ថ្នាក់ដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក នឹង​ពិភាក្សា​អំពី​ជំនួយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩

ក្រដាសប្រាក់១០០ដុល្លាររបស់សហរដ្ឋអាមេរិក។

ការ​ជំរុញ​នេះ​ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ ជា​មធ្យម​ជាង ៦៦.០០០ ករណី។

សមាជិក​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គ្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​សមាជិក​សភា និង​លោក​ប្រធានាធិបតី Donald Trump ចរចា​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​មួយ ដើម្បី​ទប់ទល់​ជាមួយ​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខាង​ផ្នែក​សុខភាព និង​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ការ​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​អង្គារ​នេះ ​នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin នាយ​អគ្គសេនាធិការ​ស្ដីទី​សេតវិមាន​លោក Mark Meadows ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer។

ការ​ជំរុញ​នេះ​ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ ជា​មធ្យម​ជាង ៦៦.០០០ ករណី ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ និង​ចំ​ពេល​ដែល​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ជួយ​អ្នក​បាត់បង់​ការងារ​ធ្វើ​រាប់​លាន​នាក់​ជិត​ផុត​កំណត់​នៅ​ចុង​ខែ​កក្កដា​នេះ។

លោក Trump និង​ក្រុម​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា នៅ​មិន​ទាន់​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ទាក់ទិន​នឹង​ប្រភេទ​ជំនួយ​ថ្មី​ដែល​ត្រូវ​អនុម័ត និង​ចំនួន​ថវិកា​ដែល​ត្រូវ​ចំណាយ៕