ក្រុមវេជ្ជបណ្ឌិតសហរដ្ឋអាមេរិក បានយកបេះដូងជ្រូកដាក់ឲ្យអ្នកជំងឺម្នាក់នៅក្នុងការខំប្រឹងប្រែងចុងក្រោយដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជំងឺនោះ។នេះជាលើកទី ១ សម្រាប់ផ្នែកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្ត្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមវេជ្ជបណ្ឌិតប្រចាំសាលាពេទ្យនៃសាកលវិទ្យាល័យរដ្ឋ Maryland សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា អ្នកជំងឺនោះ កំពុងមានសុខភាពល្អ ៣ ថ្ងៃបន្ទាប់ពីការវះកាត់។ អ្នកជំងឺឈ្មោះ David Bennett អាយុ ៥៧ ឆ្នាំ ជាសិប្បករនៅរដ្ឋ Maryland ដែលឈឺធ្ងន់មិនអាចទទួលបានបេះដូងមនុស្ស។
លោកBennett បាននិយាយមុនពេលវះកាត់ថា៖ «ខ្ញុំចង់រស់។ ខ្ញុំដឹងថា វាជាការប្រថុយប្រថានមួយ ក៏ប៉ុន្តែ វាជាជម្រើសចុងក្រោយរបស់ខ្ញុំ»។
ការវះកាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញជាលើកដំបូងថា បេះដូងសត្វដែលត្រូវបានគេយកហ្សែនវាមកកែច្នៃអាចដំណើរការនៅក្នុងខ្លួនប្រាណមនុស្សដោយគ្មានប្រតិកម្មប្រឆាំងភ្លាមៗ។
លោក Bennett បានដឹងថាគ្មានការធានាថាការពិសោធន៍នោះ អាចមានដំណើការឬក៏អត់នោះទេ៕