បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ១២នាក់នឹងឡើងឆាកជជែកដេញដោលគ្នានៅវគ្គបន្ទាប់ នៅថ្ងៃអង្គារនេះនៅឯសាកលវិទ្យាល័យ Otterbein នៅទីក្រុង Westerville រដ្ឋ Ohio។
ការជជែកដេញដោលលើកនេះគឺជាវេទិកាដេញដោលគ្នាខាងគណបក្សប្រជាធិបតេយ្យលើកទីបួន ចាប់តាំងពីខែមិថុនាមក ហើយការជជែកដេញដោលលើកនេះនឹងរៀបចំឡើងតែមួយយប់ប៉ុណ្ណោះសម្រាប់បេក្ខជនទាំងអស់។ លោកស្រី Tulsi Gabbard សភាតំណាងរាស្រ្តមកពីរដ្ឋហាវៃ និងលោក Tom Steyer អតីតអ្នកវិនិយោគទុន និងជាសកម្មជនបរិស្ថាន នឹងចូលរួមជាមួយបេក្ខជនខាងគណបក្សប្រជាធិតេយ្យ ដែលបានចូលរួមនៅក្នុងការជជែកដេញដោលកាលពីខែកញ្ញាកន្លងទៅ។
ការជជែកដេញដោលនៅថ្ងៃអង្គារនេះ ទំនងជានឹងផ្តោតសំខាន់ទៅលើការស៊ើបអង្កេតចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump។
កាលពីសប្តាហ៍មុន អតីតអនុប្រធានាធិបតីលោក Joe Biden បានចូលរួមជាមួយនឹងក្រុមប្រជាធិបតេយ្យផ្សេងទៀត អំពាវនាវឲ្យមានការស៊ើបអង្កេតប្តឹងទម្លាក់លោក Trump ចេញពីតំណែងនៅអំឡុងពេលថ្លែងសន្ទរកថារបស់លោកនៅក្នុងទីក្រុង Rochester រដ្ឋ New Hampshire ។
លោក Biden បានថ្លែងថា «ទាំងពិភពលោក និងពលរដ្ឋអាមេរិកាំងយល់ថាលោក Trump បានធ្វើឲ្យខ្លួនលោកជាប់ទោសរួចទៅហើយ។ លោក Trump បានក្បត់ពាក្យសម្បថរបស់លោក ក្បត់ប្រទេសជាតិ និងប្រព្រឹត្តទង្វើខុសឆ្គង»។
សភាខាងគណបក្សប្រជាធិបតេយ្យបានចាប់ផ្តើមបើកការស៊ើបអង្កេតចោទប្រកាន់លោក Trump បន្ទាប់ពីអ្នកបញ្ចេញព័ត៌មានសម្ងាត់ម្នាក់បានដាក់ពាក្យបណ្តឹងអំពីការសន្ទនារតាមទូរស័ព្ទរវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ៕