លោកស្រីមីសែល អូបាម៉ា ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងបន្តដំណើរបំពេញទស្សនៈកិច្ចរបស់លោកស្រីនៅក្នុងប្រទេសជប៉ុន ដែលនៅទីនោះលោកស្រី កំពុងផ្សព្វផ្សាយកិច្ចផ្តួចផ្តើមមួយដែលមានគោលបំណងជួយនារីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបញ្ចប់ការសិក្សារបស់ខ្លួន។
ថ្លែងនៅក្បែរលោកស្រី Akie Abe សមភាគីរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីអូបាម៉ា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងជប៉ុន នឹងធ្វើការជាមួយគ្នាលើកិច្ចផ្តួចផ្តើមការផ្តល់ឱកាសឲ្យស្រ្តីបានចូលសិក្សាឬ «Let Girls Learn» របស់សេតវិមាន។
លោកស្រីអូបាម៉ា មានប្រសាសន៍ថា «ការសិក្សារបស់ខ្ញុំ ជាចំណុចចាប់ផ្តើមនៃគ្រប់ឱកាស ដែលខ្ញុំមាននៅក្នុងជីវិតរបស់ខ្ញុំ។ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំដឹងថា គ្រប់នារីដូចជាខ្ញុំ មាននារីផ្សេងទៀតនៅទូទាំងពិភពលោកដែលមានការឆ្លាតវាងវៃ មានសមត្ថភាព មានការស្រេកឃ្លានដើម្បីឲ្យបានទទួលជោគជ័យ ក៏ប៉ុន្តែ នារីទាំងអស់នោះ មិនមានឱកាសដើម្បីទៅសាលារៀន។
កម្មវិធីផ្តួចផ្តើមនោះមានគោលបំណងជួយអប់រំនារី៦២លាននាក់នៅទូទាំងសាកលលោកដែលមិនបានចូលសាលារៀន ហើយត្រូវបានផ្សព្វផ្សាយដោយលោកស្រីអូបាម៉ាជាមួយនឹងលោកប្រធានាធិបតី។
អង្គការ Peace Corps របស់សហរដ្ឋអាមេរិក នឹងធ្វើការជាមួយអង្គការស្ម័គ្រកិច្ចសហប្រតិបត្តិការនៅក្រៅប្រទេសរបស់ជប៉ុនឬ Japan Oversea Cooperation Volunteers ជាមួយនឹងអង្គការផ្តល់ជំនួយអន្តរជាតិផ្សេងៗទៀតដើម្បីជួយអនុវត្តកម្មវិធីនេះ។
លោកស្រីអូបាម៉ា បានមានប្រសាសន៍បន្តទៀតថា «ហើយដោយមានភាពជាដៃគូថ្មីនេះរវាងប្រទេសយើងទាំង២ យើងកំពុងធ្វើការអំពាវនាវដល់ប្រទេសនានានៅជុំវិញពិភពលោកឲ្យធ្វើសកម្មភាព។ក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខទៀត យើងនឹងទាក់ទងមេដឹកនាំពិភពលោក ហើយសុំឲ្យមេដឹកនាំទាំងនោះធ្វើការតាំងចិត្តដ៏ខ្លាំងរបស់ខ្លួនដល់ការសិក្សាអប់រំរបស់នារី។
លោកស្រីភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានជួបជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ លោកស្រី ក៏នឹងមានផែនការជួបជាមួយអធិរាជនិងអធិរាជនីរបស់ជប៉ុនមុនពេលធ្វើដំណើរទៅទស្សនាទីកន្លែងទេសចរណ៍នៅក្រុងក្យូតូនៅថ្ងៃសុក្រស្អែកនេះ។
នៅថ្ងៃសុក្រដូចគ្នានេះផងដែរ លោកស្រីអូបាម៉ានឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសមួយនៃបណ្តាប្រទេស១១ដែលរួមមាននៅក្នុងកម្មវិធីកិច្ចផ្តួចផ្តើមនេះ។ប្រទេសផ្សេងទៀតនៅក្នុងកម្មវិធីផ្តួចផ្តើមមានប្រទេសអាល់បានី បេនីន ប៊ូគីណា ហ្វាសូ ហ្គាណា ម៉ុលដាវី ម៉ុងហ្គោលី ម៉ូហ្សាំប៊ិក តូហ្គោ និងអ៊ូហ្គង់ដា។
នៅក្នុងប្រទេសកម្ពុជា លោកស្រីអូបាម៉ា នឹងជួបជាមួយលោកស្រីប៊ុន រ៉ានី ភរិយារបស់នាយករដ្ឋមន្រ្តីហ៊ុន សែន។ នេះជាដំណើរបំពេញទស្សនៈកិច្ចលើកទីមួយដែលលោកស្រីភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់អំណាចអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៕