​កម្តៅ​បច្ចុប្បន្ន​នេះ​ទាក់​ទង​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ដែរ​ឬ​អត់»។

កំណត់​ត្រា​នៃ​សីតុណ្ហភាព​ក្តៅ​ជា​ច្រើន​ជំនាន់​ត្រូវ​បាន​បំបែក

តើ​វា​ក្តៅ​ខ្លាំង​ប៉ុណ្ណា​ទៅ?

ទីក្រុង​ Titlagarh នៃ​រដ្ឋ​ Odisha ​របស់​ប្រទេស​ឥណ្ឌា​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​កម្រិត​៤៨.៥​អង្សាសេ ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែមេសា ​ដែល​ជា​សីតុណ្ហភាព​ក្តៅ​បំផុត​ដែល​គេ​វាស់​ស្ទង់​ឃើញ​គួរ​ឲ្យ​ជឿទុក​ចិត្ត​បាន​ សម្រាប់​ប្រទេស​នេះ​ក្នុង​ខែ​មេសា។ សាលា​រៀន​នៅ​រដ្ឋ ​Odisha​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដោយ​មិន​បាន​រំពឹងទុក​ សម្រាប់​រដូវ​ក្តៅ​កាល​ពីថ្ងៃ​អង្គារសប្តាហ៍​មុន។ ថ្នាក់​រៀន​ជា​ច្រើន​នឹង​បន្ត​ផ្អាក​រហូត​ដល់​យ៉ាង​ហោច​ណាស់​សប្តាហ៍​ទី​៣​នៃ​ខែ​កក្កដា។

ចំណែក​ប្រទេស​កម្ពុជា​វិញ​ ក៏​ជួប​នឹង​កំណត់​ត្រា​ជាតិ​នៃ​អាកាសធាតុ​ក្តៅ​បំផុត​ដែរ​ ដែល​មាន​កម្រិត​រហូត​ដល់​៤២.៦​អង្សាសេ ​នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃទី​១៥​ មេសា​កន្លង​ទៅ។ សីតុណ្ហភាព​ក្តៅ​នោះ​កើត​មាន​២​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ឡាវ​ដែល​ជា​ប្រទេសជិត​ខាង​នៅ​ភាគ​ខាង​ជើងបាន​ឈាន​ដល់សីតុណ្ហភាព​ក្នុង​កម្រិត​៤២.៣ អង្សាសេ​នៅ​ខេត្ត ​Seno​ ដែល​ជាកំណត់​ត្រា​ជាតិ​នៃ​ត្រា​សីតុណ្ហភាពខ្ពស់​បំផុត​សម្រាប់​ប្រទេស​នេះ។​

ស្ថានីយ​អាកាសធាតុ​រាប់​សិប​កន្លែង​របស់​ប្រទេស​ថៃបាន​បំបែក​កំណត់ត្រា​ ​ហើយ​បាន​កត់​ទុក​ក្នុងកំណត់​ត្រា​របស់​ពួក​គេ​ថា​ជា​សីតុណ្ហភាព​ក្នុង​កម្រិត​អតិបរមា​ នៅក្នុង​ខែ​នេះ។

ទែម៉ូមែត្រ ​ឬ​ឧបករណ៍​វាស់​សីតុណ្ហភាព​ បាន​ឈាន​ដល់​កម្រិត​៤៦​អង្សាសេ​ក្នុង​ក្រុង​មួយ​ចំនួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​នៅ​តែមិន​អាច​បំបែក​កំណត់​ត្រា​ជាតិ​ ដែល​មាន​កម្រិត​៤៧.២​អង្សាសេដែល​ត្រូវ​បាន​វាស់​ឃើញ​នៅ​ក្នុង​ក្រុង​ Myinmu កាលពី​ថ្ងៃ​ទី​១៤ ឧសភា ​ឆ្នាំ២០១០។

អ្នក​ព្យាករណ៍​អាកាសធាតុ​នៅ​ទីក្រុង​មួយ​ចំនួន​នៃ​ទ្វីបអាស៊ី​កំពុង​ជំរុញ​ការដាស់​តឿន​សាមញ្ញៗ​ដូចជា «ការ​ប្រើប្រាស់​ឡេការពារ​កម្តៅ​ថ្ងៃ»​ ជា​ដើម។

សន្ទស្សន៍​កាំរស្មី​ UV ​ដែល​បង្ហាញ​ពី​អាំងតង់ស៊ីតេ​នៃ​វិទ្យុសកម្ម​កាំរស្មី ​UV​ ដែល​ធ្វើ​ឲ្យ​រលាក​ស្បែក​ដោយ​សារ​កម្តៅ​ថ្ងៃបាន​ស្ថិត​ក្នុង​កម្រិត​១២​ នៅ​ក្នុង​ទីក្រុង​បាងកក​ ទីក្រុង​ម៉ានីល​ និង​ទីក្រុង​បុមបៃ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ។ សន្ទស្សន៍​នេះ​គឺ​ខ្ពស់​ជាង​កម្រិត​១១ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ដែល​អាច​ទ្រាំ​បាន៕

ប្រែ​សម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG