សម្ដេច​ប៉ាប Francis ថ្កោល​ទោស «ការ​ច្រូត​កាត់ដ៏​រន្ធត់» លើ​ជីវិត​ជន​ស៊ីវិល​ស្លូតត្រង់​នៅ​តំបន់​ហ្កាហ្សា

  • ​Reuters

សម្តេចប៉ាប Francis លើកដៃស្វាគមន៍ មុនពេល​មានបន្ទូលពីរានហាលកណ្ដាលនៃព្រះវិហារគ្រិស្ដសាសនា St. Peter's Basilica ក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេច​ប៉ាប Francis បាន​បញ្ជាក់​នៅ​ក្នុង​សារ​ថ្ងៃ​បុណ្យ​ណូអែល​របស់​ព្រះអង្គ​កាលពី​ថ្ងៃ​ចន្ទ​ថា កុមារ​ដែល​ស្លាប់​នៅ​ក្នុង​សង្គ្រាម រួមទាំង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ផង​ដែរគឺ​ជា «ព្រះ​យេស៊ូ​តូច​នៃ​ថ្ងៃ​នេះ» និង​ថា ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ទីនោះ​គឺ​ជា «ការ​ច្រូតកាត់​ដ៏​រន្ធត់» លើ​ជីវិត​របស់​ជន​ស៊ីវិល​ស្លូតត្រង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​សុន្ទរកថា «Urbi et Orbi» របស់​ព្រះអង្គ​ដែល​មាន​ន័យ​ថា «ជូន​ចំពោះ​បុរី​វ៉ាទីកង់​និង​ពិភពលោក» សម្ដេច​ប៉ាប Francis ក៏​បាន​ហៅ​ផង​ដែរ​នូវ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ ខែ​តុលា​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​ថា «គួរ​ឱ្យ​ស្អប់ខ្ពើម» និង​ជា​ថ្មី​ម្ដងទៀត​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ប្រហែល ១០០ នាក់​ ដែល​នៅ​ជាប់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅឡើយ។

សម្ដេច​ប៉ាប Francis បាន​មាន​បន្ទូល​ពី​រានហាល​កណ្ដាល​នៃ​ព្រះវិហារ​គ្រិស្ដ​សាសនា St. Peter's Basilica ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទីលាន​ខាង​ក្រោម​ថា ឧស្សាហកម្ម​សព្វាវុធ​នៅ​ទីបំផុត​បាន​ត្រួតត្រា​លើ «ខ្សែ​ញ៉ាក់​នៃ​សង្គ្រាម»។

ព្រះអង្គ​ដែល​មាន​ព្រះជន្ម ៨៧ ព្រះវស្សា​នេះ​ បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​លើក​ទី ១១ ក្នុង​ភារៈ​របស់​ព្រះ។ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​ជម្លោះ​មិន​ថា​នយោបាយ សង្គម ឬ​ក៏​យោធា​នោះ​ទេ​នៅ​តាម​ប្រទេស​នានា​ ដូចជា​ អ៊ុយក្រែន ស៊ីរី យេមែន លីបង់ អាមេនី​និង​អាស៊ែ បៃហ្សង់​ជាដើម ហើយ​ព្រះអង្គ​បាន​ការពារ​សិទ្ធិ​របស់​ជន​ចំណាកស្រុក​នៅ​ទូទាំង​ពិភពលោក។

ព្រះអង្គ​បាន​មាន​បន្ទូល​ផ្ដោត​លើ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ថា៖ «សូម​ឱ្យ​មាន​សន្តិភាព​នៅ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ដែល​នៅ​ទីនោះ​សង្គ្រាម​កំពុង​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស។ ខ្ញុំ​ឱប​ក្រសោប​ពួកគេ​ទាំងអស់ ជាពិសេស​សហគមន៍​គ្រិស្ដ​សាសនា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​នៅ​តំបន់​ហ្សេរុយសាឡិម​ទាំងមូល​ដែល​ជា​ទឹកដី​ពិសិដ្ឋ»៕