លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា កំពុងបន្តការពារផែនការរបស់លោកដើម្បី ទទួលជនភៀសខ្លួនស៊ីរីថែមទៀត នៅក្នុងជំនួបក្នុងប្រទេសម៉ាឡេស៊ីជាមួយកុមារដែលបាត់បង់លំនៅដ្ឋានដោយសារអំពើហិង្សា និងភាពក្រីក្រ។
លោកអូបាម៉ាដែលកំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ (Kuala Lumpur) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់នោះ កាលពីថ្ងៃសៅរ៍នេះបានអញ្ជើញទៅទស្សនាមូលនិធិសេចក្តីថ្លៃថ្នូរសម្រាប់កុមារ ដែលនៅទីនោះលោកបានជួបជាមួយកុមារភៀសខ្លួន រួមទាំងកុមារខ្លះដែលនឹងមករស់នៅសរអាផងដែរ។
«ពិភពលោកពិតជាកំពុងតែផ្តោតទៅលើសោកនាដកម្មមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែយើងមិនអាចភ្លេចថាមានជនភៀសខ្លួនរាប់លាននាក់ផ្សេងទៀត ពីកន្លែងនាៗដែលមានពោរពេញទៅដោយសារសង្គ្រាមនោះ»។ នេះជាសម្តីរបស់លោកអូបាម៉ា។
កុមារជាច្រើននៅមជ្ឈមណ្ឌលនោះ ជាជនជាតិ Rohingya ដែលកាន់សាសនាមូស្លីម ដែលបានរត់ចេញពីប្រទេសមីយ៉ាន់ម៉ា ទីដែលមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន។ ជនជាតិ Rohingya ភាគតិចនេះកំពុងជួបប្រទះនឹងការប្រកាន់រើសអើង និងអំពើហិង្សាយ៉ាងខ្លាំង។
លោកអូបាម៉ាថ្លែងថា «នៅពេលដែលខ្ញុំអង្គុយនៅទីនោះ ហើយនិយាយជាមួយពួកគេ នៅពេលដែលពួកគេកំពុងតែគូររូប ឬធ្វើលំហាត់គណិតវិទ្យានោះ ពួកគេមើលទៅគឺគ្មានអ្វីខុសពីក្មេងៗនៅអាមេរិកទាល់តែសោះ»។
លោកបន្ថែមទៀតថា «ការជជែកថា យើងគួរតែខ្លាចពួកគេ ហើយបោះបង់ចោលពួកគេនោះ មិនមែនតំណាងឲ្យយើងទេ»។
ទស្សនកិច្ចនេះបានផ្តល់ជូនលោកប្រធានាធិបតីនូវឱកាសមួយទៀត ដើម្បីឆ្លើយតបទៅអ្នកនៅអាមេរិកដែលជំទាស់នឹងផែនការរបស់លោកដើម្បីទទួលជនភៀសខ្លួនចំនួន ១ម៉ឺននាក់នៅឆ្នាំនេះពីប្រទេសស៊ីរី។
នេះជាចំនួនដែលកើនឡើងយ៉ាងច្រើនសន្ធឹកពីចំនួនជនភៀសខ្លួនស៊ីរីប្រមាណ២ពាន់នាក់ ដែលសរអាបានទទួលយក ចាប់តាំងពីដើមដំបូងនៃសង្គ្រាមស៊ីវិលនៅស៊ីរី ប៉ុន្តែនេះជាចំនួនតិចតួចនៃជនភៀសខ្លួនរាប់លាននាក់ ដែលបានរត់ចេញពីប្រទេសស៊ីរី៕