លោក Trump ថ្លែង​អួត​អំពី​ការ​ដឹកនាំ​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​ប្រទេស​ជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាប្រចាំឆ្នាំលើកទី៣ នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​លើក​ទី ៣ របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អំពី​ស្ថានការណ៍​ប្រទេស​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​បាន​ថ្លែង​ទៅ​កាន់​សភា និង​ប្រទេស​ជាតិ​ថា រដ្ឋបាល​របស់​លោក​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក​នេះ «បាន​បំបែក​ផ្នត់​គំនិត​ដែល​ថា​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ» ហើយ​លោក​បាន​បញ្ជាក់​ថា «ជោគ​វាសនា​របស់​ពលរដ្ឋ​អាមេរិកាំង​មិន​មាន​ភាព​អាប់អួ​ទេ»។

នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ជិត​មួយ​ម៉ោង​កន្លះ​របស់​លោក Trump នេះ លោក​បាន​អួត​អំពី​ការ​ធ្វើ​ឲ្យ​អានុភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ខ្លាំង​ឡើង​វិញ ជោគជ័យ​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម ការ​កសាង​យោធា​ឡើង​វិញ និង​ការ​កាត់​បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ជាតិ​សាសន៍​ភាគ​តិច​ដទៃ​ទៀត។

សុន្ទរកថា​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ត្រៀម​បោះ​ឆ្នោត​សម្រេច​ចុង​ក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​សម្រេច​ថា​លោក Trump គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​បទ​ចោទ​រំលោភ​អំណាច និង​បទ​ចោទ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា ដែល​រដ្ឋសភា​បាន​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ពី​តំណែង។

លោក Trump ប្រកាស​ដូច្នេះ​ថា៖ «យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​ល្បឿន​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​គឺ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​យើង​នឹង​មិន​ត្រឡប់​ក្រោយ​វិញ​ជា​ដាច់​ខាត!»។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ប្រធានាធិបតី​ដែល​កំពុង​ត្រូវ​គេ​ជំនុំជម្រះ​ដើម្បី​ដក​ចេញ​ពី​តំណែង ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​ប្រទេស​ជាតិ​នៅ​ក្នុង​ឆ្នាំ​ដែល​លោក​កំពុង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​មួយ​អាណត្តិ​ទៀត។

ព្រឹត្តិការណ៍​ថ្លែង​សុន្ទរកថា​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ឈរ​ហែក​ច្បាប់​ចម្លង​នៃ​ឯកសារ​សុន្ទរកថា​ដ៏​វែង​របស់​លោក Trump ជា​បំណែក និង​ទម្លាក់​លើ​តុ​របស់​អ្នកស្រី​នៅ​លើ​វេទិកា៕