ក្រុមគាំទ្រជនអន្តោប្រវេសន៍បានធ្វើបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងគោលនយោបាយមិនអត់ឱនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីជនអន្តោប្រវេសន៍ខុសច្បាប់។
ពួកសកម្មជនក្រុមចម្រុះឆ្វេងនិយម រួមមានក្រុមដែលរៀបចំការដើរក្បួនរបស់ស្រ្តីដ៏ធំមួយកាលពី២ឆ្នាំមុន បានជួយសម្របសម្រួលបាតុកម្មជាង៦០០កន្លែងដែលពួកគេសង្ឃឹមថា នឹងទាក់ទាញមនុស្សរាប់សែននាក់នៅទូទាំងសហរដ្ឋអាមេរិក។
ពួកអ្នករៀបចំចាត់ចែងបាតុកម្មនិយាយថា ពួកគេបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាដែលជំទាស់ប្រឆាំងដល់គោលនយោបាយមុនៗនៃការបំបែកកូនពីឪពុកម្តាយរបស់រដ្ឋបាលប្រធានាធិបតីត្រាំ នៅឯព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ិច។ មាតាជាច្រើនដែលស្ថិតនៅផ្ទះបានរៀបចំការតវ៉ាប្រឆាំងកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Portland រដ្ឋ Oregon។
ការតវ៉ាប្រឆាំងបានធ្វើឡើងនៅក្នុងទីក្រុងធំៗដូចជារដ្ឋធានីវ៉ាស៊ីនតោន Los Angeles និងទីក្រុងញូយ៉ក និងសហគមន៍តូចៗនៅទូទាំងសហរដ្ឋអាមេរិក រួមមានតំបន់ភ្នំ Appalachia ភាគខាងកើតហើយនិងតំបន់កណ្តាលភាគខាងលិច។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្មេងស្រីអាយុ១២ឆ្នាំម្នាក់មានឈ្មោះថា Leah ដែលឪពុកម្តាយរបស់នាងជាជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដែលអាចប្រឈមការបញ្ជូនទៅកាន់ប្រទេសវិញបានអានសារប្រកបដោយការរំជួលចិត្តទៅកាន់កូនក្មេងអន្តោប្រវេសន៍ទាំងអស់។
នាងបានប្រាប់ហ្វូងមនុស្សដែលស្រែកហ៊ោថា «ខ្ញុំចង់ប្រាប់ក្មេងៗទាំងអស់នៅឯព្រំដែននិងនៅទូទាំងប្រទេសកុំឲ្យបោះបង់ចោលការប្រយុទ្ធដើម្បីក្រុមគ្រួសាររបស់ខ្លួន។យើងជាមនុស្សជាតិហើយសាកសមទទួលបានការស្រឡាញ់និងការថែទាំ»។
លោក Tracil Blackmon ដែលជាប៉ាស្ទ័រជាន់ខ្ពស់នៃវិហារគ្រិស្តសាសនា The King United Church of Christ ក្នុងក្រុង Florissant នៃរដ្ឋ Missouri បានប្រាប់ហ្វូងមនុស្សក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «យើងបានស្ថិតនៅក្នុងរបៀបនេះកាលពីមុន។ ហើយយើងមិនត្រូវបំភ្លេចទេ។ យើងជានិច្ចកាលត្រូវតែចងចាំថា ចំណាត់ការបែបនេះមិនមែនជាគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាពទេ។ វាជាមនោគមវិជ្ជានៃការពង្រាត់កូនចេញពីឪពុកម្តាយ»៕