អាជ្ញាធរ​តាម​ដាន​ពលរដ្ឋ​បោះ​ឆ្នោតនៅ​តាម​តំបន់ដែល​​បក្ស​ប្រឆាំង​ធ្លាប់​មាន​សំឡេង​ច្រើន

មេភូមិនៅស្រុកជីក្រែង ខេត្តសៀមរាប កំពុងអង្គុយមើលអ្នកទៅបោះឆ្នោត និងមានបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងដៃសម្រាប់គូសចំណាំអ្នកណាខ្លះបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

នៅ​មុន​ការ​បោះ​ឆ្នោត មាន​សេចក្តី​រាយការណ៍​ថា អាជ្ញាធរ​នៅ​តាម​ភូមិ​ឃុំ​បាន​បំភិត​បំភ័យ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​និយាយ​ថាគណបក្ស​ប្រជាជន​មិន​មាន​គោល​ការណ៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ខ្លួន ចូល​ទៅ​កត់ត្រា​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ឆ្នោត ឬ​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យ​ជម្នះ​ភ្លូក​ទឹកភ្លូក​ដី គឺ​អាច​នឹង​ទទួល​បាន​អាសនៈ​សភា​ទាំង​១២៥ អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ប្រើ​វិធីសាស្រ្ត «តាម​ដាន និង​កត់​សម្គាល់​ឈ្មោះ»​ របស់​ប្រជាជន​ដែល​ទៅ​បោះ​ឆ្នោត។ នេះ​ធ្វើ​ឡើង គឺ​ដើម្បី​ធានា​ថា​ប្រជាជន​បាន​ចេញ​ទៅ​បោះ​ឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​បាន​ច្រើន ខណៈ​អវត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺគណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្លាប់​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រមាណ​៤៤​ភាគរយ កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។

នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ក្នុង​សាលា​បឋម​សិក្សា​សាមគ្គី​សន្តិភាព​ក្នុង​ឃុំ​កំពង់​ក្តី មន្រ្តី​មូលដ្ឋាន និង​អាជ្ញាធរ​ភូមិ​ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច បាន​មក​នៅ​ក្នុង និង​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត។

ដៃ​កាន់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ត្រូវ​បាន​គូស​កត់​សម្គាល់​ដោយ​ពណ៌​ទឹក​ក្រូច ស្រ្តី​ម្នាក់​បាន​អះអាង​ដោយ​ស្ទាក់​ស្ទើរ​ថា ​ខ្លួន​ជា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ម្នាក់។

ក្រោយ​មក អ្នក​យក​ព័ត៌មាន​របស់​ VOA ​បាន​រក​ឃើញ​ថា ស្រ្តី​ម្នាក់​នោះ​ជា​សមាជិក​គណបក្ស​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន។ ស្រ្តី​ម្នាក់​នោះ​បាន​លើក​ឡើង​ថា អ្នកស្រី​មក​ទី​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ក្នុង​ការ​រក​ឈ្មោះ​របស់​ពួកគេ និង​បង្ហាញ​បន្ទប់​ពួកគេ​ដែល​ត្រូវ​បោះ​ឆ្នោត។

ស្រ្តី​ម្នាក់​នោះ បាន​គូស​ឈ្មោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ការ​កត់​សម្គាល់​ថា បាន​បោះ​ឆ្នោត​ហើយ ហើយ​អ្នក​បោះ​ឆ្នោត​ហើយ ក៏​ត្រូវ​រាយការណ៍​ប្រាប់​អ្នកស្រី​ផង​ដែរ។

ស្រ្តីម្នាក់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាកាន់បញ្ជីឈ្មោះបោះឆ្នោតមួយនៅក្នុងការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សាសាមគ្គីសន្តិភាព ក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ធីតា វីន/VOA)

