នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជំរុញកាលពីថ្ងៃសុក្រឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម និងបានស្នើដើរតួជា «មិត្ត» ដើម្បីជួយនាំមកនូវសន្តិភាព ខណៈដែលមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាក្នុងទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អ៊ុយក្រែននេះបានធ្វើឡើងចំពេលមានការប្រែប្រួលខ្លាំងក្លាក្នុងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយនៅពេលនេះកងកម្លាំងរុស្ស៊ីបានរុលចូលយឺតៗនៅភាគខាងកើតអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែនរុលឆ្លងព្រំដែន។
ពេលធ្វើសេចក្តីថ្លែងការណ៍រួមគ្នាទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក Modi បាននិយាយថា លោកបានមកទីក្រុងកៀវដោយនាំមកជាមួយនូវសារសន្តិភាព និងបានអំពាវនាវឱ្យមានការសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែនឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
លោក Modi បាននិយាយថា៖ «ផ្លូវឆ្ពោះទៅរកដំណោះស្រាយអាចរកឃើញបានតាមរយៈការសន្ទនានិងការទូតតែប៉ុណ្ណោះ។ យើងគួរតែបោះជំហានឆ្ពោះទៅរកទិសដៅនោះដោយមិនគួរខ្ជះខ្ជាយពេលវេលាទៀតទេ។ ភាគីទាំងពីរគួរតែអង្គុយជាមួយគ្នាដើម្បីស្វែងរកផ្លូវចេញពីវិបត្តិនេះ» ។
លោកបានថ្លែងទៀតថា៖ «ខ្ញុំចង់ធានាចំពោះមុខអ្នកថាឥណ្ឌាបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព។ ប្រសិនបើខ្ញុំអាចដើរតួក្នុងរឿងនេះដោយផ្ទាល់ ខ្ញុំនឹងធ្វើដូច្នេះ។ ខ្ញុំចង់ធានាជាមួយអ្នកក្នុងនាមជាមិត្ត» ។
លោក Zelenskyy បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ដំណើរទស្សនកិច្ចនេះមានលក្ខណៈមិត្តភាពនិងមានសារៈសំខាន់សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់»៕
នាយករដ្ឋមន្ត្រីឥណ្ឌាធ្វើទស្សនកិច្ចនៅអ៊ុយក្រែនដោយជំរុញលោក Zelenskyy ឱ្យចរចាជាមួយរុស្ស៊ី
រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន —