កិច្ច​​ប្រឹងប្រែង​​​​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​រោងចក្រ​ Rana Plaza នៅ​បង់ក្លាដែស​នៅ​តែ​បន្ត

សាច់​ញាតិ​នៃ​ជន​រងគ្រោះ​យំ​នៅ​ពី​មុខ​ស្តូប​ដែល​សាងសង់​ឡើង​ដើម្បី​រំលឹក​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​ការ​ដួល​រលំ​អគារ Rana Plaza ខណៈ​ដែល​ពួកគេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនោះ​ នៅ​ថ្ងៃ​ខួប​ពីរ​ឆ្នាំ នៅ​ក្នុង​ក្រុង Savar ក្បែរ​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥។

ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​អគារ​ Rana Plaza ក្នុង​ក្រុង​ដាក្កា (Dhaka) ដែល​បណ្តាល​ឲ្យកម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ជាង​១ពាន់​១រយ​នាក់​បាន​ស្លាប់​ ប្រាក់​រាប់​លាន​ដុល្លារ​បាន​ត្រូវ​គេ​ផ្តល់​ឲ្យ​ដល់​មនុស្ស​រាប់ពាន់​នាក់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ ក៏​ប៉ុន្តែ​មាន​ភាព​ចម្រូង​ចម្រាស​ក្នុង​ការ​ផ្តល់​សំណង​នេះ​ទាំង​នោះ។

ភា្លមៗ​បន្ទាប់​ពី​សោកនាដកម្ម​នោះ​ រដ្ឋាភិបាល​បង់ក្លាដែស​ និង​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​លើ​សាកល​លោក​បាន​ប្រមូល​ប្រាក់​សម្រាប់​មូលនិធិ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ដើម្បី​ផ្តល់​សំណង​ដល់​អ្នក​ដែល​នៅ​រស់​រានមាន​ជីវិត​ និង​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​របស់​អ្នក​ដែល​ស្លាប់​ក្នុង​ការ​ដួល​រលំ​នៃ​អគារ​៩ជាន់​នោះ។

ធានាគារ​ពាណិជ្ជកម្ម​បង់ក្លាដែស ​និង​ប្រភព​ថវិកា​ក្នុង​ស្រុក​ដទៃ​ទៀត​បាន​ចូល​រួម​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១៦លាន​ដុលា្លរ​ទៅ​ឲ្យ​មូលនិធិ​ Relief and Welfare របស់​នាយក​រដ្ឋ​មន្រ្តី​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នោះ។ អង្គការ​តម្លាភាព​អន្តរជាតិ​បង់ក្លាដែស​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​ឃ្លាំមើល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​សាកលប្រចាំ​ប្រទេស​បង់ក្លាដែស​ បាន​រាយការណ៍​កាលពី​ខែ​មុន​ថា​ មូលនិធិ​របស់​នាយក​រដ្ឋ​មន្រ្តី​បាន​ផ្តល់​សំណង​ត្រឹម​តែ​២,៤៨លាន​ដុល្លារ​ប៉ុណ្ណោះ។

មូលនិធិ​មួយ​ទៀត​មាន​ឈ្មោះ​ថា​ មូលនិធិម្ចាស់​ជំនួយ​ Rana Plaza ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Rana Plaza Donors' Trust Fund ត្រូវ​បានបង្កើត​ឡើង​ផ្តាច់​មុខ​សម្រាប់​ជួយ​តែជន​រងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​នៅ​ Rana Plaza តែ​ប៉ុណ្ណោះ។ មូលនិធិ​នេះ​ទទួល​បាន​ប្រាក់​បរិច្ចាគ​ចំនួន​២៧លាន​ដុលា្លរ​ពី​ក្រុមហ៊ុន​សម្លៀក​បំពាក់របស់​សហភាព​អឺរ៉ុប​ និង​អាមេរិក​ចំនួន​៣០​ក្រុមហ៊ុន និងបាន​ពី​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​បង់ក្លាដែស​ រួម​ទាំង​ទទួល​បាន​ពី​មូលនិធិ​របស់​នាយក​រដ្ឋ​មន្រ្តី​ផង​ដែរ។

រដ្ឋបាល​ផ្នែក​បណ្តឹង​តវ៉ា​នៅ​ Rana Plaza (RPCA) ដែល​គ្រប់គ្រង​មូលនិធិនិយាយ​ថា មក​ដល់​ពេល​នេះ​ ពួក​គេ​បាន​ចំណាយ​ប្រាក់​ផ្តល់​សំណង​ទៅ​ឲ្យ​ជន​រងគ្រោះបាន​ចំនួន​ប្រហែល​១៩,៦៣​លាន​ដុលា្លរ​រួច​ហើយ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំ​ងនោះ។

ក្រុម​មន្រ្តី​កំពុង​ព្យាយាម​កំណត់​ចំនួន​មនុស្ស​សរុបដែល​បាន​ស្លាប់​ក្នុង​សោកនាដកម្ម​នោះ ដោយសារ​តែ​សាកសព​មនុស្ស​ចំនួន​១៥៩នាក់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន​នោះ​ មិន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឡើយទេ។ បើ​បូក​បញ្ចូល​ចំនួន​នេះ​ ចំនួន​អ្នកស្លាប់​នឹងកើន​ឡើង​ដល់​១ពាន់​៣រយ​នាក់។

មូលនិធិម្ចាស់​ជំនួយ​ Rana Plaza និយាយ​ថា​ ខ្លួន​នៅ​ខ្វះប្រាក់​ប្រហែល​៣លាន​ដុលា្លរ​ទៀត​ដើម្បី​បង្រ្គប់​ចំនួន​៣០លាន​ដុល្លារ​ ដែល​មូលនិធិ​នេះ​ធ្វើការ​ប៉ាន់​ស្មាន​ថា​ ពួក​គេ​ត្រូវ​ការ​ដើម្បី​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ទាំង​អស់​នៅ​ក្នុង​សោកនាដកម្ម​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​បង់ក្លាដែស​ លោក​ Iftekhar Zaman កំពុង​អំពាវនាវ​ឲ្យ​មូលនិធិ​របស់​នាយក​រដ្ឋ​មន្រ្តី​ចូល​រួមគ្នា​ដើម្បី​បង្រ្គប់​ថវិកា​នោះ។

លោក Zaman និយាយ​ថា៖ «ទោះ​បី​ជា​មូលនិធិ​របស់​នាយក​រដ្ឋ​មន្រ្តី​ទទួល​បាន​ប្រាក់បរិច្ចាគ​ចំនួន​១៦លាន​ដុល្លារ​សម្រាប់​ជន​រងគ្រោះនៃ​សោកនាដកម្ម​ Rana Plaza ក៏​ដោយ​ មាន​តែ​ទឹក​ប្រាក់​ចំនួន​២,៤៨​លាន​ដុលា្លរ​ប៉ុណ្ណោះ ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ជន​រងគ្រោះ (តាម​រយៈ​មូលនិធិ​ទំនុក​ចិត្ត)។ តាម​ពិត​ទៅ​ ចំនួន​ទឹក​ប្រាក់​ទាំង​អស់​ដែល​មាន​ចំនួន​១៦លាន​ដុលា្លរ​ គឺ​ត្រូវ​ប្រើ​ក្នុង​ន័យ​ជួយ​ជន​រងគ្រោះ​ទាំង​នោះ»។

អ្នក​នាំ​ពាក្យ​របស់​ខុទ្ទកាល័យ​របស់​នាយក​រដ្ឋ​មន្រ្តី​បាន​និយាយ​ការពារ​កំណត់​ត្រា​នៃ​ការ​បរិច្ចាគ​របស់​ខ្លួន​ថា ការ​ប្រមូល​មូលនិធិ​នេះ​មិន​មែន​ធ្វើ​ឡើង​ផ្តាច់​មុខ​សម្រាប់​តែ​ជន​រងគ្រោះ​ Rana Plaza នោះ​ទេ តែ​វា​អាច​ផ្តល់​ឲ្យ​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​ការ។ ក៏​ប៉ុន្តែ ​អង្គការ​តម្លាភាព​និយាយ​ថា ​ក្រុម​មន្រ្តី​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ការ​ចំណាយ​ប្រាក់​មូលនិធិ​នេះ។ អង្គការ​នេះ​បាន​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​អាច​ផ្តល់​សូម្បី​តែបញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​ទទួល​សំណង​រួច​ហើយ។

សម្រាប់​គ្រួសារ​របស់​កម្មករ​ដែល​បាន​ស្លាប់​នៅ​ក្នុង​រោងចក្រ​នោះ​ ចំនួន​នៃ​ប្រាក់​សំណង​ដែល​ទទួល​បាន​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​ប្រាក់​ខែ​របស់​ពួកគេ​ និង​ចំនួន​និង​អាយុ​នៃ​អ្នក​ដែល​នៅ​ក្នុង​បន្ទុក។ បុគ្គលិក​រដ្ឋបាល​និយាយ​ថា ​ចំនួន​នៃ​ប្រាក់​សំណង​នេះ​ មាន​ចាប់​ពី​៦.៤២៥​ដុល្លារ​ទៅ​១២.៨៥០​ដុល្លារ។ កម្មករ​ខ្លះ​ដែល​មាន​តួនាទី​ខ្ពស់​ទទួល​បាន​ប្រាក់​សំណង​ច្រើន​ជាង​៣ម៉ឺន​២ពាន់​ដុល្លារ។

លោក Phil Robertson គឺ​ជា​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី។ លោក​បាន​បន្ទោស​មួយ​ផ្នែក​ទៅ​លើ​ក្រុមហ៊ុន​សម្លៀក​បំពាក់​អន្តរជាតិ​មួយ​ចំនួន​ដែល​មាន​ប្រតិបតិ្តការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ទាំង​នោះ​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ផ្តល់​ប្រាក់​ជំនួយ​ឲ្យ​បាន​គ្រប់គ្រាន់​ដូច​ការ​រំពឹង​ទុក។

លោក​និយាយ​ថា៖ «វា​ក៏​បាន​បង្ហាញ​ពី​ការ​ឈប់​ទទួល​ខុស​ត្រូវ​ដ៏​អាក្រក់​របស់​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរបង់ក្លាដែស​ ដោយសារ​តែ​ក្រុម​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា ​ សមាគម​រោងចក្រ​កាត់ដេរ​និង​នាំ​ចេញ​បង់ក្លាដែស BGMEA​ មិន​បាន​ចូល​រួម​បរិច្ចាគ​ទៅ​ឲ្យ​មូលនិធិ​នោះ​ទេ»។

មជ្ឈមណ្ឌលពិភាក្សា​គោល​នយោបាយ CPD​ ដែល​ជា​ក្រុម​អ្នក​ជំនាញ​ផ្តល់​យោបល់មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ដាក្កា​និយាយ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ និង​អង្គការ​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុននៅ​ក្នុង​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លង​ទៅក៏​ដោយ​ ដំណើរ​ការ​បើក​ប្រាក់​ខែ​យឺត​មាន​ន័យ​ថា ​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​មិនបាន​ទទួល​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​ជួយ​ស្តារ​នីតិសម្បទា​របស់​ពួកគេ​ឡើង​វិញ​ទេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