ចំណែក​នៅ​ខាង​ក្រៅ​ការិយាល័យ​វិញ បុរស​វ័យ​ចំណាស់ម្នាក់គឺ​ជា​សមាជិក​ភូមិ​ក្នុង​ឃុំ​កំពង់​ក្តី។ លោក​មក​ក្បែរ​មណ្ឌល​បោះ​ឆ្នោត ដើម្បី​ពិនិត្យ​មើល​ថា ប្រជាពលរដ្ឋ​ណា​ដែល​លោក​ស្គាល់​បាន​បោះ​ឆ្នោត​ហើយ​ឬ​នៅ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មក​ទី​នេះ ដើម្បី​ពិនិត្យ​មើល​នរណា​មក​បោះ​ឆ្នោត។ ខ្ញុំ​នឹង​ទៅ​ហៅ​ពួកគេ​ដល់​ផ្ទះ ប្រសិន​បើ​ពួកគេ​មិន​មក​បោះ​ឆ្នោត នៅ​ម៉ោង​បោះ​ឆ្នោត​ជិត​ដល់»។

ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​២​ទៀត ​ក្នុង​ឃុំ​ដដែល អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​ការងារ​ដូច​គ្នា។ អ្នក​យក​ព័ត៌មាន​ VOA ​បាន​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​មណ្ឌល​ចំនួន​ពីរ​ទៀត​ក្នុង​ឃុំ​ដដែល ហើយ​បាន​ឃើញ​អាជ្ញាធរ​ស្ថិត​នៅ​ខាង​ក្នុង និង​ក្បែរ​មណ្ឌល​បោះ​ឆ្នោត ដោយ​ពិនិត្យ​មើល​ថា​ប្រជាពលរដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​ឬ​យ៉ាងណា។

បើ​តាម​សៀវភៅ​ណែនាំ​របស់​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៧ មេភូមិ​ឬ​ជំនួយ​ការ​ភូមិ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង ជៀសវាង​ការគំរាម​កំហែង។

សៀវភៅ​នោះ​បាន​បញ្ជាក់​ថា៖ «មេភូមិ និង​ជំនួយ​ការ​ភូមិ ត្រូវ​បម្រើ​អ្នក​ភូមិ​គ្រប់គ្នា ដោយ​ពុំ​ប្រកាន់​និន្នាការ​នយោបាយ និង​ពុំ​ត្រូវ​បញ្ចេញ​ទស្សនៈ​នយោបាយ​ផ្ទាល់​ខ្លួន​ទៅ​លើ​អ្នក​ភូមិ។ មេភូមិ​ឬ​ជំនួយការ​ភូមិ ពុំ​មាន​សិទ្ធិ​កត់ត្រា ឬ​សួរ​អ្នក​ភូមិ​អំពី​គណបក្ស​នយោបាយ ដែល​ពួកគាត់​បោះឆ្នោត​គាំទ្រ​ឡើយ»។

ទិដ្ឋភាពដ៏ស្ងប់ស្ងាត់មួយ នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

អាជ្ញាធរ​ភូមិ​ទាំង​នោះ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន ដែល​គណបក្ស​មួយ​នេះ​គ្រប់គ្រង​ទាំង​១៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។

នៅ​មុន​ការ​បោះ​ឆ្នោត មាន​ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត និង​ប្រឆាំង​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ។

នៅ​ក្នុង​ឃុំ​កំពង់​ក្តី ក្នុង​ស្រុក​ជីក្រែង លោក ពេជ្រ បុទុម ជាប្រជាពលរដ្ឋ​ម្នាក់​ បាន​ថ្លែង​ប្រាប់​ VOA ​ថា លោក​បាន​ឃើញ​អាជ្ញាធរ​ភូមិ​ស្ថិត​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត ហើយ​មាន​កត់ត្រា​ឈ្មោះ​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ទីមួយ​ខ្ញុំ​ឃើញ​គាត់​នៅ​ក្នុង​ការិយាល័យ មាន​សៀវភៅ មាន​អី អង្គុយ​កត់​ឈ្មោះ​ប្រជាពលរដ្ឋ ថាតើ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ប៉ុន្មាន​នាក់ មិន​ទៅ​បោះ​ឆ្នោត​ប៉ុន្មាននាក់។ ពេល​ដែល​គាត់​អត់​ឃើញ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​អីចឹង គាត់​ជិះ​ម៉ូតូមក​ប្រកូក​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត»។

