ការសិក្សាថ្មីមួយនៅក្នុងសហរដ្ឋអាមេរិកបង្ហាញឲ្យដឹងថា អ្នកជំងឺកូវីដ១៩ជិត២៥%នៅក្នុងប្រទេសនេះ មានបញ្ហាសុខភាពថ្មីផ្សេងៗទៀត បន្ទាប់ពីការពិនិត្យសុខភាពជាលើកដំបូងមក។
អង្គការមិនរកប្រាក់កម្រៃមួយឈ្មោះ FAIR Health បានវិភាគទៅលើសំណងទាមទារធានារ៉ាប់រងសុខភាពរបស់មនុស្សប្រមាណជិត២លាននាក់ ក្នុងរយៈពេលពីខែកុម្ភៈ ឆ្នាំ២០២០រហូតមកដល់ខែកុម្ភៈឆ្នាំនេះ។ ការសិក្សារកឃើញថា អ្នកកើតជំងឺកូវីដ១៩ «រយៈពេលយូរអង្វែង» មានបញ្ហាសុខភាពថ្មីៗជាច្រើន ដូចជាការឈឺចាប់ក្នុងខ្លួន ការពិបាកដកដង្ហើម សម្ពាធឈាមឡើងខ្ពស់ សារធាតុខ្លាញ់ក្នុងឈាមឡើងខ្ពស់ និងការអស់កម្លាំងជាដើម។
ជំងឺថ្មីៗនេះ កើតមានទៅលើអ្នកជំងឺគ្រប់វ័យទាំងអស់ដោយរួមទាំងកុមារផងដែរ ក៏ដូចជាអ្នកជំងឺមួយចំនួនដែលមិនចេញរោគសញ្ញាផងដែរ។ ការសិក្សាបង្ហាញថា អ្នកជំងឺកូវីដ១៩ដែលមិនចេញរោគសញ្ញា មានរោគសញ្ញាកូវីដរយៈពេលយូរអង្វែង ដោយកើនចំនួនដល់២៧% នៃអ្នកដែលមានរោគសញ្ញាធម្មតា ប៉ុន្តែមិនចូលព្យាបាលនោះទេ ហើយ៥០%នៃអ្នកទាំងនោះ ទទួលការព្យាបាល។
ជំងឺផ្សេងៗទៀត ដែលរកឃើញក្នុងការសិក្សានោះក៏រួមមានអាការៈរោគពោះវៀន បញ្ហាបេះដូង និងបញ្ហាប្រព័ន្ធសតិមិនល្អ ដូចជាការបាក់ទឹកចិត្ត និងភាពរសាប់រសល់អន្ទះអន្ទែងជាដើម។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺសហរដ្ឋអាមេរិក CDC កាលពីថ្ងៃអង្គារកន្លងទៅ ក៏បានចាត់ទុកប្រភេទជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីដែលតា (Delta) ដែលត្រូវបានរកឃើញជាដំបូង ក្នុងប្រទេសឥណ្ឌានោះ ថាជាប្រភេទជំងឺកូវីដ១៩ ដែលគួរឲ្យបារម្ភខ្លាំងផងដែរ៕