លោក បុទុម អាយុ​៣១​ឆ្នាំ ដែល​ជា​កសិករ​ធ្វើ​ស្រែ​ម្នាក់ បាន​ថ្លែង​បន្ត​ថា អាជ្ញាធរ​ក៏​បាន​ទៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ហៅ​ពួកគាត់​ឲ្យ​ទៅ​បោះ​ឆ្នោត​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ដោយសារ​តែ​ឃើញ​រូប​ភាព​អីចឹង ម្នាក់ៗ​មាន​ការ​ភ័យ​ខ្លាច​ដែរ ខ្លាច​ថា​មាន​បញ្ហា​អី ត្រូវ​ការ​ស៊ីញ៉េ​ប្លង់​ដី ប្លង់​អី​អីចឹង​ទៅ មេ​ភូមិ​មិន​រត់​ការ​ មិន​ស៊ី​ញ៉េ​ឲ្យ​អីចឹង​ទៅ។ អ្នក​ខ្លះ​គាត់​ទៅ តែ​គាត់​ទៅ​ទាំង​មិន​ពេញចិត្ត ទៅ​បង្ខំ​ចិត្ត​ថា​ទៅ។ អ្នក​ខ្លះ​ពេល​គាត់​មក​វិញ គាត់​ថា​មិន​ដឹង​ជា​បោះ​ឲ្យ​អ្នក​ណា ចេះ​តែ​គូសៗ​ចោល​ទៅ»។

នៅ​ទូទាំង​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​ស្រពេច​ស្រពិល​ក្នុង​ការ​បែងចែង​មិនដាច់​រវាង​គណបក្ស​កាន់​អំណាច និងរដ្ឋ។

គម្រោង​អភិវឌ្ឍន៍​នានា មិនថា​ជា​ថវិការដ្ឋ ឬ​របស់​ម្ចាស់​ជំនួយ​ពី​ខាង​ក្រៅ​នោះ​ទេ​ គឺ​សុទ្ធ​តែត្រូវ​បាន​គេ​ផ្តល់​គុណសម្បត្តិដល់​គណបក្ស​ប្រជាជន​ ដោយ​ចាត់​ថា​ជា​អំណោយ​របស់​គណបក្ស​នេះ។ សាលារៀន​រាប់​ពាន់​ខ្នង​ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​ភូមិ​ជា​ច្រើន​ត្រូវ​បាន​គេប្រាប់​ម្តង​ហើយ​ម្តង​ទៀត​ថា​គណបក្ស​ប្រជាជន​កម្ពុជា​«ផ្តល់​ជីវិត»។

នៅ​ក្នុង​គ្រួសាររបស់លោក ពេជ្រ បុទុម មនុស្ស​៤នាក់ រួម​មាន​លោក ភរិយា​របស់​លោក និង​ប្អូន​ថ្លៃ​២​នាក់​ទៀត មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ដោយសារ​ពួកគេ​យល់​ថា មិន​មាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ខ្លួន​គាំទ្រ។ ប៉ុន្តែលោក​ថា ម្តាយ​ក្មេក​របស់​លោក​ដែលមាន​អាយុ​ប្រហែល​៥០​ឆ្នាំ និង​ជា​សាច់ញាតិ​របស់​អនុ​ប្រធាន​ភូមិ​ផង​ដែរ បាន​ទៅ​បោះ​ឆ្នោត។

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​គិត​ថា​គាត់​ខ្លាច គាត់​ចាស់​អីចឹង​ គាត់​មាន​ការ​ព្រួយ​បារម្ភ។ ហើយ​ណា​មួយ​គាត់​នឹង​អនុ​ប្រធាន​ភូមិ បងប្អូន​គ្នា​បង្កើត​ទៅ​ទៀត»។

នៅ​ក្នុង​ឃុំ​កំពង់​ក្តី កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​មុន គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​សំឡេង​គណបក្ស​ប្រជាជន គឺ​គណបក្ស​ប្រឆាំង​ទទួល​បាន​២៣៦១​សំឡេង ចំណែក​គណបក្ស​កាន់​អំណាច​ទទួល​បាន​១៧១៦​សំឡេង។ ពេល​នោះ នៅ​ទូទាំង​ប្រទេស គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​បាន​សំឡេង​ឆ្នោត​ប្រហែល​៤៤​ភាគរយ។

ចំណែក​នៅ​ក្នុង​ឃុំ​មួយ​ទៀត គឺ​ឃុំ​គោក​ធ្លក​ក្រោម ក្នុង​ស្រុក​ជីក្រែង​ដដែល លោក សាន សាក់ អាយុ​៤១​ឆ្នាំ បាន​លើក​ឡើង​ថា លោក​ក៏​បាន​សង្កេត​ឃើញ​អាជ្ញាធរ​ថ្នាក់​ក្រោម ដើរ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋ ហើយ​ឲ្យ​ពួកគាត់​ទៅ​បោះ​ឆ្នោត។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ឃើញ​មេ​ភូមិ​ដើរ​តាម​ផ្ទះ​ អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត មួយ​លើក​ពីរ​លើក ទៅ​តាម​រហូត។ យើង​គិត​មើល​ទៅ​ថា ការ​កោះ​អញ្ជើញ​មួយ​លើក​ពីរ​លើក​ហើយ កាល​ណា​គាត់​មិន​ទៅ វា​ជា​គំនាប​មួយ ហើយ​ប្រជា​ពលរដ្ឋ គាត់​ខ្លាច ហៅ​ហើយ ម្តង​ហើយ​ម្តង​ទៀត គាត់​ធុញ​ទ្រាន់​។ នេះ​ហើយ​ជា​គំនាប​មួយ​បង្ខំ​គាត់​ឲ្យ​ទៅ​បោះ​ឆ្នោត អ្វី​ដែល​គាត់​មិន​ចង់​ទៅ»។

នៅ​ក្នុង​ឃុំ​គោក​ធ្លក​ក្រោម ក្នុង​ស្រុក​ជីក្រែង​ដដែល គណបក្ស​សង្រ្គោះជាតិ​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សំឡេង​៣៦៤៧ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​២២៥៨។

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​មុន គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឃុំ​ទាំង​អស់​ចំនួន​១២​ក្នុង​ស្រុក​ជីក្រែង ដែល​នេះ​ធ្វើ​ឲ្យ​មន្រ្តី​គណបក្ស​ប្រជាជន​នៅ​ថ្នាក់​ក្រោម ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន។

ទិដ្ឋភាពនៅក្នុងមណ្ឌលបោះឆ្នោត ក្នុងសាលាបឋមសិក្សាសាមគ្គីសន្តិភាព ក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ធីតា វីន/VOA)

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់ ​VOA ​ថា គណបក្ស​មិន​មាន​គោល​ការណ៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ខ្លួន ចូល​ទៅ​កត់ត្រា​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ឆ្នោត ឬ​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អត់​មាន​គោល​ការណ៍​អីចឹង​ទេ។ យើង​បើក​ចំហ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​នៅ​ក្នុងការ​សម្តែង​មតិ​របស់​ខ្លួន តាម​រយៈ​ការ​បោះ​ឆ្នោត។ បើ​សិន​ជា​មាន​ករណី​ហ្នឹង​មែន នេះ​ជា​ករណី​មិន​ប្រក្រតី​តិច​តួច​បំផុត ហើយ​ដែល​កើត​ចេញ​ពី​រឿង​បុគ្គល​ទេ ហើយ​ដែល​គណបក្ស​មិន​គាំទ្រ​ឲ្យ​ធ្វើ​បែប​នេះ​ទេ»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

អ្នកនាំពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស​ ពុទ្ធា បាន​ចោទជា​សំណួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ទាំង​នោះ តែ​លោក​ថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ករណី​បែប​នេះ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ទីមួយ​ព័ត៌មាន​ហ្នឹង​មិន​ដឹង​ពិត​កម្រិត​ណាទេ។ ប៉ុន្តែ​យើង​ក្នុង​នាម ​គ.ជ.ប យើង​រង់ចាំ​បណ្តឹង។ បើ​មាន​បណ្តឹង​ទើប​ដោះស្រាយ»។

អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​កត់ត្រា​ទិន្នន័យ​របស់​អាជ្ញាធរ​ភូមិ​ឃុំ​ជា​រឿង​ធម្មតា​ទេ តែ​បើ​ខុស គឺ​ត្រង់​ថា​ពួកគាត់​នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត​ពេក។

គណបក្ស​ប្រជាជនកម្ពុជា​ទំនង​នឹង​ទទួល​បាន​អាសនៈ​រដ្ឋសភា​ទាំង​១២៥ ខណៈ​ខ្លួន​បាន​ទទួល​សំឡេង​ឆ្នោត​ប្រមាណ​៤,៩​លាន​នាក់ គឺ​ស្មើ​នឹង​៧៧​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត។ ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ទៅ​ដល់​ជិត​៨៣​ភាគរយ។ កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ប្រមាណ​៩០​ភាគរយ។

បើតាម​ គ.ជ.ប ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ប្រមាណ​៦០ម៉ឺន​សន្លឹក ដែល​ស្មើប្រមាណ​៩​ភាគរយ​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ទាំង​អស់។ កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​១៣ម៉ឺន​សន្លឹក។

មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា៖ «ដោយ​គ្មាន​គណបក្ស​នយោបាយ​ជា​ជម្រើស​របស់​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​នេះ។ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាចជាមួយ​នឹង​ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ជា​ប្រចាំ​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​បង្ខិត​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​បោះ​ឆ្នោត»។

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​នានា​ដែល​ខ្លួន​ពេញ​ចិត្ត «ដោយ​សេរី គ្មាន​ការ​គាប​សង្កត់ ឬ​បង្ខិត​បង្ខំ​អ្វី​ឡើយ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣៣​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិកជាង៥លាន​នាក់។

ឆ្លើយតប​ទៅ​នឹង​លទ្ធផល​ខកចិត្ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាលពី​ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចង​ក្រង​សមាជិកថ្មី​មួយ​ដោយ​មហិច្ឆតា។​ ការ​ចងក្រង​សមាជិក​ថ្មីនេះ​ តម្រូវ​ឲ្យ​មានការ​ចុះ​បញ្ជី​គ្រួសារ​ទាំង​មូល​ជា«គ្រួសារ​គណបក្ស​ប្រជាជន​» និង​ធានា​ថា​គ្រប់​គ្នា​ដែល​ចុះ​ឈ្មោះ «ស្មោះត្រង់​»នឹង​គណបក្ស​។

ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​មេឃុំ​ចៅសង្កាត់​ជាង​៤០០ ក្នុង​ចំណោម​១៦៤៦ឃុំ​នៅ​ទូទាំង​ប្រទេស និង​ក្រុមប្រឹក្សា​ជាង​២ពាន់​នាក់ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃទី​៧ ខែមិថុនា ដោយ​បញ្ជា​ឲ្យ​មន្រ្តី​ថ្នាក់​ក្រោម​បើក​យុទ្ធនាការ​មួយ ធានា​ថា«សមាជិក​បក្ស​មួយរូប​ គឺជា​សន្លឹក​ឆ្នោត​គាំទ្រ​មួយ​សន្លឹក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា»។

ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៧ ខែកក្កដា លោក ហ៊ុន សែន បាន​ថ្លែង​ថាសមាជិក​បក្ស​ទាំង​នោះ​ត្រូវ​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «លក្ខន្តិកៈ​របស់​គណបក្ស​គឺ​ត្រូវ​ចូលរួម​ការ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ចង​ជា​កាតព្វកិច្ច​របស់​សមាជិក​បក្ស។ ម្យ៉ាង​ទៀត សមាជិក​បក្ស ត្រូវ​បោះ​ឆ្នោត​ឲ្យ​បក្ស​ខ្លួន​ឯង មិន​មែន​ជា​ការបោះ​ឆ្នោត​ឲ្យ​បក្ស​ដទៃ​ទេ ព្រោះ​យើង​បាន​ធ្វើ​សច្ចាប្រណិធាន»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ឯ​ចំពោះ​យើង​ដែល​មិន​ទៅ​ធ្វើការ​បោះ​ឆ្នោត តើ​យើង​អាច​រស់​នៅ នៅ​ឯ​មូលដ្ឋាន​ បាន​ជាមួយ​ពលរដ្ឋ​ដទៃ​បាន​យ៉ាង​ម៉េច​ទៅ»?